គិតត្រឹមថ្ងៃទី៣០ ខែមីនា កូរ៉េខាងត្បូងមានករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) ចំនួនជាង ៩៦០០ករណី អ្នកស្លាប់ ១៥៨ករណី និងអ្នកជាសះស្បើយ៥២២៨ករណី។ នេះបើតាមតួលេខរបស់អង្គការសុខភាពពិភពលោក។ ចំនួននេះ គឺតិចជាងអ៊ីតាលី អេស្ប៉ាញ អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ដែលរកឃើញCOVID-19 ក្នុងអំឡុងពេលដូចគ្នា ឬក្រោយកូរ៉េខាងត្បូង។ អាមេរិក គឺជាប្រទេសមានតួលេខសរុប COVID-19 ច្រើនជាងគេ ពោលគឺមានជាង ១២ម៉ឺនករណី ចំណែកអ៊ីតាលីមានចំនួនលើសពី ៩ម៉ឺនករណី និងចិនឈរនៅលំដាប់ទី៣ មានជាង ៨ម៉ឺនករណី។ កូរ៉េខាងត្បូង ឈរនៅលំដាប់ទី១២ ដែលមានករណីអ្នកផ្ទុកកូរ៉ូណាវីរុសច្រើនជាងគេ។
តើហេតុអ្វីបានជាកូរ៉េខាងត្បូងអាចទប់ស្កាត់ COVID-19 ល្អជាង អាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន?
ចាប់តាំងពីរកឃើញCOVID-19 ក្នុងខែធ្នូ ឆ្នាំ២០១៩ ក្នុងក្រុងវូហាន ប្រទេសចិន ជំងឺឆ្លងថ្មី ដែលបង្កដោយកូរ៉ូណាវីរុស បានចាប់ផ្តើមរីកសាយភាយបន្តិចម្តងៗ ទៅប្រទេសជាច្រើន ដោយចាប់ផ្តើមពីប្រទេសជុំវិញចិនដូចជា កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជាថៃ ម៉ាឡេស៊ី សិង្ហបុរីជាដើម។ មិនយូរប៉ុន្មាន COVID-19 បានរីកសាយភាយដល់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងពិភពលោកទាំងមូល។
បើធៀបជាមួយបណ្តាប្រទេសមួយចំនួន ដូចជាអ៊ីតាលី អង់គ្លេស អាមេរិក ដែលបានរកឃើញ COVID-19 កូរ៉េខាងត្បូង គឺជាប្រទេសមួយដែលមានវិធានការទប់ស្កាត់ជំងឺឆ្លងថ្មីមួយនេះ មានប្រសិទ្ធភាពជាងគេ។ នាថ្ងៃទី២០ ខែមករា កូរ៉េខាងត្បូង បានរកឃើញករណីអ្នកផ្ទុកកូរ៉ូណាវីរុសដំបូងគេបំផុតនៅក្នុងប្រទេស ហើយតួលេខនៃអ្នកជំងឺ COVID-19 បានឡើងយ៉ាងគំហុកនៅប៉ុន្មានថ្ងៃបន្ទាប់ ហើយភាគច្រើននៃករណីឆ្លងនោះ គឺមានទាក់ទងនឹងព្រះវិហារសាសនា។ យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ កូរ៉េខាងត្បូងមានករណី COVID-19 សរុបត្រឹមតែជាង ៩ពាន់ប៉ុណ្ណោះ។
ផ្ទុយពីកូរ៉េខាងត្បូង នៅបណ្តាប្រទេសប៉ែកអឺរ៉ុប ដូចជាអ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ ឬអាមេរិកជាដើម គឺបានកើនឡើងរហូតដល់រាប់ម៉ឺនឯណោះ។ តួយ៉ាងដូចជាអាមេរិក មានជាង១២ម៉ឺនករណី អ៊ីតាលីមានជិត ១០ម៉ឺនករណី អេស្ប៉ាញមាន ៨ម៉ឺនករណី នេះបើធៀបរយៈពេលដូចគ្នានឹងកូរ៉េខាងត្បូង។ ការណ៍នេះ អាចបញ្ជាក់បានថា វិធានការទប់ស្កាត់COVID-19 របស់កូរ៉េខាងត្បូង គឺមានប្រសិទ្ធភាពជាងប្រទេសប៉ែកអឺរ៉ុប និងអាមេរិក។
រូបភាព៖ ក្រុមអ្នកជំនាញ ដើរបាញ់ថ្នាំសម្លាប់វីរុសនៅក្នុងក្រុង Daegu (AFP)
ជាការពិត កូរ៉េខាងត្បូង បានតាក់តែងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19 ។
ការធ្វើតេស្តរកវីរុសឲ្យលឿនបំផុត
ជាវិធានការដំបូងក្នុងការទប់ស្កាត់COVID-19 នៅក្នុងប្រទេស កូរ៉េខាងត្បូងបានអភិវឌ្ឍការធ្វើតេស្តរកវីរុសឲ្យបានលឿនបំផុត តាមរយៈវិទ្យាស្ថានវេជ្ជសាស្ត្រជាច្រើន។ បើទោះបីជាមិនទាន់ធ្ងន់ធ្ងរមែន ការអភិវឌ្ឍវិធីសាស្ត្រធ្វើតេស្តនេះ គឺសំខាន់ណាស់ទប់ស្កាត់ ការរីកសាយភាយកូរ៉ូណាវីរុស។ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានBBC នាថ្ងៃទី១៥ ខែមីនា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានបញ្ជាក់ថា មេរៀនសំខាន់របស់កូរ៉េខាងត្បូង ក្នុងការទប់ស្កាត់កូរ៉ូណាវីរុស គឺការអភិវឌ្ឍឧបករណ៍ធ្វើតេស្តល្អ និងឆាប់រហ័សបំផុត មុនពេលជំងឺឆ្លងរីកធំឡើងនៅក្នុងប្រទេស។
បើតាមការអះអាងរបស់លោកស្រីរដ្ឋមន្ត្រី នាពាក់កណ្តាលខែមករា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានពិភាក្សាជាមួយវិទ្យាស្ថានស្រាវជ្រាវ ជុំវិញបញ្ហាអភិវឌ្ឍឧបករណ៍ធ្វើតេស្តនេះ។ ដំណាក់កាលបន្ទាប់គឺឲ្យក្រុមហ៊ុនវេជ្ជសាស្ត្រផលិតឧបករណ៍ធ្វើតេស្ត (Reagent Chemical)។ នៅពេលក្រុង Daegu មានករណីផ្ទុះ COVID-19 តាមរយៈព្រះវិហារសាសនានោះ អាជ្ញាធរសុខាភិបាល បានត្រៀនឧបករណ៍ធ្វើតេស្តទាំងនេះ និងបានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសជាច្រើនករណី។
ការធ្វើតេស្តជនសង្ស័យ និងការដាក់ដាច់ដោយឡែក
បន្ទាប់ពីការអភិវឌ្ឍឧបករណ៍ធ្វើតេស្ត កូរ៉េខាងត្បូងចាប់ផ្តើមស្វែងរកអ្នក ដែលធ្លាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ ការធ្វើតេស្តលើជនសង្ស័យ និងការដាក់ចត្តាឡីស័កជនសង្ស័យ។ តាមរយៈចំណាត់ការរបស់កូរ៉េខាងត្បូងកន្លងមក អាជ្ញាធរបានធ្វើតេស្តលើជនសង្ស័យ ដែលមានផ្ទុកCOVID-19 ជាច្រើននាក់ ពោលច្រើនជាង ២៧ម៉ឺននាក់ ដើម្បីប្រាកដថាអ្នកទាំងនោះ មិនមានផ្ទុកCOVID-19។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Foreign Policy មនុស្សប្រមានជា ២ម៉ឺននាក់ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងធ្វើតេស្តក្នុងមួយថ្ងៃ ដោយមានទីតាំងសម្រាប់ធ្វើតេស្តរហូតដល់ជាង ៦០០ទីតាំង នៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ការណ៍នេះ ត្រូវបានគេហៅថា ការធ្វើតេស្តទ្រង់ទ្រាយធំ(Mass Testing)។
រូបភាព៖ ក្រុមវេជ្ជសាស្ត្រ ធ្វើតេស្តអ្នកបើកបររថយន្ត ដើម្បីរកមើល COVID-19។ រូបភាព Sky News
បទពិសោធពីអតីតកាល
ពិតមែនទៅ នេះមិនមែនជាលើកទីមួយទេ ដែលកូរ៉េខាងត្បូងធ្លាប់ឆ្លងកាត់ជំងឺឆ្លង។ កាលពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៣ កូរ៉េខាងត្បូង ក៏បានប្រឈមជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ SARS ផងដែរ ហើយវីរុសនៃជំងឺSARSនេះ ក៏ជាអម្បូរនៃកូរ៉ូណាវីរុសផងដែរ។ ការណ៍នេះហើយ ដែលអាចឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ដូចជាអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានត្រៀមខ្លួនទុកជាមុន និងដឹងពីវិធីបង្ការទុកជាមុន ដែលខុសពីប្រទេសដទៃ។
បច្ចេកវិទ្យាប្រាប់ដំណឹងដល់ប្រជាជន
ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យជៀសវាងពីករណីឆ្លង និងដឹងពីទីតាំងឆ្លងCOVID-19 រដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្កកម្មវិធី កូរ៉ូណាចម្ងាយ ១០០ម៉ែត្រ (Corona 100m app)។ តាមរយៈកម្មវិធីនេះ ប្រសិនប្រជាជនស្ថិតនៅចម្ងាយ១០០ម៉ែត្រ ឬតិចជាងនេះ ពីទីតាំងកើតមានCOVID-19 កម្មវិធីកូរ៉ូណា១០០ម៉ែត្រ នឹងជូនដំណឹងប្រាប់ភ្លាម ដោយមិនចាំបាច់ឲ្យមនុស្សចូលទៅស្វែងរកប្រវត្តិនៃការធ្វើដំណើររបស់អ្នកជំងឺទៅទីតាំងណា។
ចំណែកកម្មវិធីមួយទៀត គឺវេបសាយ Coronamap ដែលអនុញ្ញាតឲ្យមនុស្សចូលមើល ដើម្បីដឹងថាតើអ្នកជំងឺ COVID-19 ធ្លាប់ធ្វើដំណើរទៅទីតាំងណាខ្លះក្នុងកូរ៉េខាងត្បូង និងបង្ហាញពីទីតាំងកំពុងផ្ទុកកូរ៉ូណាវីរុសនៅកូរ៉េខាងត្បូង។ តាមរយៈកម្មវិធីទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋកូរ៉េប្រើប្រាស់យ៉ាងច្រើន ដើម្បីបង្ការករណីឆ្លងថ្មីនេះ។
រូបភាព៖ កម្មវិធីកូរ៉ូណា ១០០ម៉ែត្រ។ រូបភាព៖ Google Play
សូមបញ្ជាក់ថា វិធានការខាងលើនេះ គឺមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ COVID-19 នៅកូរ៉េខាងត្បូង ដោយមិនមានវិធានការបិទក្រុង ឬរឹតត្បិតលើការធ្វើដំណើរអ្វីខ្លាំងដូចប្រទេសមួយចំនួនឡើយ។ ចំណាត់ការបែបនេះ ត្រូវបានអ្នកជំនាញ និងអង្គការអន្តរជាតិសរសើរថា វិធានការកូរ៉េខាងត្បូង គឺល្អ ហើយបណ្តាប្រទេសលើពិភពលោកគួរតែយកគំរូតាម។ បើតាមលោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថា ប្រទេសទាំងអស់នៅលើពិភពលោក គួរតែយកមេរៀនពីកូរ៉េខាងត្បូង យកមកអនុវត្ត ដើម្បីទប់ស្កាត់ការរាតត្បាតពី COVID-19។
យ៉ាងណាក៏ដោយ ចំណាត់ការរបស់កូរ៉េខាងត្បូង គឺត្រូវប្រើធនធាន និងថវិការអស់ច្រើន ប៉ុន្តែមានប្រសិទ្ធភាព។ ដោយមានឃើញថាវាជាវិធានការល្អ មានប្រទេសមួយចំនួន បានយកគំរូតាម។ តួយ៉ាងដូចជា ហុងកុង និងសិង្ហបុរីជាដើម ហើយពេលនេះមានអាល្លឺម៉ង់ និងអាមេរិក ក៏បានប្រើវិធីសាស្ត្រធ្វើតេស្តទ្រង់ទ្រាយធំតាមកូរ៉េខាងត្បូងដែរ៕