COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Messi និងសមាជិកក្រុម Barca កាត់ប្រាក់ឈ្នួល៧០% ដើម្បីជួយក្លិប និងបុគ្គលិក
× ខ្សែបម្រើឆ្នើម Lionel Messi រួមទាំងកីឡាកររបស់ Barcelona នឹងកាត់បន្ថយប្រាក់ឈ្នួលចំនួន ៧០ភាគរយ អំឡុងពេលមានជំងឺរាតត្បាត COVID-19 ។ មិនត្រឹមតែសម្រួលដល់ក្លិបដែលជួបវិបត្តិ កីឡាករទាំងអស់ធ្វើបែបនេះក្នុងគោលបំណងចូលរួមដើម្បីធានាថាបុគ្គលិកគ្រប់ផ្នែកនឹងទទួលបានប្រាក់ឈ្នួលពេញលេញ។
Messi ដែលជាប្រធានក្រុមក្លិបរហស្សនាមអ្នកមានបុណ្យ និងជម្រើសជាតិអាហ្សង់ទីន អះអាងថា បានកោះប្រជុំជាមួយកូនក្រុមខ្លួនដើម្បីពិភាក្សាគ្នារកដំណោះស្រាយដើម្បីជួយសម្រួលដល់ក្លិបស្របពេលកំពុងជួបបញ្ហា ហើយវិធីសាស្ត្រតែមួយដែលល្អបំផុត គឺការកាត់បន្ថយប្រាក់ឈ្នួលនេះឯង។
លីគកីឡាបាល់ទាត់កំពូលអេស្ប៉ាញ La Liga និងលីគក្រោមៗទៀត ត្រូវបានពន្យារពេលប្រកួត ក្រោយ COVID-19 រាលដាលកាន់តែខ្លាំងនៅជុំវិញពិភពលោក។ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងដ៏សាហាវនេះនៅលើទឹកដីអេស្ប៉ាញនៅពេលនេះបានកើនដល់ជិត៨ពាន់នាក់ហើយ និងជាប្រទេសទីពីរនៅអឺរ៉ុបដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបន្ទាប់ពីអ៊ីតាលី។
«មុននឹងបន្តដំណើរទៅមុខទៀត យើងចង់បញ្ជាក់ឲ្យច្បាស់ថាយើងតែងតែមានឆន្ទៈក្នុងការកាត់ប្រាក់ខែ ព្រោះយើងយល់ច្បាស់ថាយើងស្ថិតក្នុងស្ថានភាពលំបាក។ ក្នុងនាមយើងជាកីឡាករត្រូវតែគិតគូ ដើម្បីជួយក្លិបនៅពេលពួកគេស្នើសុំជំនួយពីយើង»។ នេះជាការលើកឡើងរបស់ Messi។
ម្ចាស់ពាន Ballon d'Or ៦សម័យ វ័យ៣២ឆ្នាំបន្ថែមថា ៖«ដល់ពេលដែលត្រូវចែករំលែក ដោយការកាត់ប្រាក់ឈ្នួលចំនួន ៧០ ភាគរយនៃប្រាក់ឈ្នួលសរុបរបស់យើងអំឡុងពេលភាពអាសន្ននេះ។ យើងនឹងជួយក្លិបដើម្បីធានាឲ្យបុគ្គលិក និងកម្មកររបស់ Barca ទទួលបានប្រាក់ឈ្នួល ១០០ភាគរយពេញដូចធម្មតា»។
មិនត្រឹមតែក្រុមកីឡាបាល់ទាត់របស់ Barcelona នោះទេ សូម្បីតែកីឡាកររបស់ក្រុមកីឡារបាល់បោះក៏បានយល់ព្រមកាត់បន្ថយប្រាក់ខែរបស់ពួកគេ។ ក្រុមកីឡាកររបស់ Juventus រួមជាមួយអ្នកចាត់ការទូទៅ ក៏សម្រេចមិនយកប្រាក់ឈ្នួលពេញរហូតដល់៤ខែ ដែលមានទំហំទឹកប្រាក់១០០លានដុល្លារអាមេរិកផងដែរ ដើម្បីរួមចំណែកជួយក្លិប។ នៅអាល្លឺម៉ង់ កូនក្រុមរបស់ Bayern Munich និង Borussia Dortmund ក៏បន្ថយប្រាក់បៀវត្សរៀងខ្លួន៕
Tag:
COVID-19
Lionel Messi
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com