COVID-19
ជាតិ
សង្គមជាតិ
វត្តនគរបាជ័យក្នុង នៅកំពង់ចាម ផ្អាកសុំសីលបណ្តោះអាសន្ន
31, Mar 2020 , 1:52 pm        
រូបភាព
ពុទ្ធបរិស័ទ្ធ ទៅធ្វើបុណ្យចម្រើនព្រះជន្មព្រតេជគុណ ធី ម៉ាន់ ព្រះគ្រូចៅអធិការវត្តនគរបាជ័យក្នុង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសបុកវត្តនគរបាជ័យក្នុង)
ពុទ្ធបរិស័ទ្ធ ទៅធ្វើបុណ្យចម្រើនព្រះជន្មព្រតេជគុណ ធី ម៉ាន់ ព្រះគ្រូចៅអធិការវត្តនគរបាជ័យក្នុង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសបុកវត្តនគរបាជ័យក្នុង)
គណៈគ្រប់គ្រងវត្តនគរបាជ័យក្នុង ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជូនដំណឹងទៅពុទ្ធបរិស័ទចំណុះជើងវត្តថា ការសមាទានឧបោសថសីល (សីល៨) ត្រូវផ្អាកជាបណ្តោះអាសន្ន រហូតដល់ស្ថានការណ៍នៃការរាលដាលវីរុសកូវីដ-១៩ បានធូរស្រាលវិញ។ ព្រះតេជគុណ ទូច សុខណេ បានចេញសេចក្តីជូនដំណឹងនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ជួសឲ្យគណៈគ្រប់គ្រងវត្តនគរបាជ័យក្នុង។



ក្នុងសេចក្តីជូនដំណឹង ព្រះតេជគុណ ទូច សុខណេ ជម្រាបពុទ្ធបរិស័ទថា ការផ្អាកពិធីសមាទានឧបោសថសីលនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩។ ទន្ទឹមនេះ ព្រះអង្គ បានណែនាំពុទ្ធបរិស័ទ្ធ ឲ្យបង្កើនការប្រុងប្រយ័ត្ន ក្នុងស្ថានភាពបច្ចុប្បន្ន ដោយអនុវត្តជាប្រចាំតាមការណែនាំរបស់រដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក។ ព្រះអង្គ ណែនាំថា ទោះជាមិនអាចទៅសុំសីលក្នុងវត្តក្តី តែពុទ្ធបរិស័ទ្ធ អាចសុំសីលបាន តាមរយៈសំឡេងវិទ្យុនិងទូរទស្សន៍ណាមួយ នៅតាមគេហដ្ឋានរៀងៗខ្លួន។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា មិនបញ្ចេញយោបល់ឡើយថា ការផ្អាកពិធីសុំសីលនៅវត្តនគរបាលជ័យក្នុង ជាគំរូល្អដល់វត្តដទៃឬយ៉ាងណា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៣១ ខែមីនា លោក គ្រាន់តែលើកឡើងថា ជាគោលការណ៍រួម ការជួបជុំក្នុងសាសនា ត្រូវកាត់បន្ថយចំនួនមនុស្សឲ្យនៅសល់តិច តែការអនុវត្តជាក់ស្តែងយ៉ាងណានោះ គឺអាស្រ័យលើវត្តអារាមនីមួយៗ។

ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ រដ្ឋាភិបាល សម្រេចឲ្យផ្អាកការជួបជុំតាមបែបសាសនាគ្រប់ភេទនៅកម្ពុជា។ លើសពីនេះ រដ្ឋាភិបាល បានសម្រេចបិទសាលារៀន សារមន្ទីរ ព្រះបរមរាជវាំង ក្លិបកម្សាន្ត ខារ៉ាអូខេ បៀកាឌិន កាស៊ីណូ និង ការប្រគំតន្ត្រីតាមទីសាធារណៈ។ ចំណែក ឡានក្រុងរដ្ឋនិងកាណូតរដ្ឋ ក៏ត្រូវផ្អាកដែរ។

មានមនុស្ស១០៩នាក់ហើយ ដែលឆ្លងកូវីដ-១៩ នៅកម្ពុជា តែបានជាសះស្បើយវិញ២៣នាក់ ដោយគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ អាជ្ញាធរ រកឃើញមនុស្សជាង៣៥០នាក់ ដែលប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកឆ្លងវីរុសកូវីដ-១៩ នៅកម្ពុជា និងជាង១,៣ពាន់នាក់ទៀត ប៉ះពាល់ដោយប្រយោល៕

Tag:
 COVID-19
  វត្តនគរបាលជ័យក្នុង
  ផ្អាកសុំសីល
© រក្សាសិទ្ធិដោយ thmeythmey.com