អន្តរជាតិ
នាវាចម្បាំង​ជប៉ុន និង​ទូក​នេសាទ​ចិន​ប៉ះទង្គិច​គ្នា​នៅក្នុង​សមុទ្រ​ក្បែរ​ក្រុង​សៀង​ហៃ​
31, Mar 2020 , 10:39 pm        
រូបភាព
ដោយ:
​នាវាចម្បាំង​ជប៉ុន និង​ទូក​នេសាទ​ចិន​បាន​ប៉ះទង្គិច​គ្នា​នៅក្នុង​សមុទ្រ​ក្បែរ​ទីក្រុង​សៀង​ហៃ ប៉ុន្តែ​ពុំមាន​អ្នករបួស​ឡើយ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័​ត៍​មាន​ជប៉ុន Kyodo ​នៅ​ថ្ងៃ ៣១ មីនា​នេះ​។

 
​នាវាចម្បាំង Shimakaze របស់​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ទទួលរង​ការប៉ះទង្គិច​ផ្នែក​ខាងឆ្វេង​។ នេះ​បើតាម Kyodo ដែល​ស្រង់​ប្រភពពី​ក្រសួងការពារជាតិ​ជប៉ុន​។​
 
​យោងតាម​Kyodo ដដែល នាវាចម្បាំង និង​ទូក​នេសាទ​ដែលមាន​នាវិក​ចំនួន ១៣​រូប នោះ​នៅ​អាច​បន្តរ​ដំណើរ​បានជា​ធម្មតា​ក្រោយ​ការប៉ះទង្គិច​គ្នា​។​
 
​នាវាចម្បាំង Shimakze ត្រូវបាន​ដឹងថា ចេញ​ប្រតិបត្តិការ​ល្បាត ក្រោយ​ចាក​ចេញពី​កំពង់ផែ Sasebo នៃ​ទីក្រុង​ណាហ្គា​សា​គី​ភាគខាងត្បូង​ប្រទេស​ជប៉ុន​។ ចំណែកឯ​ក្រ​សូង​ការពារជាតិ​ជប៉ុន​វិញ​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​សហប្រតិបត្តិការ​ជាមួយ​ឆ្មាំ​សមុទ្រ​ជប៉ុន​ដើម្បី​បើក​ការស៊ើបអង្កេត ក៏ដូចជា​ស្វែ​ករក​ព័​ត៍​មាន​បន្ថែម​ពី​ខាង​នាវា​។ 
 
​ចំណែក​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ជប៉ុន NHK បាន​ឲ្យ​ដឹងថា​ឧ​ប្បទ​វ​ហេតុនេះ​កើតឡើង​ចំងាយ ៦៥០​គ​.​ម​. ខាងលិច​កោះ Yakushima​។​
 
​គួរបញ្ជាក់​ផងដែរ​ថា កន្លែង​ដែល​កើតមាន​ហេតុការណ៍​ខាងលើនេះ​ស្ថិតនៅ​ភាគ​ខាងជើង​តំបន់​ដែលមាន​ជម្លោះ​រវាង​ចិន និង​ជប៉ុន​ក្នុង​សមុទ្រ​ចិន​ខាងកើត​លើ​ការកាន់កាប់​ប្រជុំ​កោះ​ស៊ិន​កា​គុ (Senkaku) ជា​ភាសា​ជប៉ុន និង ទាវ​យូ (Diaoyu) ជា​ភាសា​ចិន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com