ពីនេះ ពីនោះ
រូបត្លុក
មធ្យោបាយមួយចំនួនសម្រួលកុំឲ្យជំនួញ«ក្ស័យធន»ភ្លាមៗក្នុងបរិបទ COVID-19!
× សម្ពាធសេដ្ឋកិច្ចមកលើអ្នកមានប្រាក់ចំណូលតិចតួច គឺជាក្តីបារម្ភរបស់ សុធីរ និងសំណាង។ នៅថ្ងៃនេះ សុធីរ និងសំណាង ជជែកគ្នាពីមធ្យោបាយមួយចំនួនដែលអាចជួយស្រោចស្រង់ជំនួញមួយចំនួន បើជំនួញបិទ ការងារជាច្រើននឹងត្រូវបាត់បង់។ ជាលទ្ធផល អ្នកមានប្រាក់ចំណូលតិច ជាអ្នករងគ្រោះខ្លាំង។ ក្រៅពីក្រុមហ៊ុនធំៗ ដូចជា រោងចក្រកាត់ដេរ សុធីរ និងសំណាង គិតថា គេអាចមានយុទ្ធសាស្ត្រជួយសម្រាលស្ថានការណ៍ជូនជំនួញបានមួយគ្រាដែរ។
សុធីរ៖ អា សំណាង! បើតាមយោបល់អ្ហែង តើគេដោះស្រាយធ្វើយ៉ាងម៉េចទៅដើម្បីឲ្យជំនួញមួយចំនួនអាចនៅបន្តរស់រានមានជីវិតបានមួយរយៈធំទៀត?
សំណាង៖ អា សុធីរ! អញនិយាយតែជំនួញខ្នាតតូច និងមធ្យម ឬប្រភេទជំនួញមួយចំនួនប៉ុណ្ណោះ។ អញមិននិយាយទូទៅទេ។
សុធីរ៖ អើនិយាយមក!
សំណាង៖ មធ្យោបាយទីមួយដែលត្រូវធ្វើ គឺអ្នកជួលទីតាំងជំនួញគ្រប់ប្រភេទត្រូវតែជួយសម្រួលបញ្ចុះតម្លៃ។ មធ្យោបាយទីពីរ ដោយសារសកម្មភាពជំនួញមិនមានច្រើនដូចសព្វដង ដូច្នេះ បុគ្គលិកត្រូវចាប់ផ្តើមបន្ថយប្រាក់ឈ្នួលរបស់ខ្លួនដើម្បីសម្រួលការរស់រានមានជីវិតរបស់ក្រុមហ៊ុនបន្តទៅទៀត និងមធ្យោបាយទី៣ គឺទាំងក្រុមហ៊ុន និងបុគ្គលិកត្រូវរិះរកយុទ្ធសសាស្ត្រថ្មីៗ គំនិតកែច្នៃថ្មីៗក្នុងបរិបទវិបត្តិដើម្បីទាក់ទាញអតិថិជន ហើយស្របពេលជាមួយគ្នាសកម្មភាពទាំងនោះ មិនជំរុញឲ្យមានការរីកសាយភាពមេរោគកូវីដ ដូចជា បង្កើនការលក់តាមអនឡាន។ល។ អញមិននិយាយសម្រាប់ជំនួញទាំងអស់ទេណា៎ អា សុធីរ!
សុធីរ៖ តើស្រុកយើងរដ្ឋអត់ជួយជំនួញទេឬ?
សំណាង៖ ដូចជាមិនទាន់មានគោលការណ៍ជួយផ្ទាល់ទេ។ តែរដ្ឋដូចជាបន្ថយពន្ធដារមួយចំនួនលើម្ចាស់ជំនួញ។ ឲ្យរដ្ឋមានលុយជួយបុគ្គលិកទូទៅដូចជាមិនទាន់មានទេ។ តែសម្រាប់កម្មករកាត់ដែរ ដូចជាលឺថា រដ្ឋបានជួយខ្លះ។ អា សុធីរ! នៅកម្ពុជា អ្វីដែលលំបាក គឺថា ជំនួញខ្នាតតូចតាច មធ្យម មួយចំនួនណានោះ មិនបានចុះបញ្ជីត្រឹមត្រូវទេ។ ដូច្នេះ មិនដឹងថា តើរដ្ឋត្រូវជួយដូចម្តេចទេ។ សរុបមកវិញ មានតែម្ចាស់ជួលទីតាំងអាជីវកម្ម ម្ចាស់អាជីវកម្ម និងបុគ្គលិក គួរជួយសម្រួលគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ដើម្បីអនុញ្ញាតឲ្យអាជីវកម្មអាចនៅបន្តរស់បានមួយរយៈបន្ថែមទៀត។ បើមិនអ៊ីចឹងទេ ជំនួញមួយចំនួនធំ នឹងបិទទ្វារ ហើយជាលទ្ធផល បុគ្គលិកអត់ការងារធ្វើ ពេលនោះបន្ទុកគ្រួសារ សហគមន៍ និងបន្ទុករបស់រដ្ឋកាន់តែធំឡើងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com