រថយន្ត
អន្តរជាតិ
Ola និង Uber ផ្អាកសេវាកម្មនៅក្រុងញូវដេលី ក្រោយរដ្ឋាភិបាលហាមពលរដ្ឋចេញពីផ្ទះ
× ក្រុមហ៊ុនសេវាតាក់ស៊ី Ola និង Uber បានសម្រេចផ្អាកប្រតិបត្តិការរបស់ខ្លួនបណ្តោះអាសន្ន ក្រោយលោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី កាលពីថ្ងៃទី២៤ ខែមីនា បានប្រកាសបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ករណីឆ្លង និងការរីកសាយភាយ COVID-19។ នេះបើតាមការផ្សាយរបស់ ETAuto។
តាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ការប្រកាសបិទនេះ គឺធ្វើឡើង ដើម្បីការពារប្រជាជនឥណ្ឌាទាំងអស់ពីការឆ្លង COVID-19។ ទាំងសាលារៀន ផ្លូវ សង្កាត់ មធ្យោបាយដឹកជញ្ជូន ជំនួញ គឺត្រូវបិទទាំងអស់។
អ្នកនាំពាក្យម្នាក់របស់ Uber បានអះអាងថា ក្រុមហ៊ុនគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក្នុងការទប់ស្កាត់ការរាលដាល COVID-19 ជាពិសេសតាមរយៈសេវាកម្មដឹកជញ្ជូន។
រីឯអ្នកនាំពាក្យ Ola វិញ បានបញ្ជាក់ថា ទោះបីជាក្រុមហ៊ុនមិនមានប្រតិបត្តិការដឹកជញ្ជូនក៏ដោយ ប៉ុន្តែក្រុមហ៊ុនត្រៀមខ្លួនឆ្លើយតបគ្រប់បែបយ៉ាងលើតម្រូវការបណ្តាញយានយន្តនៅតាមបណ្តាក្រុងនានាក្នុងប្រទេសឥណ្ឌា ដើម្បីរួមចំណែកជួយជាតិក្នុងការប្រយុទ្ធប្រឆាំង COVID-19។
នៅតាមបណ្តារដ្ឋផ្សេងទៀត បើទោះបីជាក្រុមហ៊ុនទាំងពីរ មិនបានប្រកាសព្យូរប្រតិបត្តិការក៏ដោយ ប៉ុន្តែសេវាកម្មក៏ត្រូវផ្អាកបណ្តោះអាសន្នផងដែរ ដោយពលរដ្ឋឥណ្ឌាសរុបប្រមាណ១ពាន់បីរយលាននាក់ ត្រូវបានតម្រូវឲ្យនៅផ្ទះ២១ថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏មានការលើកលែងផងដែរចំពោះតម្រូវការចាំបាច់ និងបន្ទាន់មួយចំនួន ដែលពលរដ្ឋអាចប្រើប្រាស់សេវាកម្មដឹកជញ្ជូន ជាពិសេសសេវាកម្មដែលពាក់ព័ន្ធសុខាភិបាល ម្ហូបអាហារ ទឹក ថាមពល។ ជាមួយគ្នានេះ រដ្ឋបន្តដំណើររថយន្តក្រុងចំនួន២៥ភាគរយសម្រាប់ដឹកពលរដ្ឋដែលមានតម្រូវការសំខាន់ៗដូចខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com