COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle ក្លិប​នៅ EPL ដំបូង​គេ​ដែល​បញ្ឈប់​បុគ្គលិក ដោយសារ​វិបត្តិ COVID-19
01, Apr 2020 , 8:29 am        
រូបភាព
Newcastle United បាន​ក្លាយជា​ក្លិប​ដំបូង​គេ​នៅ Premier League ដែល​ឲ្យ​បុគ្គលិក​ឈប់សម្រាក​បណ្តោះអាសន្ន​ដោយសារ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត COVID-19​។ បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លិប ជា​រឿង​ចម្បង​នាំ​ឲ្យ​មានការ​បញ្ឈប់​បុគ្គលិក​បែបនេះ​។​


 
​នាយក​គ្រប់គ្រង​ក្លិប​លោក Lee Charnley បាន​ផ្ញើ​សារ​តាមរយៈ​អ៊ីមែល​ទៅកាន់​បុគ្គលិក​ទាំងអស់​នៅ​ថ្ងៃទី​៣០ ខែមីនា ដោយ​រៀបរាប់​ពី​ការសម្រេចចិត្ត​នេះ​ថា​ធ្វើឡើង​ដើម្បី​ការពារ​អនាគត​ក្លិប​ប៉ុណ្ណោះ​។ ក្រុមការងារ និង​បុគ្គលិក​តាម​ផ្នែក​ផ្សេងៗ​របស់​ក្លិប​រហស្សនាម​សារិកា​ព្រៃ ត្រូវបាន​ណែនាំ​ឲ្យ​សរសេ​ពាក្យ សុំ​រក្សា​ការងារ​របស់ខ្លួន​ដើម្បី​ចូលមក​កាន់​ការងារ​នៅពេល​ក្រោយ​។​
 
​យ៉ាងណាក៏ដោយ បុគ្គលិក​របស់ Newcastle នឹង​ទទួលបាន​ប្រាក់ខែ ១០០​ភាគរយ​ដដែល​រហូតដល់​ចុងខែ​មេសា ពោលគឺ​រហូតដល់​មាន​សេចក្តីសម្រេច​ផ្សេងទៀត​ដែល​នឹងត្រូវ​ពិនិត្យឡើងវិញ​ជុំវិញ​ការបញ្ឈប់​បុគ្គលិក​នេះ​។​
 
​គ្មាន​ឡើយ​ការប្រកួត​គ្រប់​កម្មវិធី​សម្រាប់​រដូវ​កាលដែល​នៅ​សេះសល់ ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ប្រកាស​ឲ្យ​មានការ​ពន្យារ​បណ្តោះអាសន្ន​រហូតដល់​ចុងខែ​មេសា ឬ​បញ្ចប់​តែម្តង ប្រសិនបើ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មិន​ធ្លាប់មាន​ដែល​បានសម្លាប់​មនុស្ស​យ៉ាងច្រើន​ជុំវិញ​ពិភពលោក​នេះ​នៅតែ​មិន​ថមថយ​។​
 
​គ្មាន​ការប្រកួត គឺ​គ្មាន​ចំណូល​បន្ថែម​ឡើយ​។ ដូច្នេះ ក្លិប​នៅ​អង់គ្លេស និង​ជា​ក្លិប​ក្នុង​លី​គ​កំពូល​ដំបូង​គេ​ដែល​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការងារ​បុគ្គលិក​បណ្តោះអាសន្ន ដើម្បី​រក្សា​លំនឹង​ហិរញ្ញវត្ថុ អំឡុង​វិបត្តិ COVID-19 នេះ​។ ដោយឡែក ខាង​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League មិនមាន​យោបល់​អ្វី​ត្រូវ​លើកឡើង​ដែរ ជុំវិញ​ការបញ្ឈប់​បុគ្គលិក​បណ្តោះអាសន្ន​នេះ​។​
 
​កាលពី​ខែមករា Newcastle ធ្លាប់មាន​ការពិភាក្សា​មួយ​អំពី​ការលក់​ក្លិប​ក្នុងតម្លៃ ៣៤០ លាន​ផោន (៤១៨​លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប៉ុន្តែ​ព័ត៌មាន​ជុំវិញ​រឿងនេះ​បាន​ស្ងាត់​ទៅវិញ រហូតដល់​មានការ​ផ្អាក​ការប្រកួត​ក្នុង​លី​គនេះ​។​
 
​ម្ចាស់​ក្លិប Newcastle លោក Mike Ashley ក៏ត្រូវ​បាន​គេ​រិះគន់​ផងដែរ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​លោក​នៅតែ​គិត​ប្រាក់​អ្នកគាំទ្រ​សម្រាប់​ការទិញ​សំបុត្រ​ប្រចាំ​រដូវ​កាល ២០២០-២១ បើទោះបី​ក្របខណ្ឌ​លី​គ​ត្រូវ​ពន្យារពេល​ប្រកួត​ក៏ដោយ​៕

Tag:
 COVID-19
  Premier League
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com