COVID-19
ជាតិ
ជនជាតិខ្មែរដំបូងឆ្លងកូវីដ១៩ចេញពីពេទ្យហើយ រម្លឹកសកម្មភាពមុនឆ្លងជំងឺពីជនជាតិជប៉ុន
× សៀមរាប៖ បុរសជនជាតិខ្មែរដំបូងគេដែលរកឃើញថាមានជំងឺកូវីដ១៩ ដែលឆ្លងពីថៅកែជនជាតិជប៉ុន បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញទៅផ្ទះហើយនៅរសៀលថ្ងៃទី៣០ មីនា។ សាមីខ្លួន និងក្រុមគ្រួសារបានសម្ដែងអារម្មណ៍រីករាយ និងអរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលព្យាបាលរហូតបានសះស្បើយ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន មុនចេញពីមន្ទីរពេទ្យ បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ បានរម្លឹកពីសកម្មភាពជិតស្និទ្ធជាមួយថៅកែជនជាតិជប៉ុន ដែលអាចជាដើមទងធ្វើឱ្យលោកឆ្លងជំងឺកូវីដ១៩បានយ៉ាងងាយ។ លោករៀបរាប់ថា៖« រយៈពេលប្រហែលជា២ម៉ោង ក្នុង១ម៉ោងខ្ញុំជួបគាត់ក្នុងការិយាល័យ មានគ្នាតែ២នាក់ទេ អាងតែបុគ្គលិកអត់ធ្វើការ ខ្ញុំនិងគាត់ក៏ទៅអង្គុយលេងពិភាក្សាជាមួយគ្នា ដល់ពេលបន្ទាប់មកពីម៉ោង១ដល់ម៉ោង៤ គាត់ឱ្យខ្ញុំទៅជួយដឹកម្រេច ព្រោះគាត់មានចម្ការម្រេច...ដល់ពេលទៅជួយគាត់ជិះម៉ូតូទេ ចឹងញើសគាត់រហាម ដល់ពេលច្រកម្រេចហើយ គាត់ឱ្យម្រេចខ្ញុំយកដាក់ឡាន ហើយម្រេចចុងក្រោយដែលធ្ងន់ជាងគេសែង២នាក់ទៀត ហើយយើងអត់មានម៉ាស់ទាំង២...»។
សូមស្ដាប់ការរៀបរាប់របស់បុរសជនជាតិខ្មែរដែលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នារសៀលថ្ងៃទី៣០ មីនា៖
តាមការបញ្ជាក់ពីប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដ្បិតថាជាសះស្បើយក៏ពិតមែន តែគ្រូពេទ្យស្នើឱ្យបុរសខាងលើ បន្តធ្វើចត្ដាឡីស័កខ្លួនឯងនៅផ្ទះរយៈពេល១៤ថ្ងៃទៀត។ បុរសរូបនេះ ក៏អះអាងថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការអនុវត្តនេះ ដើម្បីសុខភាពខ្លួនឯង សុខភាពគ្រួសារ និងអ្នកដទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com