COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
បេឡា​រុស បន្ត​ប្រកួត​លី​គ​ដោយ​មិន​ខ្លាច COVID-19
30, Mar 2020 , 4:36 pm        
រូបភាព
​ស្របពេល​លី​គ​បាល់ទាត់​លើ​ពិភពលោក រួមទាំង​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី​សុទ្ធតែ​ត្រូវបាន​ផ្អាក​ដោយសារ​ការ​រាតត្បាត​នៃ COVID-19 ប៉ុន្តែ Premier League របស់​បេឡា​រុស​នៅតែ​បន្ត​ការប្រកួត​ដដែល​។​


 
​ក្របខណ្ឌ​លី​គ​កំពូល​បេឡា​រុស Premier League ដែល​គេ​មិនសូវ​ស្គាល់​បើ​ទោះ​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប បែរជា​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​អំឡុង​មាន​វិបត្តិ​កូ​វីដ​-១៩​។ ក្នុងចំណោម​លី​គ​នៅ​អឺរ៉ុប​ជាច្រើន បេ​ឡ​រុស​ជា​ប្រទេស​តែមួយគត់​ដែល​ដំណើរ​ការប្រកួត​លី​គ​កីឡាបាល់ទាត់​របស់ខ្លួន​។​
 
​នា​ជំនួប​សប្តាហ៍​ទី​២ ពោល​ក្នុង​ចន្លោះ​ថ្ងៃទី​២៨ និង​២៩ ខែមីនា លី​គ​កំពូល​បេឡា​រុស​បាន​ដំណើរ​ការប្រកួត​ទាំង​៨​គូ ក្នុងនោះ​ជំនួប Derby រវាង​ក្រុម FC Minsk ទល់នឹង Dinamo Minsk មាន​អ្នកចូលរួម​ទស្សនា​ម​ដល់​ទៅ ៣,០០០ នាក់​។​
 
«​ការប្រកួត​ពិតជា​បានកើត​ឡើង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល ហើយ​នេះ​ជាការ​ប្រកួត​បាល់ទាត់​ផ្លូវការ​តែមួយគត់​លើ​លោក​»​។ ក្លិប Dinamo Minsk ប្រកាស​ខ្លួនឯង​បែបនេះ បន្ទាប់ពី​ចាញ់ FC Minsk ក្នុង​លទ្ធផល ៣-២​។ 
 
​នៅ​បេឡា​រុស មាន​ករណី​ឆ្លង COVID-19 ជាង​៩០​ករណី​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា​នេះ ហើយក៏​មិនទាន់មាន​អ្នកស្លាប់​ដែរ ខណៈ​អ្នកជា​សះស្បើយ​មាន​ជាង​៣០​ករណី​។​
 
​ខណៈ​បណ្តា​ប្រទេស​អឺរ៉ុប​ភាគច្រើន​កំពុងមាន​វិបត្តិ​ធ្ងន់ធ្ងរ រហូត​បង្ខំចិត្ត​បិទ​ព្រំដែន​និង​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះ ផ្ទុយទៅវិញ​ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko មិនមាន​ការព្រួយបារម្ភ​អ្វី​ទេ និង​ថែមទាំង​បានស្នើ​ឲ្យ​ពលរដ្ឋ​ផឹក Vodka ដែលជា​ប្រភេទ​ស្រា​មាន​ជាតិ​អាល់កុល​ខ្ពស់ ដើម្បី​ប្រឆាំងនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។​
 
​អ្នកនាំពាក្យ​សហព័ន្ធ​កីឡាបាល់ទាត់​បេឡា​រុស (BFF) លោក Aleksandr Aleinik លើកឡើងថា​ការប្រុងប្រយ័ត្ន​ពី​ការឆ្លង COVID-19 នៅតែ​ត្រូវ​បង្កើន​ខ្បស់ ដើម្បី​អនុញ្ញាត​ឲ្យ​ការប្រកួត​បន្ត​ទៅមុខទៀត​ប្រកបដោយ​សុវត្ថិភាព​។​
 
​ឆ្លងកាត់​ការប្រកួត​ពីរលើក​ក្នុង​ក្របខណ្ឌ​បេឡា​រុស Premier League ក្រុម FC Minsk ឈរ​កំពូល​តារាង​ដោយ​ឈ្នះ​ទាំងពីរ​ប្រកួត តាម​ពីក្រោយ​ដោយ FC Bgu Minsk, Isloch និង Torpedo Zhodino ដែលមាន​៦​ពិន្ទុ​ពេញ​ដូចគ្នា​៕

Tag:
 COVID-19
  បេឡា​រុស
© រក្សាសិទ្ធិដោយ thmeythmey.com