ជាតិ
Covid-19៖ គ្មានករណីវិជ្ជមានថ្មី ខណៈមានអ្នកជាសះស្បើយ២នាក់ទៀតនៅកែប
01, Apr 2020 , 8:58 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមេសានេះ បានបញ្ជាក់ថា គ្មានករណីថ្មីនៃជំងឺ កូវីដ-១៩ ត្រូវបានរកឃើញឡើយ ខណៈអ្នកជាសះស្បើយមានចំនួន២នាក់ នៅខេត្តកែប។ សរុបអ្នក​ឆ្លងកូវីដ-១៩ នៅកម្ពុជា មានចំនួន ១០៩ រីឯអ្នកជាសះស្បើយ មានចំនួន ២៥នាក់។



មិនមានករណីវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានឃើញឡើយ នៅថ្ងៃទី៣១ ខែមីនា ដែលធ្វើ​ឲ្យ​ចំនួនអ្នក​មានវិជ្ជមានកូវីដ-១៩ កម្ពុជាសរុប មាន​​១០៩ដដែល។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១ មេសា ដែល​បន្តបញ្ជាក់ថា គិតចាប់តាំងពីខែមករា ដល់ថ្ងៃទី៣១ មីនា ចំនួន​សំណាក់​ដែល​បានធ្វើ​វិភាគរកកូវីដ-១៩ មានចំនួន ៥,៧៦៨ករណី។ 

គ្មានករណីថ្មី ប៉ុន្តែកម្ពុជាបានព្យាបាល​អ្នក​ជំងឺ២នាក់ទៀតនៅខេត្តកែប ឲ្យជាសះស្បើយ ដែលជាបុរសខ្មែរអាយុ៣០ឆ្នាំម្នាក់ និងបុរសម្នាក់ទៀត អាយុ៦២ឆ្នាំ។ អ្នក​ជាសះស្បើយទាំង២នាក់នេះ ជាអ្នក​ដែល​បាន​ឆ្លងកូវីដ-១៩  ក្រោយពីត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី។ សរុបអ្នកជាសះស្បើយ មាន​ចំនួន ២៥នាក់ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com