COVID-19
ជាតិ
មន្ត្រី​ជំនាញ រឹបអូស​អាល់កុល​ក្លែងក្លាយ​ជិត​២០០​លីត្រ នៅ​ភ្នំពេញ ពោធិ៍សាត់ និង​សៀមរាប​
31, Mar 2020 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​រឹបអូស​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) សរុប​ជិត​២០០​លីត្រ នៅ​រាជធានី​ភ្នំពេញ ពោធិ៍សាត់ និង​សៀមរាប កាលពី​ថ្ងៃទី​៣០ មីនា​។


 
​មន្ត្រី​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​អាល់កុល ,​អង្កេត​តម្លៃ​លក់​ម៉ាស់ និង​ស្វែងរក​ឧ​បករ​ណ៌​សម្រាប់​ធ្វើតេស្ត​COVID-19 ដែល​ត្រូវបាន​ហាមឃាត់​លក់ នៅតាម​បណ្តា​ឱសថស្ថាន ក្នុង​ខណ្ឌ​ទាំង ១២ ចំនួន ៩៥ ទីតាំង នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​ក៏បាន​រឹបអូស​អាល់កុល​ក្លែងក្លាយ​៣៨​លីត្រ​។​
 
​ដោយឡែក​នៅ​ខេត្តសៀមរាប​វិញ មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​ទីតាំង​ឱសថ​មួយចំនួន ស្ថិតនៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​នោះ ក៏​ប្រទះឃើញ​អាល់កុល​ក្លែងក្លាយ​៣៦​លីត្រ ដែល​បាន​ដាក់លក់​ក្នុង​ឱសថស្ថាន​២ ទីតាំង​ដែរ​។ រីឯ​នៅ​ខេត្តពោធិ៍សាត់ អាជ្ញាធរ​បាន​រឹបអូស​អាល់កុល​៩៨​លីត្រ​ផងដែរ​។ សមត្ថកិច្ច ក៏បាន​យក​វត្ថុតាង​ទាំងនេះ មក​រក្សាទុក ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។​
 
«​គោលបំណង​នៃ​ការចុះ​ប្រតិបត្តិការ គឺ​ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ​នេះ មាន​ម្ចាស់​ឱសថស្ថាន ឬ​អាជីវករ​មួយចំនួន ឆ្លៀតឱកាស ដាក់លក់​អាល់កុល ជែ​ល​លាងដៃ​ក្លែងក្លាយ ឧ​បករ​ណ៌​សម្រាប់​ធ្វើតេស្ត​កូ​វីដ​-១៩ និង​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់ និង​លក់​ម៉ាស់​មានតម្លៃ​ខ្ពស់ កេង​យក​ផល ចំណេញ​ហួសហេតុ មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ស្រប​ពេលដែល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក​កំពុង​ជួបប្រទះ​គ្រោះ​នៃ​ការរីក​រាលដាល នៃ​វីរុស COVID-19 »​។ នេះ​បើតាម​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​។​
 
​ម​ន្ទ្រី​ជំនាញ​ស្នើ​អាជីវករ​ទាំងអស់ កុំ​ឆ្លៀតឱកាស​លក់​ផលិតផល​ម៉ាស់ និង​អាកុល សម្រាប់​លាង​សម្អាត​ដៃ ដោយ​កឹ​ប​កេង​យក​ផលចំណេញ​ហួសហេតុ ។ ជាពិសេស​ប្រជាពលរដ្ឋ កុំ​ទិញ​ផលិតផល អាល់កុល​ណា ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការទិញ​ផលិតផល​ក្លែងក្លាយ ឬ​គ្មាន​គុណភាព​យកមកប្រើ​ប្រាស់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​៕

Tag:
 COVID-19
  អាល់កុល
© រក្សាសិទ្ធិដោយ thmeythmey.com