COVID-19
អន្តរជាតិ
COVID-19៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល មិន​ចង់​រឹតត្បិត​ប្រទេស​កាន់តែខ្លាំង ព្រោះ​ធ្វើ​ឲ្យ​បាត់បង់​ការងារ​
31, Mar 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ។ រូបភាព៖ Reuters
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ។ រូបភាព៖ Reuters
​ប្រធានាធិបតី​ប្រេ​ស៊ី​ល  ជែ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) នា​ថ្ងៃទី​៣០ ខែមីនា បាន​ជំរុញ​មិន​ឲ្យ​អាជ្ញាធរ​របស់ខ្លួន​បន្ថែ​ម​វិធានការ​រឹតត្បិត ឬ​ដា​ក់ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស​ទៀតឡើយ​។ សម្រាប់​លោក ប្រសិនជា​បន្ថែម​ចំណាត់ការ​ទៀត ប្រជាជន​ប្រេ​ស៊ី​ល ក៏ដូចជា​ប្រជាជន​ក្រីក្រ នឹង​ទទួលរង​ផលវិបាក​ជាច្រើន​។​


 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា ប្រេ​ស៊ី​ល មាន​ករណី COVID-19 សរុប ៤៦៣០​ករណី ស្លាប់ ១៦៣​ករណី និង​ជាសះស្បើយ ១២០​ករណី​។ មុខ​តួលេខ​កើន​ឡើយ​ដល់​ជាង​៤​ពាន់​នេះ ប្រេ​ស៊ី​ល​បានដាក់​ទីក្រុង Rio de Janeiro និង Sao Paulo ក្នុង​ភាពអាសន្ន​រួចហើយ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ COVID-19 នៅក្នុង​ទីក្រុង​ទាំងពីរ​នេះ ក៏ដូចជា​ប្រេ​ស៊ី​ល​ទាំងមូល​។ ផ្អែក​តាម​ចំណាត់ការ​នេះ ទីក្រុង Rio de Janeiro និង Sao Paulo បាន​បិទ​ជើងហោះហើរ សាងសង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន និង​រឹតត្បិត​ការធ្វើដំណើរ​ជាដើម​។ 
 
​យ៉ាងណាមិញ មេដឹកនាំ​ប្រទេស​នេះ មិន​ចង់ឃើញ​ការ​រឹតត្បិត​ថែមទៀត​ឡើយ​។ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​Rede TV ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក ជែ បុល​សូ​ណា​រ៉ូ បានបញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា​៖ « អ្នក​មិនអាច​ដាក់​វិធានការ​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត​បានទេ ខណៈពេល​អ្នក​បានដាក់​មួយចំនួន​រួចហើយ​»​។ ក្នុងន័យនេះ លោក​ប្រធានាធិបតី បាន​រិះគន់​លើ​អាជ្ញាធរ​តំបន់ ដែល​បានដាក់​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការរីក​សាយ​នៃ COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បើតាម​ការអះអាង​រប​ស់លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល ប្រជាជន​តែងតែ​សួរ​លោក ថា តើ​ពេលណា​ពួកគេ​អាច​ត្រលប់​ទៅធ្វើ​ការ​បាន​វិញ​។  ក្នុងន័យនេះ ប្រសិនបើ​រដ្ឋាភិបាល​ប្រេ​ស៊ី​ល បិទ​ក្រុង ឬ​បន្ថែ​មការ​រឹតត្បិត​បន្ថែមទៀត ប្រជាជន​ជាច្រើន​នាក់ នឹង​បាត់បង់​ការងារ ហើយ​ភាគច្រើន​ទទួលរង​ការលំបាក​។ 
 
​នា​ថ្ងៃទី​៣០ ខែមីនា កន្លងមកនេះ ព្រឹទ្ធសភា​ប្រេ​ស៊ី​ល បានអនុម័ត​កញ្ចប់​ថ​វិកា​សម្រាប់​ប្រជាជន​ក្រីក្រ​រួចហើយ ប៉ុន្តែ​សម្រាប់តែ​ប្រជាជន​ក្រីក្រ​ប៉ុណ្ណោះ​។ ប្រជាជន​ម្នាក់ៗ អាច​ទទួលបាន​ប្រមាណ ១១៧​ដុល្លារ ក្នុង​មួយខែ ដែលមាន​រយៈពេល ៣​ខែ​។ ក្រៅពីនេះ នៅមាន​កញ្ចប់​ថវិកា​ផ្សេងទៀត សម្រាប់​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច ដែល​រង​ផលប៉ះពាល់​ដោយសារតែ ការ​រាតត្បាត​នៃ COVID-19​។ ទឹកប្រាក់​សរុប អាចមាន​រហូតដល់​ទៅ ១៥៧​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 
​កន្លងមក លោក បុល​សូ​ណា​រ៉ូ ធ្លាប់​ព្រមាន​ហើយ​ថា ស្ថានភាព​ប្រេ​ស៊ី​ល​នៅពេលនេះ គឺ​កំពុង​ទៅរក​ភាពវឹកវរ ដែល​បង្ក​ឲ្យ​មាន​អត្រា​អត់​ការងារ​ធ្វើ​យ៉ាងច្រើន ភាពអត់ឃ្លាន និង​បញ្ហា​ផ្សេងទៀត​។ ជាពិសេស លទ្ធិ​ប្រជាធិបតី​ប្រេ​ស៊ី​ល ក៏​អាច​នឹង​បាក់បែក​ផងដែរ ដោយសារតែ​បាតុកម្ម​របស់​ប្រជាជន ដែល​កើតចេញ​វិបត្តិ​គ្មាន​ការងារ​ធ្វើ​៕

Tag:
 ប្រេ​ស៊ី​ល​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com