COVID-19
ជាតិ
កូ​កា​-​កូ​ឡា បង្វែរ​ថវិកា​ផ្សាយពាណិជ្ជកម្ម មកជា​ជំនួយ​ចាំបាច់​ប្រឆាំង​កូ​វីដ​-១៩
30, Mar 2020 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​បង្វែរ​ថវិកា​២០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​គ្រោង​ប្រើ​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន មកលើ​ការទិញ​សម្ភារ​បង្ការ និង​ការពារ​ជំងឺ​វីដ​-១៩​វិញ ដើម្បី​ចូលរួមចំណែក​ជួយ​រដ្ឋាភិបាល​កម្ពុជា​។ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ដើម្បី​ផ្តល់​សម្ភារ​ចាំបាច់​ទាំងនោះ​ដល់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សាលា​រាជធានី​ភ្នំពេញ និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។​

 
​អាល់កុល សាប៊ូ ឧបករណ៍​វាស់​កម្តៅ ម៉ាស់ ឯកសណ្ឋាន​-​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ផ្ទាំង​សារ​អប់រំ​អំពី​ការបង្ការ​នៃ​វីរុស​កូ​វិដ​-១៩  ព្រមទាំង​ភេសជ្ជៈ ត្រូវបាន​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ផ្តល់ជូន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា សាលា​រាជធានី​ភ្នំពេញ និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ជា​បន្តបន្ទាប់​។​
 
​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា បានចាត់ទុក​សេចក្តីសម្រេច​របស់ខ្លួន​ថា ជាការ​ឆ្លើយតប​បន្ទាន់​មួយ​សម្រាប់​សហគមន៍​ដែល​កំពុង និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា ដូចជា​មន្ទីរពេទ្យ មណ្ឌល​សុខភាព តំបន់​ច​ត្តា​ឡី​ស័ក ជាដើម​។ 
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​កូ​កា​-​កូ​ឡា លោក ដេវីដ វ៉ី​ង​ហ្គ​ល់​វើដ ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា មានប្រសាសន៍ថា​៖ «​នេះ​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​យើងទាំងអស់គ្នា​។​យើង​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា យើង​នឹង​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាចជួយ​បាន ដើម្បី​ជួយ​សម្រាល​ដល់​ស្ថានភាព​នាពេលនេះ​»​។ លោកនាយក​ប្រតិបត្តិ​បន្ត​ពន្យល់ថា​៖«​អាទិភាព​ចម្បង​របស់​យើង​នាពេលនេះ  គឺ​រក្សា​សុវត្ថិភាព និង​សុខុមាលភាព​របស់​បុគ្គ​លិ​ក​យើង  ព្រមទាំង​សហគមន៍​របស់​យើង​ទាំងមូល​។  យើង​សង្ឃឹមថា ការបរិច្ចាគ​របស់​យើង​នឹងចូលរួម​ចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការពារ​សុខភាព​សាធារណៈ  និង​ចំពោះ​សហគមន៍​ដែល​ងាយ​រងគ្រោះ​»​។​


 
​កាលពី​ចុង​សប្តាហ៍​កន្លងទៅ សម្ភារ​ទាំងនេះ​ត្រូវបាន​នាំយកទៅ​ផ្តល់ជូន​សាលា​រាជធានី​ភ្នំពេញ​។ លោក ឃួ​ង ស្រេង អភិបាល​នៃ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ផ្តល់​តម្លៃ​ចំពោះ​ការចូលរួម​របស់​វិស័យ​ឯកជន​ចំពោះ​យុទ្ធនាការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖«​យើង​សូម​កោតសរសើរ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។  ការរួមចំណែក​របស់​ក្រុមហ៊ុន ពិតជា​ជួយ​ក្នុងការ​បង្កើន​ការប្រុងប្រយ័ត្ន​របស់​ប្រជាជន​ពី​ការឆ្លង​វីរុស​នេះ  និង​ព​ន្លឿ​ន​រាល់​គំនិត​ផ្តួចផ្តើម​នានា​ដើម្បី​ការពារ​សុខភាព​សាធារណៈ​នៅ​កម្ពុជា​»​។​


 
​សម្រាប់​លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ដោយ​បានទទួល​ជំនួយ​សប្បុរសធម៌​ពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ដែរនោះ បាន​អត្ថាធិប្បាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​ថា ការគ្រប់គ្រង និង​ការរារាំង​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​កាតព្វកិច្ច​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប​ផងដែរ​។ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា យល់ឃើញថា វិភាគទាន​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា គឺជា​ទង្វើ​ដ៏​ប្រពៃ​ដែល​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​របស់​វិស័យ​ឯកជន​ក្នុង​ចលនា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល ក្នុងនោះ​បុគ្គលិក​សុខាភិបាល​គ្រប់​កម្រិត ដោយមាន​ការចូលរួម​ចំណែក​ពី​វិស័យ​ឯកជន ជាពិសេស​ការយល់ដឹង​ពី​អនាម័យ និង​ការការពារ​ខ្លួន​ពី​ប្រជាជន​គ្រប់រូប នឹងធ្វើ​ឲ្យ​កម្ពុជា​អាច​ទប់ស្កាត់បាន​ជោគជ័យ​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។  យើង​មិនអាច​ពន្យារពេល​បានទេ ខ្ញុំ​ច្បាស់​ណាស់​ថា រួបរួមគ្នា យើង​នឹង​ជោគជ័យ​។​»​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់សេចក្តី​ប្រ​ព័ត៌មាន​រួម​ដដែល បន្ថែម​ពី​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល និង​ដៃគូ​សហការ​ទាំងនេះ  ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា ក្រុមហ៊ុន​កំពុង​ត្រៀម​សកម្មភាព​ផ្សេងៗ​ទៀត​ជាមួយ​ដៃគូ​ពាក់ព័ន្ធ  ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជាមួយ​វីរុស​រាល​ត្បា​ត​មួយ​នេះ  «​រួមគ្នា​ដើម្បី​សុខភាព​សាធារណៈ រួមគ្នា​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច​»៕








© រក្សាសិទ្ធិដោយ thmeythmey.com