COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌូណេស៊ី អាច​នឹង​បិទ​រដ្ឋធានី​ហ្សា​ការ​តា​
30, Mar 2020 , 10:19 pm        
រូបភាព
ដោយ:
​ឥណ្ឌូណេស៊ី​អាច​នឹង​ចាត់វិធានការ​បិទ រដ្ឋធានី​ហ្សា​ការ​តា និង​តំបន់​ជុំវិញ ដែលមាន​ប្រជាជន​៣០​លាន​នាក់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ការឆ្លង​នៃ​ជំងឺ COVID-19 ដែល​បានសម្លាប់​ប្រជាជន​ច្រើនជាង​១០០​នាក់ នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ទី​៤​លើ​លោក​មួយ​នេះ​។​

 
​សារ​ព័​ត៍​មាន The Jakarta Post បាន​ឲ្យ​ដឹងថា​នគរបាល និង​មន្ត្រី​ដឹកជញ្ជូន​បាន​សាកល្បង​កំណត់​ការធ្វើដំណើរ​របស់​ប្រជាជន​នៅ​កណ្តាល​ទីក្រុង​ហ្សា​ការ​តា កាលពី​ចុង​សប្តាហ៍​នេះ​។ លោក Ridwan Kamil អភិបាលខេត្ត​ជ្វា​ខាងលិច បាន​និយាយថា ការសម្រេចចិត្ត​បិទ​រដ្ឋធានី ក៏​រួម​ប​ញ្ជូ​ល​នូវ​តំបន់​ឯទៀត​នៅ​ខេត្ត​ដទៃ​ដែល​នៅជាប់​នឹង​រដ្ឋធានី​ហ្ស​ការ​តា ដែលមាន​ចំនួន​អ្នក​ឆ្លង​ច្រើន​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ផែនការ​ក្នុង​រៀបចំ​បិទ​ទីក្រុង​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​កើនឡើង​នូវ​ចំនួន​អ្នក​ឆ្លង​។ ជាក់ស្តែង​ចំនួន​អ្នក​ឆ្លង​នៅ​រដ្ឋធានី​ហ្សា​ការ​តា មាន​ចំនួន​ដល់ ៦៧៥​នាក់ ដែល​ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​ទាំងមូល​។​ការបិទ​រដ្ឋធានី នឹង​ផ្តល់​អំណាច​ឲ្យ​អា​ជ្ងា​ធរ​បញ្ឈប់​ការធ្វើដំណើរ​របស់​ប្រជាជន​ពី​រដ្ឋធានី​ហ្សា​ការ​តា ទៅកាន់​ស្រុកកំណើត ឫ​ភូមិ​របស់​ពួកគេ​វិញ ឫ​នៅពេល​ប្រជាជាតិ​មូស្លីម​មួយ​នេះ​ប្រារព្ធ​ពិធីបុណ្យ​តម​អាហារ រ៉ា​មា​ដន នៅ​ចុងខែ​ឧសភា​។ 
 
​ការវិលត្រឡប់​របស់​ប្រជាជន​ក្នុង​ចំនួន​ច្រើន​ពី​រដ្ឋធានី​ហ្សា​ការ​តា ដែលជា​តំបន់​ជំងឺឆ្លង ទៅកាន់​ផ្ទះសម្បែង​របស់គេ​វិញ នាំ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​នៅក្នុង​ការទប់ស្កាត់​ការឆ្លង​នៃ​វីរុស នេះ​ជា​សេចក្តី​ថ្លែង​ការ​របស់លោក Kamil កាលពី​ថ្ងៃអាទិត្យ​។ 
 
​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មានការ​បារម្ភ​ថា​នឹងមាន​ការឆ្លង​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្តងទៀត ខណៈ​អា​ជ្ងា​ធរ​កំពុង​ព​ន្លឿ​ន​ការធ្វើ​តេស្ត​អ្នក​ដែល​សង្ស័យថា​ឆ្លង​ជំងឺ​។ កាលពី​ថ្ងៃ ១៩​មីនា អា​ជ្ងា​ធរ​ឥណ្ឌូណេស៊ី​បានដាក់​រដ្ឋធានី​ហ្សា​ការ​តា​ក្នុងស្ថានភាព​អាសន្ន និង​បាន​សុំ​ឲ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ ចំណែកឯ​ពាណិជ្ជកម្ម​វិញ​អាច​បន្ត​ដំណើរការ​សម្រាប់​តែ​សេវា​ចាំបាច់​ប៉ុណ្ណោះ​។ 
 
​លោក ចូ​កូ វី​ដូ​ដូ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ធ្លាប់​ប្រឆាំងនឹង​ការបិទ​ទីក្រុង ឫ​ប្រទេស​ដែល​យក​គំរូ​តាម​ចិន និង​ម៉ាឡេស៊ី ដោយ​លើកឡើង​ថាវ​ប្បធ​ម៍ និង​ច​រិ​ក​លក្ខណៈ​របស់​ប្រទេស​គួរ​យកមក​ពិចារណា និង​បានស្នើរ​ឲ្យ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​នៅ​ឲ្យ​ឆ្ងាយ​ពីគ្នា​។ ប៉ុន្តែ​កំណើន​នៃ​ចំនួន​អ្នក​ឆ្លង​នេះ បានធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ពេញបន្ទុក ខណៈ​អា​ជ្ងា​ធរ​កំពុង​ព្យាយាម​រក​ឧបករណ៍​ការពារ​ខ្លួន ឈុត​ពាក់​ការពារ​ខ្លួន និង​ឧបករណ៍​បូម​ខ្យល់​សម្រាប់​បុគ្គលិក​សុខាភិបាល​។​
 
​គូរ​បញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ហាម​ការនាំចេញ​ម៉ាស់ និង​សារធាតុ​សម្លាប់​មេរោគ​បណ្តោះអាសន្ន និង​ឲ្យ​ឈ្មួញ​នាំចូល​ខ្ទឹម និង​ខ្ទឹមបារាំង​ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​ដើម្បី​បង្កើន​ការ​ផ្ទ​ត់​ផ្គង់​មុន​រដូវ​តម​អាហារ​រ៉ា​មា​ដន​។ បន្ថែម​ពីនេះ អា​ជ្ងា​ធរ​បាន​បញ្ជា​ឲ្យ​អ្នកលក់​ស្បៀង​ធ្វើការ​បែងចែក​របប​អាហារ ដូចជា​អង្ករ ប្រេងឆា ស្ករ និង​មី​ដើម្បី​ជៀសវាង​ការទិញ​ដែល​បណ្តាលមកពី​ភាព​ស្លន់ស្លោរ​។​
 
​គិត​មកដល់ពេលនេះ​ឥណ្ឌូណេស៊ី​មាន​អ្នក​ឆ្លង COVID-19​ចំនួន ១,២៨៥ ករណី និង​អ្នកស្លាប់​ចំនួន ១១៤​នាក់​ដែលជា​ចំនួន​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com