COVID-19
អន្តរជាតិ
ម្ចាស់​នាវា Zaandam ដែល​តែលតោល​លើ​សមុទ្រ ស្វែងរក​កំពង់ផែ​ចូល​ចត​
30, Mar 2020 , 5:13 pm        
រូបភាព
ដោយ:
​អ្នកដំណើរ​លើ​នាវា​ទេសចរណ៍​រងគ្រោះ​ដោយសារ COVID-19 ហើយ​កំពុង​អណ្តែត​តែ​លតា​ល​នៅ​ដែនទឹក​ប៉ា​ណា​ម៉ា  ត្រូវបាន​ជូនដំណឹង ថា ក្រុមហ៊ុន​កំពុង​ស្វែងរក​កំពង់ផែ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ចត​ដាក់​មនុស្ស​ចុះ​។ កាលពី​ចុង​សប្តាហ៍​នេះ ក្រុមហ៊ុន បញ្ជាក់ថា មនុស្ស​៤​នាក់​បាន​ស្លាប់​លើ​នាវា ហើយ​២​នាក់​ឆ្លង COVID-19​។​


 
​តាមរយៈ​សារ​ជា​វីដេអូ នៅ​ថ្ងៃទី​២៩ ខែមីនា ប្រធាន​ក្រុមហ៊ុន Holland America Line លោក Orlando Ashford បាន​ជូនដំណឹង​ដល់​ភ្ញៀវ​លើ​នាវា​ទេសចរណ៍​លោក​ថា ក្រុមហ៊ុន​នៅតែ​ព្យាយាម​រក​កំពង់ផែ​ដែល​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ចាកចេញ​ពី​នាវា Zaandam ដែលមាន​មនុស្ស​៤​នាក់​ស្លាប់​លើ​នាវា​នេះ​។ លោក សង្កត់ធ្ងន់ថា ស្ថានភាព​បច្ចុប្បន្ន គឺមាន​ការលំបាក​និង​ពុំ​ធ្លាប់​កើតមាន​ពីមុនមក​ឡើយ​។ 
 
​ការលើកឡើង​របស់លោក Ashford ធ្វើឡើង​ក្រោយពី​អភិបាល​ទីក្រុង Fort Lauderdale ដែលជា​ទិសដៅ​នាវា​នេះ​គ្រោង​ឆ្ពោះទៅកាន់ បាន​បញ្ជាក់ថា ទីក្រុង​នៅ​រដ្ឋ Florida នេះ ពុំ​អាច​ប្រឈម​ហានិភ័យ​ដោយ​ការទទួលយក​អ្នកដំណើរ​លើ​នាវា​នេះឡើយ​។ 
 
​អ្នកដំណើរ​អាមេរិក​ម្នា​ក់​ដែល​នៅលើ​នាវា​ទេសចរណ៍ Zaandam ឈ្មោះថា Laura Gabaroni បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដូច្នេះ​ថា​៖«​អ្វីដែល​យើង​ត្រូវការ​ពេលនេះ គឺ​ទីកន្លែង​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ចូល​ចត ដូច្នេះ​អ្នក​ឈឺ អាច​ទទួល​ការព្យាបាល និង​អ្នកមាន​សុខភាព​ល្អ អាច​ត្រលប់​ទៅផ្ទះ​វិញ​»​។ ត្រង់នេះ Gabaroni បាន​ស្រែក​ដង្ហោយ​ការជួយ​។ 
 
​នាវា​ទេសចរណ៍​អាមេរិក Zaandam ដែលមាន​ផ្ទុក​មនុស្ស​១៨០០​នាក់ កំពុងស្ថិត​ក្នុង​ដែនទឹក​របស់​ប្រទេស ប៉ា​ណា​ម៉ា បន្ទាប់ពី​ប្រទេសមួយ​ចំនួន​បដិសេធ​ឲ្យ​ចូល​សំចត ដោយ​បារម្ភ COVID-19 ។ បើតាម​សេចក្តីថ្លែងការណ៍ ក្រុមហ៊ុន​អាមេរិក Holland American Line មនុស្ស​២​នាក់​លើ​នាវា​នេះ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19 ។ 
 
​នាវា​ទេសចរណ៍ Zaandam បាន​ចាក​ចេញពី​រដ្ឋធានី Buenos Aires របស់​អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃទី​៧ ខែមីនា ហើយ​គ្រោង​ធ្វើដំណើរ​ទៅដល់​កំពង់ផែ San Antonio ប្រទេស ស៊ី​លី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ។ យ៉ាងណាមិញ ចាប់ពី​ចូល​សំចត​នៅ​ផែ​ក្រុង Punta Arenas ក្នុងប្រទេស ស៊ី​លី កាលពី​ថ្ងៃ​១៤ មក នាវា​ទេសចរណ៍​នេះ ត្រូវបាន​បដិសេធ​ចូល​ចត​ដោយ​កំពង់ផែ​មួយចំនួន ក្រោយ​រាយការណ៍​ថា មនុស្ស​៤២​នាក់​លើ​នាវា​នោះ មាន​ចេញ​រោគសញ្ញា​ផ្លូវដង្ហើម​។​
 
​បន្ទាប់មក នាវា​នេះ បាន​ព្យាយាម​ធ្វើដំណើរ​ឆ្ពោះទៅកាន់​រដ្ឋ Florida សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​ដើម្បី​ទៅដល់​ទីនោះ នាវា​នេះ ត្រូវ​បើក​ឆ្លងកាត់​ព្រែកជីក​ប៉ា​ណា​ម៉ា​។ នៅ​ថ្ងៃ​សុក្រ ២៧ ខែមីនា អាជ្ញាធរ​ប្រទេស​ប៉ា​ណា​ម៉ា បាន​បដិសេធ​ការឆ្លងកាត់​របស់​នាវា​នេះ​តាម​ផ្លូវទឹក​ខ្លួន​។​
 
​ខណៈ​ជាប់គាំង​នៅ​ដែនទឹក​ប៉ា​ណា​ម៉ា ក្រុមហ៊ុន​អាមេរិក Holland American បានសម្រេច​បញ្ជូន​នាវា​មួយគ្រឿង​ទៀត ឈ្មោះថា Rotterdam ដែល​ដឹក​សម្ភារ​ធ្វើតេស្ត COVID-19 និង​បុគ្គលិក​សង្គ្រោះ​ទៅ​ជួយ​នាវា Zaandam ។  តាម AFP ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា ភ្ញៀវ ៥២ និង​បុគ្គលិក​បម្រើ​លើ​នាវា ៨៥​នាក់ ដែល​នៅលើ​នាវា Zaandam បាន​រាយការណ៍​ថា មាន​ចេញ​រោគសញ្ញា​ផ្លូវដង្ហើម​៕

Tag:
 សហរដ្ឋអាមេរិក​
  ប៉ា​ណា​ម៉ា​
  Holland America Line
  Zaandam
© រក្សាសិទ្ធិដោយ thmeythmey.com