រថយន្ត
អន្តរជាតិ
លោកត្រាំ ណែនាំឲ្យក្រុមហ៊ុនយានយន្ត GM ផលិតឧបករណ៍ជំនួយផ្លូវដង្ហើម
× លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីពេលថ្មីកន្លងមកនេះ បានណែនាំដល់ក្រុមហ៊ុនយានយន្ត General Motors ឲ្យផលិត និងបំពាក់ឧបករណ៍ជំនួយផ្លូវដង្ហើម (Ventilator) ក្រោមច្បាប់ផលិតកម្មការពារជាតិ។
កាលពីសម័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០ រដ្ឋាភិបាលអាចបង្ខំឲ្យបណ្តាក្រុមហ៊ុននានាផលិតឧបករណ៍ពេទ្យផ្សេងៗ ដែលអាចផ្គត់ផ្គង់រយៈពេលខ្លីដើម្បីទប់ស្កាត់ការរាលដាលមេរោគ។ ក្រោយការរិះគន់ លោកត្រាំ ក៏បានរិះគន់ក្រុមហ៊ុន GM ដែលមិនមានសកម្មភាពឆាប់រហ័សឆ្លើយនឹងការរាលដាលកូវីដ-១៩។
បើតាមការផ្សាយរបស់ CNBC បទបញ្ជានេះ ក៏មិនមានឥទ្ធិពលខ្លាំងនោះដែរ ដោយសារតែ GM មានគម្រោងខ្លួនឯងរួចទៅហើយលើការផលិតឧបករណ៍ជំនួយផ្លូវដង្ហើមក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Ventec Life Systems។
លោក Jim Cain អ្នកនាំពាក្យក្រុមហ៊ុន GM បានអះអាងថា៖ «បទបញ្ជានេះ មិនបានផ្លាស់ប្តូរសេចក្តីប្រកាសរបស់ក្រុមហ៊ុនកន្លងមកនោះទេ។ ក្រុមហ៊ុនរបស់យើងរំពឹងទទួលបាននូវការបញ្ជាទិញឧបករណ៍យ៉ាងលឿនបំផុតនាខែបន្ទាប់»។
ក្នុងសេចក្តីថ្លែងការណ៍មួយពីសេតវិមាន លោក ត្រាំ បាននិយាយថា សកម្មភាពរបស់រដ្ឋាភិបាល នឹងជួយធានាដល់ការផលិតយ៉ាងឆាប់រហ័សនូវឧបករណ៍ជំនួយផ្លូវដង្ហើម ដែលសង្គ្រោះជីវិតពលរដ្ឋអាមេរិក។
ក្រៅពី ក្រុមហ៊ុន GM ក្រុមហ៊ុន Ford Motor និង Tesla ក៏បានទទួលបទបញ្ជានៅក្នុងការផលិតឲ្យបានឆាប់នូវឧបករណ៍ជួយផ្លូវដង្ហើម និងផលិតផលធ្វើពីលោហៈផ្សេងទៀត ដែលត្រូវការចាំបាច់នៅក្នុងការព្យាបាលពលរដ្ឋអាមេរិកដែលឆ្លង COVID-19។
«រឿងរ៉ាវល្អនានាបានកើតឡើង។ យើងទទួលបានការហៅទូរសព្ទពីក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្សេងទៀតដែលនិយាយថា ពួកគេមានសមត្ថភាព ហើយពួកគេចង់ផលិតឧបករណ៍ជួយផ្លូវដង្ហើម និងឧករណ៍ផ្សេងទៀត។ ក្រុមហ៊ុនទាំងនេះចង់ធ្វើការ និងជួយប្រទេសរបស់យើង»។ នេះបើតាមសំដីរបស់លោកប្រធានាធិបតីអាមេរិក ដែលដកស្រង់ដោយ VOA៕
© រក្សាសិទ្ធិដោយ thmeythmey.com