COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា​ព្រួយ​បា​ម្ភ​ពី​ពលករ​របស់ខ្លួន​មកពី​ថៃ ថា​អាច​ចម្លង COVID-19
31, Mar 2020 , 8:19 pm        
រូបភាព
រូបភាព៖ Time
រូបភាព៖ Time
​មន្ត្រី​សុខាភិបាល​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​៣០ ខែមីនា បាន​អះអាងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​ប្រជាជន​របស់ខ្លួន ដែល​ទើប​ត្រលប់​មកពី​ថៃ​ជាង ៣​ម៉ឺន​នាក់ ថា អាចធ្វើ​ឲ្យ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) កាន់តែ​រីកធំឡើង​នៅក្នុង​ប្រទេស​។


 
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Channel News Asia រដ្ឋលេខាធិការ​សុខាភិបាល និង​កីឡា លោក Thar Tun Kyaw អះអាងថា ព្រំដែន​គោក​រវាង​ថៃ និង​មី​យ៉ាន់​ម៉ា គួរតែ​បិទ​តាំង​ពីមុន​ថ្ងៃទី​២៣ ខែមីនា​មក​ម្លេះ ពោលគឺ​មុន​ថ្ងៃ​មី​យ៉ាន់​ម៉ា​រកឃើញ​COVID-19 នៅក្នុង​ប្រទេស​។ 
 
​មុន​ថ្ងៃទី​២៣ ខែមីនា​នេះ មាន​ប្រជាជន​ចំណាកស្រុក​មកពី​ថៃ​រហូតដល់​ទៅ ៣២០០០​នាក់​ឯណោះ​។ ការណ៍​នេះ បាន​បង្ក​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា មាន​បញ្ហា​ព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​បញ្ហា​ប្រជាជន​ចំណាកស្រុក​នេះ ថា​អាច​នាំ COVID-19 ចូល​ប្រទេស និង​អាច​ចម្លង​ទៅ​ប្រជាជន​ផ្សេងទៀត​។ 
 
​បើតាម​បញ្ជាក់​របស់លោក​រដ្ឋលេខា​ធិ​ការ​សុខាភិបាល នៅពេល​ឆ្លងកាត់​ព្រំដែន ប្រជាជន គឺ​ដើរ​ថ្មើរជើង ហើយ​នេះ​គឺជា​បញ្ហា​ចោទ ដែល​អាច​ឆ្លង​ពី​អ្នកដំណើរ​ម្នាក់ ទៅ​អ្នកដំណើរ​ច្រើន​នាក់​ទៀត​។ ម្យ៉ាងទៀត ប្រជាជន​ដែល​បាន​ចូល​មកពី​មី​យ៉ាន់​ម៉ា មុខ​ថ្ងៃនេះ គឺ​មិនមាន​ការត្រួតពិនិត្យរ​កកូ​រ៉ូ​ណាវី​រុស ពី​សំណាក់​អាជ្ញាធរ​ព្រំដែន​ទេ ពោលគឺ​មី​យ៉ាន់​ម៉ា ទើបតែ​ចាប់ផ្តើម​ត្រួតពិនិត្យ​ចាប់ពី​ថ្ងៃទី​២៣ ខែមីនា​តែប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នេះ ប្រជាជន​ចំណាកស្រុក គឺមាន​លទ្ធ​មាន​ផ្ទុក COVID-19 ច្រើន​បំផុត ព្រោះ​ថៃ​មាន​COVID-19​រហូតដល់​ជាង ១​ពាន់​ករណី​ឯណោះ​។ 
 
​ដើម្បី​ទប់ស្កាត់​COVID-19 លោក Thar Tun Kyaw បាន​សំណូមពរ​ឲ្យ​ប្រជាជន ដែល​មកពី​ថៃ មុន​ថ្ងៃទី​២៣ ខែមីនា ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួន ចំណែក​រដ្ឋាភិបាល មន្ត្រី​ថ្នាក់មូលដ្ឋាន ប៉ូលិស ក៏​កំពុង​សហការគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នេះដែរ​។ លោក​រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ជុំវិញ​ពី​ការចាប់​បង្ខំ​ឲ្យ​ប្រជាជន​ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ដែរ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​រាតត្បាត​នៅក្នុង​ប្រទេស​។ 
 
​ចាប់តាំងពី​រកឃើញ​COVID-19 នៅក្នុង​ប្រទេស​មក មី​យ៉ាន់​ម៉ា បាន​រឹតត្បិត​ការធ្វើដំណើរ​យ៉ាង​តឹងរឹង​បំផុត​នៅក្នុង​ប្រទេស បិទ​ជើងហោះហើរ​អន្តរជាតិ​ទាំងអស់ ដើម្បី​បង្ការ​ករណី COVID-19 ។ គិត​មក​ត្រឹម​ថ្ងៃនេះ មី​យ៉ាន់​ម៉ា​មាន​COVID-19 សរុប​ចំនួន ១៤​ករណី និង​ស្លាប់ ១​ករណី​៕

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com