COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ថ្ងៃ​កុហក April Fools’s Day! ប៉ុន្តែ​មិនត្រូវ​យក​រឿង COVID-19 ទៅ​លេងសើច​នោះឡើយ​
01, Apr 2020 , 5:59 am        
រូបភាព
ដោយ: ធីតា
នៅ​តំបន់​អឺរ៉ុប ថ្ងៃទី​១ ខែមេសា បាន​ក្លាយជា​ប្រពៃណី​នៃ​ការនិយាយ​កុហក ដែល​គេ​ឲ្យ​ឈ្មោះថា « April Fools' Day» ជា​ភាសា​អង់គ្លេស ឬ «Poisson d’avril» ជា​ភាសា​បារាំង​។ សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ក៏ដូចជា​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​នៅ​លោកខាងលិច​មួយចំនួន​ក៏បាន​យក​ថ្ងៃនេះ ដើម្បី​ផ្តល់ព័ត៌មាន​កុហក និង​លេងសើច​ផងដែរ​។​



​ប្រភព​ជាច្រើន​បាន​បង្ហាញថា «​ទិវា​កុហក​១​មេសា​» បានចាប់ផ្តើម​ឡើង​នៅក្នុង​ប្រទេស​បារាំង​នា​អំឡុង​ឆ្នាំ​១៥៦៤ ប៉ុន្តែ​វា​មិនមែនជា​ពេលវេលា​ឈប់សម្រាក​ផ្លូវការ​របស់​ប្រជាជាតិ​ណាមួយ​ឡើយ​។ នៅ​សតវត្សរ៍​ទី​១៩ «April Fools' Day» មានការ​ពេញនិយម​យ៉ាង​ខ្លាំង​នៅ​តំបន់​អឺរ៉ុប កាណាដា អូស្ត្រាលី ប្រេ​ស៊ី​ល និង​សហរដ្ឋអាមេរិក​។​

​នៅ​អង់គ្លេស April Fools’ Day ត្រូវបាន​ចាត់ទុកថា​ជា​ថ្ងៃ​ឆ្កួត «April fool» ខណៈ​ពលរដ្ឋ​ស្កុ​ត​ឡេ​ន​និយម​ហៅថា «Huntigowk Day»​។ នៅ​អៀរ​ឡង់ គេ​ចូលចិត្ត​កុហក​បោកប្រាស់​តាមរយៈ​ការផ្ញើរ​សំបុត្រ​។ នៅ​ប៉ូឡូញ គេ​បាន​ហាមប្រាម​ទង្វើ​ណា​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់​ធ្ង​រ​។​

​នៅ​ន័​រ​វែ​ស ដា​ណឺ​ម៉ាក និង​ស៊ុយអែត កាសែត​មួយចំនួន​បាន​ផ្សាយ​ព័ត៌មាន​កុហក​មួយ​នៅ​ទំព័រ​ខាងមុខ ប៉ុន្តែ​មិនមែន​លើ​មាតិកា​ធំ​នោះឡើយ​។ នៅ​បារាំង អ៊ីតាលី បែលហ្ស៊ិក ស្វ៊ី​ស កាណាដា នា​ថ្ងៃទី​១ ខែមេសា​នេះ គេ​និយម​លួច​បិទ​ក្រដាស​រូប​ត្រី​នៅ​ពី​ក្រោយខ្នង​បុគ្គល​ណា​ម្នាក់​ដើម្បី បង្ក​ភាពសប្បាយ​រីករាយ​។ ទិវា​នេះ ក៏មាន​ការពេញនិយម​ផងដែរ​នៅ​អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ហូ​ឡង់ ហ្វាំ​ង​ឡង់ ជប៉ុន រុស្ស៊ី រ៉ូ​ម៉ា​នី និង​ព័រ​ទុយ​ហ្គា​ល់ ជាដើម​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ  ខណៈ​ពិភពលោក​កំពុង​រងគ្រោះ​ដោយសារតែ​ការ​រាតត្បាត COVID-19 ពលរដ្ឋ​គ្រប់រូប​មិនគួរ​ភ្ជាប់​ករណីនេះ យកទៅ​កុហក​សម្រាប់​ការ​លេងសើច​សប្បាយ​រប​ស់​ខ្លួន​នោះឡើយ​។ បណ្តា​ប្រទេស​ជាច្រើន ជាពិសេស​រុស្ស៊ី ជាដើម នោះ បានសម្រេច​ដាក់ពិន័យ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការថត​វីដេអូ​បោក​បញ្ឆោត (Prank) នានា ដែល​ភ្ជាប់​ករណី COVID-19​។

​ទាក់ទង​នឹង​ទិវា​កុហក April Fools' Day លោកស្រី Lorraine Twohill ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Google បានបញ្ជាក់​ពី​ការលុបចោល​នូវ​ការផ្សព្វផ្សាយ​ផ្សេងៗ​ទាក់ទង​នឹង April Fools’ Day ដើម្បី​បង្ហាញ​នូវ​ការគោរព​ចំពោះ​អ្នក​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19​។​

Business Insider បាន​ដកស្រង់​សំដី​លោកស្រី Twohill ថា ក្រុមហ៊ុន Google បានបង្ហាញ​ការគោរព​យ៉ាងខ្លាំង​ចំពោះ​មនុស្ស​ទាំងអស់ ហើយ​សន្យា​បើកទូលាយ​ឡើងវិញ ទាក់ទង​នឹង​រឿងរ៉ាវ​កំប្លែង និង​ចាប់អារម្មណ៍​នានា​ស្តី​ពីថ្ងៃ​កុហក នៅ​ឆ្នាំក្រោយ​៕




© រក្សាសិទ្ធិដោយ thmeythmey.com