COVID-19
ជាតិ
ហេតុអ្វីតម្លៃផ្លែស្វាយដាំក្បាលចុះនៅឆ្នាំនេះ? អ្នកដាំថ្ងូរដូចសត្វព្រាប…!
×
លិខិតមិត្តអ្នកអាន
ជារៀងរាល់ឆ្នាំ ផ្លែស្វាយអាចលក់បានក្នុងតម្លៃគួរសម ពោល គឺ មួយគីឡូក្រាមអាចលក់បានក្នុងរង្វង់១០០០រៀល ឬលើសពីនេះ។ តែនៅឆ្នាំនេះ(២០២០) តម្លៃបានដាំក្បាល់ចុះមកនៅត្រឹមតែរង្វង់២០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ ការធ្លាក់ថ្លៃដល់កម្រិត២០០រៀលក្នុងមួយគីឡូក្រាមនេះ កម្រនឹងកើតមាននៅលើទីផ្សារនៃប្រទេសកម្ពុជាណាស់។ តែឆ្នាំនេះ គឺជាករណីពិសេស។
ខ្ញុំបានលឺអ្នដាំគ្រប់ទីកន្លែងរអ៊ូគ្រប់គ្នាជុំវិញការធ្លាក់ថ្លៃតម្លៃផ្លែស្វាយនេះ។ អ្នកដាំខ្លះ សុខចិត្តទុកផ្លែស្វាយឲ្យរលួយចោល ព្រោះ ថ្លៃឈ្នួលបេះ ថ្លៃជាងផ្លែស្វាយទៅទៀត។ ដូច្នេះ ជម្រើសល្អ គឺទុកចោលនៅចម្ការតែម្តង។ នៅពេលដែលខ្ញុំសាកសួរថា មូលហេតុអ្វីបានជាស្វាយធ្លាក់ថ្លៃ? អ្នកដាំនៅម្តុំស្រុក កោះធំ ខេត្តកណ្តាលបាននិយាយថា ព្រោះ វៀតណាមឈប់ទិញដោយសារមេរោគកូវីដ១៩។
អ្នកដាំកន្លែងផ្សេងក៏ទម្លាក់កំហុសភាគច្រើនទៅលើការអាក់ខាននៃការនាំចេញដោយសារកូវីដ១៩ដែរ។ ប៉ុន្តែបើតាមការសង្កេតខ្ញុំផ្ទាល់របស់ខ្ញុំវិញ គឺថា រឿងកូវីដ ជារឿងមួយហើយ។ តែការដាំច្រើនជ្រុលពេក ជាពិសេស អ្នកដាំភាគច្រើន ច្រើនតែដាំស្វាយកែវមៀតមួយប្រភេទប៉ុណ្ណោះ។ ម្យ៉ាងទៀត កម្ពុជានៅមិនទាន់មានសិប្បកម្មកែច្នៃផ្លែស្វាយច្រើននៅឡើយទេ។
ការដាំតាមគ្នា ឬដាំដំណាំដូចគ្នាតែមួយប្រភេទនេះ ត្រូវបានគេសង្កេតឃើញថា អ្នកជំនួញនៅកម្ពុជាច្រើនតែធ្វើជំនួញតាមគ្នា។ ពេលលក់ដីបានលុយ នាំគ្នាធ្វើជំនួញដី។ ពេលដាំកៅស៊ូបានចំណូល នាំគ្នាធ្វើគ្រប់គ្នា។ ពេលដាំស្វាយចន្ទីបានប្រាក់គួរសម នាំគ្នាធ្វើទាំងអស់គ្នា។ ពេលដាំម្រេចបាន នាំគ្នាដាំ។ល។ ការធ្វើជំនួញតាមគ្នា មិនមែន មិនល្អទេ។ តែបច្ច័យអាក្រក់ក៏កើតឡើងច្រើនដែរ។
ត្រឡប់មកប្រធានបទផ្លែស្វាយវិញ ស្វាយធ្លាក់ថ្លៃ ព្រោះ អ្នកដាំច្រើនជ្រុលពេក។ ដាំទាំងសម្រាប់ធ្វើជំនួញ និងដាំជាលក្ខណៈគ្រួសារ។ ងាកទៅទីណា ក៏ឃើញគេដាំដើមស្វាយដែរ។ ដាំរហូតឃើញតែអ្នកដាំ ហើយមិនសូវឃើញអ្នកទិញទេ។ ដូច្នេះ ដើម្បីកុំឲ្យជំនួញកសិកម្មចេះតែក្ស័យធន ចូរកុំធ្វើជំនួញតាមគ្នា និងដាំតាមគ្នា! ចូរសិក្សាទីផ្សារបន្តិចសិន មុននឹងចាប់ផ្តើមដាំដំណាំអ្វីមួយ៕
(លោក លឹម រតនា ពលរដ្ឋភ្នំពេញ)
© រក្សាសិទ្ធិដោយ thmeythmey.com