COVID-19
ជាតិ
Covid-19៖ ម្ចាស់សាលារៀនឯកជន ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដែរ​
31, Mar 2020 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Westline Education Group បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ខ្លាំង​ ចំពោះ​វិនិយោគិន​លើ​វិស័យ​អប់រំ​ឯកជន ដែល​កំពុងមាន​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ នៅក្នុង​ពេលនេះ​។ តាមរយៈ​លិខិត​ដែល​ត្រូវបាន​ផ្ញើមក​សារព័ត៌មាន​ថ្មីៗ លោក ប៉ិច បូ​ឡែ​ន បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​ ចាត់ទុក​វិស័យ​អប់រំ​ឯកជន​ជា​អាទិភាព​មួយ​ផងដែរ នៅក្នុង​កញ្ចប់​នៃ​ដំណោះស្រាយ ដោយ​លោក​បាន​ស្នើសុំ​យន្តការ​មួយចំនួន ដើម្បី​ដាក់ជូន​រដ្ឋាភិបាល​។​

 
​នៅ​អំឡុងពេល​សម្រាក​វិស្សមកាល​តូច​នេះ គ្រឹះស្ថាន​អប់រំ​ឯកជន​ទាំងអស់​បាន និង​កំពុង​ប្រឹងប្រែង​បន្តការបង្រៀន​ពី​ចម្ងាយ​ជូន​សិស្ស និង​និស្សិត​ទាំងអស់​ទៅតាម​លទ្ធភាព ​ដែល​ខ្លួន​មាន​។ គ្រឹះស្ថាន​អប់រំ​ស្ទើរ​ទាំងអស់ ជាពិសេស​គ្រឹះស្ថាន​ដែល​ទទួល​ថ្លៃ​សិក្សា​ប្រចាំខែ និង​ត្រីមាស ​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ លើ​ការបើកប្រាក់​ឈ្នួល​ជូន​បុគ្គលិក គ្រូបង្រៀន ថ្លៃឈ្នួល​អគារ និង​កាតព្វកិច្ច​ចំណាយ​ផ្សេងៗ​ទៀត​។​
 
​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ ដែល​បាន​អំពាវនាវ​អោយមាន​ការយល់​យោគ​ពី​ម្ចាស់​អគារ និង​បាន​អន្តរាគមន៍​គោលនយោបាយ​ជាច្រើន ​ដល់​ធុរជន​កម្ពុជា​។ ពោលគឺ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​សុំឱ្យ​ម្ចាស់​អគារ​ ទម្លាក់​តម្លៃ​ជួល​៥០​ភាគរយ ឬ​ពន្យា​រការបង់ថ្លៃ ក្នុង​បរិបទ​នៃ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19​នេះ​។​
 
​សូម​អរគុណ​ដល់​ក្រសួងសុខាភិបាល​ ដែល​បាន និងកំពុង​ដឹកនាំ​ការងារ​ប្រយុទ្ធប្រឆាំង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​សូម​អរគុណ​ដល់​ក្រសួង​អប់រំ​ ដែល​បាន​ផ្តួចផ្តើម​ដំណើរការ ការគាំទ្រ​រៀន​ពី​ចម្ងាយ ​ជូន​សិស្ស​ចំណេះ​ទូទៅ​ខ្មែរ​។​
 
​ដើម្បី​និរន្តរ​ភាព​សាលារៀន ក៏ដូចជា​ស្ថិរភាព​ការងារ​បុគ្គលិក គ្រូបង្រៀន​តាម​គ្រឹះស្ថាន​អប់រំ​ឯកជន សូម​ស្នើសុំ​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ពិចារណា​ចាត់​វិស័យ​អប់រំ​ឯកជន ​ដែល​កំពុងផ្តល់​ការងារ​រាប់ម៉ឺន​នាក់ និង​ផ្តល់​ការសិក្សា​ដល់​សិស្ស និស្សិត​រាប់សែន​នេះ ជា​វិស័យ​អាទិភាព​មួយ​ផង និង​សូម​ពិចារណា​ផ្តល់ជូន ​យន្តការ​ពិសេស​មួយចំនួន ដូចខាងក្រោម​ជូន​គ្រឹះស្ថាន​អប់រំ​ឯកជន​៖
 
១. រៀបចំ​ឥណទាន​ឡើងវិញ ឬ​ការផ្តល់​ឥណទាន​បន្ថែម​​ ដែលមាន​ភាពបត់បែន និង​យល់យោគ​មួយ​។​
២. លើកលែង​ការបង់ប្រាក់​របប​បេឡា​សន្តិសុខ​សង្គម​ រហូតដល់​ស្ថានភាព​ប្រសើរ​ជាថ្មី​។​
៣. ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ ២០%​ នៃ​ប្រាក់ខែ​អប្បបរមា ​១៩០​ដុល្លារ​ ដល់​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន ​ដែល​អាចនឹងទទួល​រង​ផលប៉ះពាល់ ពី​ការកាត់បន្ថយ​បៀវត្ស ការព្យួរ​ការងារ ឬ​ការផ្អាក​សកម្មភាព​អាជីវកម្ម​។​
៤. ពន្យា​រពេល​ការរៀបចំ​សៀវភៅ​ការងារ​បុគ្គលិក​បរទេស ​ក្នុងអំឡុង​ពេលនេះ​។​
៥. ផ្តល់ជូន​កញ្ចប់​ថវិកា​សមរម្យ​ណាមួយ​ សម្រាប់​គ្រឹះស្ថាន​អប់រំ ដែល​រង​ផលប៉ះពាល់​ខ្លាំង​ ដោយសារ​កូ​វីដ​-១៩ ​សម្រាប់​ដំណើរការ​គ្រឹះស្ថាន​ឡើងវិញ​។​
៦. សូម​ម្ចាស់​អគារ​ទាំងអស់​ ដាក់ចិត្ត​យល់ និង​ស្វែ​ករក​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​មួយ ជាមួយ​ម្ចាស់​អាជីវកម្ម​ក្នុងអំឡុង​ពេលនេះ​។​
 
​ខ្ញុំ​ជឿថា យើងទាំងអស់គ្នា រដ្ឋាភិបាល និង​ប្រជាជន វិស័យ​រដ្ឋ និង​ឯកជន សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និង​គ្រឹះស្ថាន​អប់រំ យើងទាំងអស់គ្នា ​ជា​ប្រជាជន​ខ្មែរ​ពិតជា​អាច​យកជ័យ​ជម្នះ ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​កូ​វីដ​-១៩​នេះ ហើយ​និង​អាច​បន្ត​ការអភិវឌ្ឍ​ធនធានមនុស្ស និង​សេដ្ឋកិច្ច​ប្រទេស​យើង​ អោយ​រីកចម្រើន​បន្ត​ដូច​ចិត្ត​យើង​ចង់បាន​ទាំងអស់គ្នា​។​
 
​សហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា ​បាន​ចូលរួម​១​ម៉ឺន​ដុល្លារ និង Westline Education Group ក៏បាន​ចូលរួម​១​ម៉ឺន​ដុល្លារ​ ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្ រី​ក្នុង​យុទ្ធនា​ការបង្ការ ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com