COVID-19
អន្តរជាតិ
COVID-19៖ អាមេរិក នឹង​បញ្ជូន​សម្ភារ​វេជ្ជសាស្ត្រ​ទៅ​អ៊ីតាលី អេ​ស្ប៉ា​ញ និង​បារាំង​
31, Mar 2020 , 7:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ
ដោយ:
​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បាន​និយាយ​នៅ​ថ្ងៃ ៣០ មីនា​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​សម្ភារ​វេជ្ជសាស្ត្រ​ទៅ​ប្រទេស​អ៊ីតាលី បន្ទាប់មក​ប្រទេស​អេ​ស្ប៉ា​ញ និង​បារាំង​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័​ត៌មាន AFP​។

 
«​យើង​នឹង​បញ្ជូន​សម្ភារ​ទាំងនោះ​ទៅ អ៊ីតាលី​។ យើង​និង​បញ្ជូនទៅ​បារាំង​។ យើង​នឹង​បញ្ជូនទៅ​អេ​ស្ប៉ា​ញ ដែលជា​បណ្តាប្រទេស​ដែល​កំពុង​ជួប​បញ្ហា​យ៉ាង​ធំធេង និង​ប្រទេស​ផ្សេងទៀត​បើ​យើង​អាច​»។ នេះ​ជា​ប្រសាសន៍​របស់លោក​ប្រធានាធិបតី​អាម​រិ​ក  ដូ​ណា​ល់ ត្រាំ ក្នុង​សន្និសីទ​សារព័ត៌មាននៅ​សេត​វិមាន​។ 
 
​លោក ត្រាំ ក៏បាន​បង្ហើប​បន្តិច​ពី​ប្រភេទ និង​ពេលវេលា​នៃ​ការដឹកជញ្ជូន​សម្ភារ  តែ​សង្កត់ធ្ងន់ថា​សម្ភារវេជ្ជ​សាស្ត្រ​ក្នុង​ចំនួន​យ៉ាងច្រើន ​នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​ប្រទេស​អ៊ីតាលី ដែលមាន​ចំនួន​អ្នកស្លាប់​ច្រើន​បំផុត​ដោយសារ COVID-19​។ គិត​មកដល់ពេលនេះ ចំនួន​អ្នកស្លាប់​នៅ​អ៊ីតាលី​មាន​ចំនួន ១១,៥៩១ ករណី​។ 
 
«​យើង​នឹង​បញ្ជូន សម្ភារ​ដែលមាន​តម្លៃ​ប្រមាណ ១០០ លាន​ដុល្លារ ដែល​ក្នុងនោះ​រួមមាន​ឧបករណ៍​វះកាត់ និង​សម្ភារមន្ទីរពេទ្យ​ទៅ​ឲ្យ​ប្រទេស​អ៊ីតាលី​»​។  លោក ត្រាំ និយាយ​បែបនេះ​ដោយ​បន្ថែមទៀតថា​ នាយករដ្ឋមន្ត្រី​អ៊ីតាលី សប្បាយចិត្ត​ខ្លាំងណាស់​ទៅនឹង​រឿងនេះ​។​
 
​នៅ​សហរដ្ឋអាមេរិក លោក ត្រាំ រង​ការរិះគន់​ចំពោះ​ចំណាត់ការ​យឺតយ៉ាវ​រប​ស់​រដ្ឋាភិបាល​សហព័ន្ធ ក្នុងការ​ទប់ទល់​នឹង​ជំងឺឆ្លង​ដ៏​រហ័ស​មូ​យ​នេះ​។ រូបភាព​ដែល​ប្រកបដោយ​ភាព​ទុក្ខព្រួយ​នៅ មន្ទីរពេទ្យ​ទីក្រុង New York និង​កន្លែង​ឯទៀត​ បង្ហាញ​ពី​ការ​មិនបាន​ប្រុងប្រៀប​ ក្នុង​ប្រ​ព័​ន្ធ​សុខាភិបាល​អាមេរិក ​ដែល​បណ្តាល​មាន​កង្វះខាត ម៉ាស់ និង​ឧបករណ៍​ជំនួយ​ដង្ហើម​ជាដើម​។ 
 
​ជាមួយគ្នា​នោះ ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​បញ្ជាក់ទៀតថា អាមេរិក ក៏​នឹង​បញ្ជូន​របស់​ដែល​យើង​មិន​ត្រូវការ ទៅ​ប្រទេស​ដទៃ​។​
 
​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ លោក​ប្រធានាធិបតី​ត្រាំ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន General Motor ផលិត​ឧបករណ៍​សម្រាប់​ពាក់​ដកដង្ហើម តែ​ការផលិត​នឹងមិន​ស្រួល​ឡើយ​នៅ​ដំណាក់កាល​ដំបូង​ ដោយ​ក្រុមហ៊ុន​ត្រូវ​ហ្វឹកហ្វឺន​បុគ្គលិក ស្វែងរក​គ្រឿង​ផលិត និង​គោរព​តាម​គោល​គា​រណ៍​ណែនាំ​ដ៏​តឹងរឹង​។ 
 
​គិត​មកដល់ពេលនេះ​ ចំនួន​អ្នក​ឆ្លង COVID-19 នៅ​សហរដ្ឋអាមេរិក​មាន ១៦៤,២៤៨​ករណី នៅ​អ៊ីតាលី​ចំនួន ១០១,៧៣៩​ករណី នៅ​អេ​ស្ប៉ា​ញ​ចំនួន ៨៧,៩៥៦​ករណី និង​នៅ​បារាំង​ចំនួន ៤៤,៥៥០ ករណី​៕

© រក្សាសិទ្ធិដោយ thmeythmey.com