COVID-19
អន្តរជាតិ
COVID-19៖ សម្ភារ​វេជ្ជសាស្ត្រ​របស់​ចិន បាន​ទៅដល់​អាមេរិក​
31, Mar 2020 , 6:29 am        
រូបភាព
 សម្ភារ​វេជ្ជសាស្ត្រ​របស់​ចិន បាន​ទៅដល់​អាមេរិក​។ រូបថត Reuters
សម្ភារ​វេជ្ជសាស្ត្រ​របស់​ចិន បាន​ទៅដល់​អាមេរិក​។ រូបថត Reuters
យន្តហោះ​ដឹក​សម្ភារ​ពេទ្យ​មកពី​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​ទៅដល់​ទីក្រុង​ញូវយ៉ក អាមេរិក នា​ថ្ងៃទី​២៩ ខែមីនា ជា​លើកដំបូង​បង្អស់​ចាប់តាំងពី​ផ្ទុក COVID-19 ។ វិធាន​ការដឹក​តាម​យន្តហោះ​នេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក កំពុងមាន​តម្រូវការ​ខ្លាំង លើ​សម្ភារ​វេជ្ជសាស្ត្រ ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។​



​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 និង​ឆ្លើយតប​ទៅនឹង​សំណើ​របស់​បុគ្គលិក​ពេទ្យ អាមេរិក​បាន​បញ្ជា​ទិញ​សម្ភារ​វេជ្ជសាស្ត្រ​ដូចជា ម៉ាស់ ស្រោមដៃ សំលៀកបំពាក់​ពេទ្យ ទឹក​លាងដៃ និង​ទែ​ម៉ូ​ម៉ែត្រ​ពី​ចិន ម៉ាឡេស៊ី និង​វៀតណាម​។ សម្ភារ​វេជ្ជសាស្ត្រ​ជើង​ដំបូង ទៅដល់​អាកាសយានដ្ឋាន Jonh F. Kennedy នាទី​ក្រុង​ញូវយ៉ក ដើម្បី​យកទៅ​ផ្គត់ផ្គង់​រដ្ឋ​ចំនួន​បីដូច​ជា ញូវយ៉ក​, រដ្ឋ New Jorsey និង​រដ្ឋ Connecticut​។

ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​បែបនេះ គឺជា​ផ្នែក​មួយ ដើម្បី​ផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ​តាម​តម្រូវការ និង​ក្នុង​ភាពអាសន្ន​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នេះ គឺធ្វើឡើង​តាមរយៈ «​គម្រោង​ស្ពាន​អាកាស​» ដែល​អាច​កាត់បន្ថយ​ពេលវេលា​ជាច្រើន បើ​ធៀប​ទៅនឹង​ការដឹកជញ្ជូន​តាម​នាវា​។ គម្រោង​នេះ ត្រូវបាន​ដឹកនាំ​ដោយ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សេត​វិមាន លោក Jared Kushner ដែលមាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ផ្សេងទៀត​។

សម្ភារ​វេជ្ជសាស្ត្រ​លើកដំបូង​នេះ ត្រូវបាន​បរិ​ច្ឆា​គ​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​បញ្ហា​អាសន្ន​របស់​រដ្ឋ​សហព័ន្ធ (FEMA) ។ ក្នុង​សម្ភារ ដែល​ដឹក​មកដល់​អាមេរិក​លើកដំបូង​នេះ​មាន ម៉ាស់ N95 ១៣​ម៉ឺន​ម៉ាស់ ម៉ាស់​ពេទ្យ​ប្រមាណ​១,៨​លាន សំលៀកបំពាក់​ពេទ្យ​៥​ម៉ឺន ស្រោមដៃ​មាន ១២​លាន​គូ ទឹក​លាន​ដៃ​១៣​ម៉ឺន​ដប និង​ទែ​ម៉ូ​ម៉ែត្រ​មាន​៣៦០០០​គ្រឿង​។

មន្ត្រី​របស់​សេត​វិមាន​អាមេរិក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សម្ភារ​វេជ្ជសាស្ត្រ​ទាំងនេះ នឹង​បែងចែក​ទៅតាម​តម្រូវការ​របស់​រដ្ឋ​»​។

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា​នេះ អាមេរិក គឺជា​ប្រទេស​មាន​តួលេខ COVID-19 សរុប​ច្រើនជាងគេបង្អស់​នៅលើ​ពិភពលោក ពោលគឺ​រហូតដល់​ជាង ១៤​ម៉ឺន​ករណី​។ ក្នុង​អត្រា​ដ៏​ខ្ពស់​បែបនេះ អាមេរិក​មាន​អ្នកស្លាប់​សរុប​ប្រមាណ ២៤០០​ករណី និង​អ្នកជា​សះស្បើយ​ជាង ៤៥០០​ករណី​៕  


© រក្សាសិទ្ធិដោយ thmeythmey.com