COVID-19
អន្តរជាតិ
ក្មេងប្រុស​អង់គ្លេស​១៣​ឆ្នាំ​ម្នាក់ ស្លាប់​ក្រោយ​ឆ្លង COVID-19
01, Apr 2020 , 10:02 am        
រូបភាព
ដោយ:
​ក្មេងប្រុស​អង់គ្លេស​អាយុ ១៣​ឆ្នាំ​ម្នាក់ បាន​បាត់​បង់ជីវិត កាលពី​ថ្ងៃ​៣១ មីនា ក្រោយ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19 ។ ម្យ៉ាងទៀត ក្មេងប្រុស​រូបនេះ ក៏​ត្រូវបាន​គ្រួសារ​អះអាងថា​គ្មាន​ជំងឺ​ប្រចាំកាយ​អ្វី​ឡើយ ។

 
​គ្រួសារ​របស់​ក្មេងប្រុស​រូបនេះ បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា រូបគេ បាន​ផ្ដើម​មាន​រោគ​ស​ញ​ញ្ញា និង​ពិបាក​ដកដង្ហើម មុនពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ពួកគេ បន្តទៀតថា Ismail Mohamed Abdulwahab ដែលជា​ឈ្មោះ​របស់​ក្មេងប្រុស​រងគ្រោះ ត្រូវបាន​បំពាក់​ឧបករណ៍​ជំនួយ​ដង្ហើម និង​ដាក់​ឲ្យ​សម្រាក ក៏ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ក្មេងប្រុស Ismail ទទួលមរណភាព កាលពី​ព្រឹក​ថ្ងៃ ៣១ ខែមីនា ។ 
 
​ក្មេងប្រុស​ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ King's College Hospital ក្នុង​ទីក្រុង ឡុង​ដ៍​នេះ ត្រូវបាន​ជឿថា គឺជា​ករណី​ស្លាប់​ក្មេង​បំផុត​ប្រចាំ​ចក្រភព​អង់គ្លេស ដោយសារ​ជំងឺ​រាតត្បាត​សាកល COVID-19 នេះ​។ ដោយឡែក នៅ​បែ​ល​ហ្សិ​ក​ឯណោះ​វិញ ក្មេងស្រី​អាយុ ១២​ឆ្នាំ​ម្នាក់ ដែល​បញ្ជា​ក់ថាស្លាប់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ដែរនោះ  គឺជា​ជនរងគ្រោះ COVID-19 ដែល​ក្មេង​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប​។ 
 
​ទាក់ទិន​ករណី​ស្លាប់​ក្មេងប្រុស​អង់គ្លេស​នេះ សាស្ត្រាចារ្យ​ម្នាក់​ប្រចាំ​សាលា​ពេទ្យ King's College អ្នកស្រី Nathalie MacDermott លើកឡើងថា ខណៈ​មនុស្ស​គ្រប់គ្នា យល់ឃើញថា ក្មេង​ទំនង​រងគ្រោះ​តិចតួច​ដោយសារ COVID-19 ជាង​មនុស្ស​ចាស់ ករណី​ស្លាប់​នេះ​ឆ្លុះ​បង្ហាញ​ពី​សារសំខាន់​ថា មនុស្ស​គ្រប់​ស្រទាប់​ក្នុងសង្គម​ទាំង​ក្មេង​ទាំងចាស់ ត្រូវ​ចាត់វិធានការ​បង្ការ​ទុកជាមុន ដោយ​ពុំគួរ​ធ្វេសប្រហែស​ឡើយ​។ អ្នកស្រី សង្កត់ធ្ងន់ថា ទង្វើ​បែបនេះ​ទើប​អាច​បញ្ឈប់​ការឆ្លង​នៅ​ចក្រភព​អង់គ្លេស និង​ទូទាំង​ពិភពលោក​បាន​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ០១ ខែមេសា ចក្រភព​អង់គ្លេស រកឃើញ​ករណី​ឆ្លង COVID-19 សរុប ២៥១៥០​ករណី ខណៈ​ជាសះស្បើយ​មាន ១៣៥​នាក់​។ ចំណែក អ្នកស្លាប់​សរុប មាន​ដល់ ១៧៨៩​នាក់​ហើយ ក្នុងនោះ ៣៨១​នាក់ ស្លាប់​ក្នុងពេល ២៤​ម៉ោង​ចុងក្រោយ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​អង់គ្លេស នៅ​ថ្ងៃ​អង្គារ ៣១ មីនា​៕

Tag:
 ចក្រភព​អង់គ្លេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com