ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​៖ បើ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន រដ្ឋ មាន​សិទ្ធិ​កំណត់​តម្លៃ​លើ​មុខទំនិញ​
30, Mar 2020 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហើប​ពី​វិធានការ​ខ្លះ​ជាមុន​ថា បើ​ប្រទេស​កម្ពុជា ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្នុង​គ្រា​មាន​អាសន្ន រដ្ឋាភិបាល អាចមាន​សិទ្ធិ​កំណត់​តម្លៃ​លើ​មុខទំនិញ​មួយចំនួន ជាពិសេស​អង្ករ​។


 
​ក្នុង​សន្និសីទកាសែត ដែល​ធ្វើឡើង​នៅ​វិមាន​រដ្ឋសភា ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែង​ដូច្នេះ​ថា​៖«​បើ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន រដ្ឋ អាច​កំណត់​តម្លៃ​លើ​ទីផ្សារ​អង្ករ [​កំណត់​] ត្រឹម​ប៉ុន្មាន បើ​លក់​លើសពីនេះ គឺ​ផាក គឺកំណត់​បែបនេះ​ទៅបាន​...»​។​
 
​ប៉ុន្តែ ដរាបណា ប្រទេស នៅតែមាន​សភា​ការណ៍​ធម្មតា ហើយ​មិនទាន់​ត្រូវ​បានដាក់​ក្នុង​គ្រា​មាន​អាសន្ន រដ្ឋាភិបាល ពុំទាន់​អាច​កំណត់​តម្លៃ​លើ​មុខទំនិញ​នៅក្នុង​ទីផ្សារ​ឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី និយាយថា នាពេលនេះ រដ្ឋាភិបាល អាច​ត្រឹមតែ​ចរចា​ជាមួយ​ឈ្មួញ​ឬ​អ្នកលក់ដូរ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​សម្រុះ​ស្រួល​គ្នា​និង​រក្សា​តម្លៃ​លើ​មុខទំនិញ​ឲ្យ​សមរម្យ​។​
 
​ស្របពេល ប្រទេស កំពុង​ជួប​ការលំបាក ដោយសារ​ការ​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ មាន​អ្នករកស៊ី​ខ្លះ ឆ្លៀតឱកាស​ដំឡើងថ្លៃ​លើ​ទំនិញ បើទោះបីជា​រដ្ឋាភិបាល ប្រឹង​អំពាវនាវ​ផង​និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ផង​ក៏ដោយ​។ ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម បានចេញ​ចំណាត់ការ​មួយ ដោយ​តម្រូវ​ឲ្យ​អ្នកលក់ដូរ សរសេរ​ពី​តម្លៃ​ជា​ប្រាក់រៀល លើ​មុខទំនិញ​របស់ខ្លួន រួមទាំង អាកុល​លាងដៃ និង ម៉ាស់ ផងដែរ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី បន្តថា ពេល​ប្រទេស ត្រូវដាក់​ក្នុង​គ្រា​មាន​អាសន្ន រដ្ឋាភិបាល អាច​នឹង​ដាក់ចេញ​វិធាន​ការបិទ​ទីតាំង​សាធារណៈ​ឬ​ឯកជន​នានា ដើម្បី​ឆ្លង​តប​នឹង​សភាពការណ៍​នាពេលនោះ​។ យ៉ាងណា ប្រមុខ​រដ្ឋាភិបាល មិនទាន់​អាច​លាតត្រដាង​ទាំងអស់​ឡើយ​ថា ពេល​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន រដ្ឋាភិបាល នឹង​ដាក់ចេញ​វិធានការ​អ្វីខ្លះ​។ មេដឹកនាំ​កម្ពុជា បញ្ជាក់ថា​៖«​ខ្ញុំ គិតថា មិនគួរ​ត្រូវបាន​បង្ហាញ [​អស់​] លោក មុនពេល​ខ្ញុំ​បង្ហាញ​គណៈរដ្ឋមន្ត្រី​ទេ​»​។ 
 
​នៅ​ព្រឹកស្អែក (​ថ្ងៃទី​៣១ ខែមីនា​) គណៈ​អចិន្ត្រៃយ៍​នៃ​គណៈរដ្ឋមន្ត្រី​មន្ត្រី នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ហើយ​នៅ​ថ្ងៃទី​៣ មេសា គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​បន្ត​ពិភាក្សា​និង​អនុម័ត​ច្បាប់​នេះ មុននឹង​បញ្ជូនទៅ​រដ្ឋសភា​។ 
 
​ប្រមុខ​រដ្ឋាភិបាល អះអាងថា ទោះជា​កម្ពុជា មានច្បាប់​នេះ​នាពេលខាងមុខ​ក្តី តែ​រដ្ឋាភិបាល នឹងមិន​លូកលាន់​ចូលទៅក្នុង​វិស័យ​ឯកជន​និង​ឯកជន​នោះទេ តែ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​វិស័យ​ឯកជន យោគយល់​គ្នា​។  
 
​មាន​មាត្រា​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ពាក់ព័ន្ធ​នឹង​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន តែ​ហាក់​មិនមាន​ភាព​គ្រប់គ្រាន់​ឡើយ ពោលគឺ នៅមាន​ភាព​ចន្លោះប្រហោង ដោយ​ពុំ​បានចែង​លម្អិត​ថា រដ្ឋាភិបាល មាន​សិទ្ធិ​កម្រិតណា ក្នុងការ​គ្រប់​គ្រ​ប្រទេស ពេល​ស្ថិតក្នុង​គ្រា​មាន​អាសន្ន​។ 
 
​មាត្រា​២២​ថ្មី ៖«​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន​ក្រោយពី​បាន​មតិ​ឯកភាព​ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា​»​។​

​មាត្រា​៧៨ ៖«...​ក្នុងពេល​មាន​សង្គ្រាម ឬ​ក្នុង​កាលៈទេសៈ​ពិសេស​ដទៃទៀត ដែល​មិនអាច​ធ្វើការ​បោះឆ្នោត​កើត រដ្ឋសភា អាច​ប្រកាស​បន្ត​នីតិកាល​របស់ខ្លួន​មួយដង​បាន​មួយឆ្នាំ តាម​សំណើ​របស់​ព្រះមហាក្សត្រ​។ ការប្រកាស​បន្ត​នីតិកាល​របស់​រដ្ឋសភា ត្រូវ​សម្រេច​ដោយ​មតិ​យល់ព្រម ពីរភាគបី​យ៉ាងតិច នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​»​។​
 
​មាត្រា​៨៦ ៖«​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន រដ្ឋសភា​ប្រជុំ​រាល់ថ្ងៃ​ជាប់​ជាប្រចាំ​។ រដ្ឋសភា​មាន​សិទ្ធិ​សម្រេច​បញ្ចប់​កាលៈទេសៈ​ពិសេស​ខាងលើនេះ កាលបើ​សភាពការណ៍​អនុញ្ញាត​។ បើ​រដ្ឋសភា​មិនអាច​ប្រជុំ​បានទេ ដោយ​មូលហេតុ​ចាំបាច់ ជាអាទិ៍​នៅពេលដែល​កម្លាំង​បរទេស​ចូលមក​កាន់កាប់​ទឹកដី ការប្រកាស​ភាពអាសន្ន​ត្រូវ​បន្តទៅ​មុខជា​ស្វ័យប្រវត្តិ​។ នៅពេលដែល​ប្រទេសជាតិ​ឋិត​ក្នុង​ភាពអាសន្ន រដ្ឋសភា​មិនអាច​ត្រូវ​រំលាយ​បានឡើយ​»​។​
 
​មាត្រា​១០២​ថ្មី ៖«...​ក្នុងពេល​មាន​សង្គ្រាម ឬ​ក្នុង​កាលៈទេសៈ​ពិសេស​ដទៃទៀត ដែល​មិនអាច​ធ្វើការ​បោះឆ្នោត​កើត ព្រឹទ្ធសភា​អាច​ប្រកាស​បន្ត​នីតិកាល​របស់ខ្លួន​មួយដង​បាន​មួយឆ្នាំ តាម​សំណើ​របស់​ព្រះមហាក្សត្រ​។ ការប្រកាស​បន្ត​នីតិកាល​របស់​ព្រឹទ្ធសភា ត្រូវ​សម្រេច​ដោយ​មតិ​យល់ព្រម​ពីរភាគបី​យ៉ាងតិច នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។ ក្នុង​កាលៈទេសៈ​ដូច​បាន​រៀបរាប់​ខាងលើ ព្រឹទ្ធសភា​ប្រជុំ​រាល់ថ្ងៃ​ជាប់​ជាប្រចាំ​។ ព្រឹទ្ធសភា​មាន​សិទ្ធិ​សម្រេច​បញ្ចប់​កាលៈទេសៈ​ពិសេស​ខាងលើនេះ កាលបើ​សភាពការណ៍​អនុញ្ញាត​»​។​
 
​ក្នុង​ស​ន្នី​សីទ​នោះ ប្រមុខ​រដ្ឋាភិបាល ប្រកាសប្រាប់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ភ័យខ្លាច បើ​ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ ហើយ​ប្រទេស​កម្ពុជា ត្រូវ​បានដាក់​ក្នុង​គ្រា​មាន​អាសន្ន​ពិតមែន​៕ 

Tag:
 ប្រទេស​ស្ថិតក្នុង​គ្រា​មាន​អាសន្ន​
  កំណត់​តម្លៃ​មុខទំនិញ​
© រក្សាសិទ្ធិដោយ thmeythmey.com