COVID-19
កីឡាជាតិ
ជាតិ
COVID-19៖ NOCC ជំរុញ​ឲ្យ​គ្រូបង្វឹក​រៀបចំ​ផែនការ​ឲ្យ​កីឡាករ​ហ្វឹកហាត់​តាម​ផ្ទះ​
31, Mar 2020 , 7:39 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ជំរុញ​គ្រូបង្វឹក​សហការ​ជាមួយ​គ្រូ​ជំនួយ​រៀបចំ​ផែនការ​ឲ្យ​កីឡាករ​ជម្រើសជាតិ​ហ្វឹកហាត់​តាម​ផ្ទះ​ខ្លួនឯង ស្របពេល​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​កូ​វីដ​-១៩​។ NOCC ក៏បាន​ដាក់ចេញ​គោលការណ៍​មួយចំនួន​ឲ្យ​កីឡាករ​អនុវត្ត ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ផងដែរ​។

 
​ដោយ​មើលឃើញ​ភាព​អសកម្ម​របស់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ក្នុងអំឡុងពេល​ឈប់សម្រាក​ដោយសារ​កម្ពុ​ជា​ប្រឈម​បញ្ហា​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩ NOCC នៅ​ថ្ងៃទី​២៧ មីនា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ជំរុញ​ឲ្យ​គ្រូបង្វឹក​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ រៀបចំ​កម្មវិធី​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​។ ការជំរុញ​របស់ NOCC ធ្វើឡើង​ក្នុង​គោលបំណង​ចង់​រក្សា​និរន្តរភាព និង​តុល្យភាព​កម្លាំងកាយ និង​បច្ចេកទេស​ក្នុងអំឡុងពេល​ឈប់សម្រាក​របស់​កីឡាករ​។ 
 
«​គោលដៅ​ផែនការ​ហ្វឹកហាត់​ខ្លួនឯង របស់​កីឡាករ​កីឡាការិនី​កម្រិត​ខ្ពស់​នៅផ្ទះ គឺ​ដើម្បី​រក្សា​និរន្តរភាព​នៃ​គុណភាព​កម្លាំងកាយ និង​រក្សា​ការ​បន្សាំ​បច្ចេកទេស​ជំនាញ ពិសេស​រក្សា​តុល្យភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ក្នុង​ការហាត់​ហ្វឹកហ្វឺន​កីឡា ដើម្បី​ងាយស្រួល​ក្នុងការ​រក្សា​សមត្ថភាព​ការងារ​កីឡា រហូតដល់​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ហ្វឹកហាត់​ឡើងវិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់ NOCC ក្នុង​សេចក្តីប្រកាស​ព័ន្ធ​ខាងលើ​។ 
 
​សម្រាប់ NOCC ការឈប់​សម្រាក​ក្នុង​ស​ភាពជា​អសកម្ម នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណ​ផល​របស់​កីឡាករ​។ «​កីឡាករ​ជម្រើសជាតិ​ភាគ​ច្រើ​ឈប់សម្រាក​ក្នុង​សភាព​អសកម្ម ដែល​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណ​ផល​កីឡា ឬ​ធ្លាក់ចុះ​យ៉ាងគំហុគ​នូវ​សមត្ថភាព​ផ្លូវកាយ​និង​ប្រព័ន្ធ​ធាតុ​ផ្សាំ​ចលនា​សកម្ម​នៃ​ការហ្វឹកហាត់​កន្លងមក ដែល​អាច​ឈានទៅរក​ភាពលំបាក​ក្នុងពេល​ស្តារ​គុណភាព​កម្លាំងកាយ និង​បច្ចេកទេស​ឡើងវិញ​»​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​របស់ NOCC ពេល​កីឡាករ​ឈប់សម្រាក​ដោយ​គ្មាន​ការហ្វឹកហាត់​។   
 
​ជាមួយគ្នានេះ NOCC ក៏បាន​ដាក់ចេញ​នូវ​គោលការណ៍​មួយចំនួន​ឲ្យ​កីឡាករ​អនុវត្ត ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​កូ​វីដ​-១៩​ផងដែរ​។ គោលការណ៍​ទាំងនោះ រួមមាន​ជៀសវាង​ទម្លាប់​អាក្រក់​បំផ្លាញ​សុខភាព​, ជៀសវាង​រស់នៅក្នុង​បរិយាកាស​អាប់អួរ ភាពកខ្វក់​ឬ​ក្លិន​អាក្រក់ និង​រក្សា​អនាម័យ​ខ្លួនប្រាណ និង​ឥរិយាបថ​ថែទាំ​សុខភាព​ជាដើម​។ 
 
​នៅ​ព្រឹក​ថ្ងៃទី​៣១ មីនា នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​វីដ​-១៩​ចំនួន​ពីរ​ករណី​បន្ថែមទៀត​លើ​ម្តាយ​និង​កូន​នៅ​ខេត្តសៀមរាប ដែល​ឆ្លង​ពី​ស្វាមី​ដែល​ទៅ​ចូលរួម​កម្មវិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩​នៅ​កម្ពុជា​កើនឡើង​ដល់​១០៩​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​២៣​នាក់​៕

Tag:
 NOCC
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com