COVID-19
ជាតិ
សង្គមជាតិ
អ្នកធ្វើការតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន...បានប្រាក់២០ភាគរយ បើព្យួរការងារ
31, Mar 2020 , 6:30 pm        
រូបភាព
សកម្មភាពបុគ្គលិក លើកអាហារជូនភ្ញៀវ ក្នុងភោជនីយដ្ឋានមួយ នៅក្រុងសៀមរាប (រូប ថតចេញពីវីដេអូរបស់ Khmertrip KH)
សកម្មភាពបុគ្គលិក លើកអាហារជូនភ្ញៀវ ក្នុងភោជនីយដ្ឋានមួយ នៅក្រុងសៀមរាប (រូប ថតចេញពីវីដេអូរបស់ Khmertrip KH)
ដូចកម្មករ-កម្មការិនីរោងចក្រដែរ អ្នកបម្រើងារងារតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលត្រូវព្យួរការងារ ទទួលបានប្រាក់ឧបត្ថម្ភ២០ភាគរយនៃប្រាក់ខែគោលរបស់ពួកគេ ជាប្រចាំខែពីរដ្ឋាភិបាល។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលស្តីពីវិធានការបន្ថែមសំដៅជួយវិស័យឯកជននិងកម្មករ-និយោជិត ដែលរងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។



អត្ថបទទាក់ទង

រដ្ឋាភិបាល បញ្ជាក់ថា ការឧបត្ថម្ភប្រាក់២០ភាគរយនៃប្រាក់ខែគោលនេះ គឺតម្រូវឲ្យពួកគេ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី អាចចាប់ពី១ទៅ២សប្តាហ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍។ រដ្ឋាភិបាល បន្តថា ការបើកប្រាក់ឧបត្ថម្ភនេះ ទាមទារឲ្យមានយន្តការផ្ទៀងផ្ទាត់និងជ្រើសរើសសិក្ខាកាមចូលរួមជាកម្មករ-និយោជិត តាមរយៈការពិនិត្យបញ្ជីឈ្មោះកម្មករ-និយោជិត ពីសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដោយមានឈ្មោះភ្ជាប់ជាមួយលេខបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬការបញ្ជាក់ពីម្ចាស់អាជីវកម្ម។

ក្រៅពីការជួយកម្មករ-និយោជិត រដ្ឋាភិបាល ក៏បានជួយសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែរ ដែលជាប្រភេទអាជីវកម្ម ស្ថិតក្នុងចំណោមវិស័យទេសចរណ៍។ បើតាមសេចក្តីណែនាំដដែល រដ្ឋាភិបាល សម្រេចលើកលែងពន្ធប្រចាំខែគ្រប់ភេទរយៈពេល៣ខែ ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍។

សេចក្តីណែនាំ បានឲ្យដឹងទៀតថា អាជីវកម្មប៉ុន្មានប្រភេទខាងលើ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាការ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើកលែងពន្ធនេះ។ សេចក្តីណែនាំ សរសេរទៀតថា រដ្ឋាភិបាល កំណត់ឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ ឲ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២០ តែប្រាក់ពន្ធ ត្រូវបានអនុញ្ញាតឲ្យបង់រំលស់ជារៀងរាល់ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០។

តាមពិតទៅ ប្រភេទអាជីវកម្ម៣-៤ខាងលើនេះ រដ្ឋាភិបាល ពុំបានបិទឡើយ តែដោយសារឥទ្ធិពលនៃការរាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះជាគំហុក ហើយត្រូវបង្ខំឲ្យទីតាំងមួយចំនួននៃអាជីវកម្មទាំងនេះ ត្រូវបិទជាបណ្តោះអាសន្ន ហើយកម្មករ-និយោជិត ត្រូវបាត់ការងារមួយរយៈ។ ប្រមុខរដ្ឋាភិបាល ប្រកាសកន្លងមកថា វិស័យទេសចរណ៍និងវិស័យរោងចក្រ រងផលប៉ះពាល់ខ្លាំងជាងគេ។

ចំពោះរោងចក្រកាត់ដេរ ប្រមុខរដ្ឋាភិបាល អះអាងថា មិនអាចបិទឡើយ។ ទោះជាយ៉ាងនេះក្តី មានរោងចក្រជាង៥០ហើយ ត្រូវព្យួរការដោយខ្លួនឯង ក្រោមមូលហេតុខ្វះវត្ថុធាតុដើមពីចិន។ ដោយសារតែការរាលដាលនៃវីរុសកូវីដ-១៩ ក្រុមហ៊ុននិងរោងចក្រជាច្រើននៅចិន បានផ្អាកផ្គត់ផ្គង់វត្ថុធាតុដើម ទៅបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ ក្រោយការរាលដាលនៃវីរុសនេះ មានសភាពស្រាកស្រាន្តនៅចិន ក្រុមហ៊ុននិងរោចក្រនៅចិន ក៏ចាប់ផ្តើមផ្គត់ផ្គង់វត្ថុធាតុដើមវិញ។

សម្រាប់កម្ពុជា ហាក់ទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមឆាប់រហ័សជាងគេ ដោយសារតែរដ្ឋាភិបាលកម្ពុជា ទទូចឲ្យរដ្ឋាភិបាលចិនជួយជ្រោមជ្រែង។ ប៉ុន្តែ វិស័យរោងចក្រនៅកម្ពុជា មិនទាន់មានស្ថានភាពល្អប្រសើរដូចដើមឡើយ។

ដោយឡែក អាជីវកម្មមួយចំនួន គឺត្រូវរដ្ឋាភិបាល បិទតែម្តង រួមមាន ខារ៉ាអូខេ ក្លិបកម្សាន្ត បៀកាឌិន និង កាស៊ីណូ។ គេ មិនទាន់ដឹងទេថា រដ្ឋាភិបាល អាចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិតនៃអាជីវកម្មទាំងនេះដែរ ឬយ៉ាងណា។

រដ្ឋាភិបាល ក៏បានបិទសាលរៀន សារមន្ទីរ និង ព្រះបរមរាជវាំងដែរ ហើយការប្រគំតន្រ្តីតាមទីសាធារណៈនិងការជួបជុំតាមបែបសាសនា ក៏ត្រូវឲ្យបញ្ឈប់។ ការផ្តល់សេវាឡានក្រុងរដ្ឋនិងសេវាកាណូតរដ្ឋ ត្រូវផ្អាកដូចគ្នា។ ការបិទឬការផ្អាកទាំងអស់នេះ រដ្ឋាភិបាល នឹងបើកឲ្យដំណើរការឡើងវិញ នៅពេលណាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាល។

គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ១០៣នាក់ហើយ ដោយក្នុងនោះ មាន២៣នាក់ បានជាសះស្បើយវិញ ។

ការរកឃើញអ្នកឆ្លងកូវីដ-១៩ ពីមួយថ្ងៃទីមួយនេះ បានជំរុញឲ្យរដ្ឋាភិបាល កម្ពុជា ពិចារណាដាក់ប្រទេសក្នុងភាពមានអាសន្ន ដើម្បីមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការគ្រប់គ្រងការរាលដាលនៃវីរុសនេះ។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន មុននឹងដាក់ជូនទៅរដ្ឋសភា៕

Tag:
 COVID-19
  ឧបត្ថម្ភប្រាក់និយោជិត
© រក្សាសិទ្ធិដោយ thmeythmey.com