COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង នឹងផ្តល់ប្រាក់ជួយសង្គ្រោះមួយគ្រួសារជាង ៨០០ដុល្លារ រូបភាព៖ AFP
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាថ្ងៃទី៣០ ខែមីនា បានប្រកាសពី ការផ្តល់ប្រាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន ដើម្បីជួយសម្រាលបន្ទុកក្នុងពេលមានវិបត្តិ នៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ ក្រៅពីសម្រាលបន្ទុករបស់ប្រជាជន លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏កំពុងរៀបចំផ្តល់ជំនួយថវិកាសម្រាប់ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនខ្នាតមធ្យមផងដែរ ដែលកំពុងរងគ្រោះដោយសារជំងឹឆ្លងនេះដូចគ្នា។
បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយជាមួយអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ច លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា «ប្រាក់សម្រាលបន្ទុកក្នុងគ្រាមានគ្រោះអាសន្ន» នឹងផ្តល់ឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងក្នុងមួយគ្រួសារ ដែលមានសមាជិក៤នាក់ រហូតដល់ជាង ៨០០ដុល្លារ។ ប៉ុន្តែថវិកានេះ ផ្តល់ឲ្យតែគ្រួសារដែលមានប្រាក់ចំណូលចាប់ពី ៧០ភាគរយចុះមកក្រោមតែប៉ុណ្ណោះ ចំណែកគ្រួសារដែលមានប្រាក់ចំណូលលើសពីនេះ គឹមិនទទួលបានប្រាក់សង្គ្រោះនេះឡើយ។
បើតាមលោក មូន បានបញ្ជាក់ថា ប្រជាជនដែលរងគ្រោះ ដោយសារតែកូរ៉ូណាវីរុស គួរតែទទួលបានប្រាក់សង្គ្រោះទាំងនេះ ដើម្បីដោះបន្ទុកគ្រួសារ និងដើម្បីចូលរួមទប់ស្កាត់ COVID-19។ ពិតណាស់សម្រាប់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ វាមិនមែនជាបញ្ហាចោទទេ នៅពេលអ្នកទាំងនោះ ត្រូវដាក់ចត្តាឡីស័ក ឬស្នាក់នៅផ្ទះបណ្តោះអាសន្ន ប៉ុន្តែបញ្ហាជាច្រើន នឹងកើតមានសម្រាប់ប្រជាជនមានប្រាក់ចំណូលកម្រិតទាប និងមធ្យម។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap កូរ៉េខាងត្បូងមានប្រមាណជា ១៤លានគ្រួសារ ឬ ៣៥លាននាក់ ដែលមានសិទ្ធិទទួលបានជំនួយពីរដ្ឋាភិបាលនេះ។ កូរ៉េខាងត្បូង នឹងត្រូវចំណាយថវិកាសរុបជាង ៩,៥ពាន់លានដុល្លារ លើជំនួយជួយសង្គ្រោះគ្រួសារ។
ក្រៅពីថវិកាសម្រាប់គ្រួសារកូរ៉េខាងត្បូង ប្រធានាធិបតីក៏បានសិក្សាពីគម្រោងជួយក្រុមហ៊ុនខ្នាតតូច និងខ្នាតមធ្យមផងដែរ ដែលកំពុងតែប្រឈមនឹងវិបត្តិ COVID-19។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនមួយចំនួននេះ នឹងទទួលបានការលើកលែងការបង់ធានារ៉ាប់រងដោយផ្នែក និងការចំណាយផ្សេងៗ។
បើសិនគ្មានការប្រែប្រួលទេ សំណើច្បាប់ថវិកាជួយសង្គ្រោះទាំងពីរនេះ នឹងដាក់ទៅសភានៅក្រោយថ្ងៃទី១៥ ខែមេសា ពោលគឺក្រោយថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភានៅកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា កូរ៉េខាងត្បូងមានCOVID-19 សរុបលើសពី ៩ពាន់ករណី អ្នកស្លាប់ ១៥៨ករណី និងអ្នកជាសះស្បើយមានជាង ៥ពាន់ករណី៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com