COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ឲ្យ​កីឡាករ​ហាត់​តាម​វីដេអូ​អន​ឡាញ អំឡុង​មាន​វិបត្តិ COVID-19
31, Mar 2020 , 12:00 pm        
រូបភាព
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ Tottenham Hotspur ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅផ្ទះ​ដោយមាន​អ្នកឃ្លាំមើល​តាមរយៈ​វីដេអូ​អន​ឡាញ​បន្ត​ផ្ទាល់ អំឡុងពេល​មាន​វិបត្តិ COVID-19 ។​


 
​ក្រុម​គ្រូបង្វឹក នឹងដាក់​ឲ្យ​កីឡាករ​ហាត់​តាម​វេន​នៅឯ​ផ្ទះ​របស់​ពួកគេ​រៀងខ្លួន​ដែល​កម្មវិធី​នេះ​ឲ្យ​ឈ្មោះថា​វគ្គ​បណ្តុះបណ្តាល​វីដេអូ​ឡាយ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែមីនា​នេះ​តទៅ​តែម្តង​។
 
​កីឡាករ​របស់​ក្រុម​មាន់​ខ្នាយ​មាស​សព្វថ្ងៃ​កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក​នៅឯ​ផ្ទះ​របស់​ពួកគេ ស្របពេល​ចក្រភព​អង់គ្លេស​បាន​បិទ ហើយ​ក្របខណ្ឌ Premier League ក៏ត្រូវ​ផ្អាក​ការប្រកួត​រហូតដល់​ចុងខែ​មេសា​។​
 
​រហូតមកទល់​ពេលនេះ កីឡាករ​បាន​ហ្វឹកហាត់​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​ផ្ទាល់​ដែល​រៀបចំឡើង​ដោយ​ក្រុម​គ្រូបង្វឹក និង​អ្នកជំនាញ​វិទ្យាសាស្ត្រ​កីឡា​របស់​ក្លិប Spurs​។ ស្របពេល​គ្នា​នេះ ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស Harry Winks អះអាងថា​ខ្លួន​និង​មិត្ត​រួម​ក្រុម​នឹងត្រូវ​កែសម្រួល​ទៅនឹង​ទម្លាប់​ហ្វឹកហាត់​ថ្មី​។​
 
 «​កម្មវិធី​ហាត់​ថ្មី​ហាក់​ចម្លែក​បន្តិច​សម្រាប់​យើងទាំងអស់គ្នា ប៉ុន្តែ​ខ្ញុំ​នឹង​ផ្តោតលើ​វា​។ យើងទាំងអស់គ្នា​ត្រូវបាន​ផ្តល់​កាលវិភាគ​រៀងៗ​ខ្លួន ប៉ុន្តែ​យើង​អាច​បត់បែន​បាន ហើយ​យើង​អាចធ្វើ​វា​បាន​តាម​ពេលវេលា​ផ្ទាល់ខ្លួន​របស់​យើង​។ Winks ប្រាប់​វេ​ប​សាយ​ផ្ទាល់​របស់​របស់​ក្លិប​ដូច្នេះ​។​
 
​នៅ​ថ្ងៃទី​២៩ ខែមីនា ជើងឯក​រង Champions League រដូវ​កាល​មុន បានអនុញ្ញាត​ឲ្យ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Steven Bergwijn និង​ខ្សែបម្រើ​ឆ្នើម Son Heung-min វិល​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​រៀងខ្លួន​។ Son បាន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ហេតុផល​ផ្ទាល់ខ្លួន ខណៈដែល Bergwijn ត្រូវ​ទៅ​ប្រទេស​ហូ​ឡង់​ដើម្បី​មើល​ប្រពន្ធ​សម្រាលកូន​។​
 
​ក្រោម​ហេតុផល​ខាងលើ Spurs តម្រូវ​ឲ្យ​អ្នក​ទាំងពីរ​អនុវត្តតាម​កម្មវិធី​ហ្វឹកហាត់​ថ្មី​របស់​ក្លិប​អំឡុងពេល​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ ដោយមាន​ការតាមដាន​ពី​បុគ្គលិក និង​ក្រុម​គ្រូបង្វឹក​៕

Tag:
 Jose Mourinho
  COVID-19
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com