COVID-19
អន្តរជាតិ
បារាំង ក្លាយជាប្រទេសទីបួនមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងចិន រូបភាព Xinhua
× បារាំង នៅថ្ងៃទី៣១ ខែមីនា បានប្រកាសពីការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុស (COVID-19) ដ៏ច្រើនក្នុងមួយថ្ងៃ គឺ៤៩៩នាក់។ បូកតួលេខថ្មី ចំនួនអ្នកស្លាប់នៅបារាំងឡើងដល់៣៥២៣នាក់ ដែលជាចំនួនដ៏ខ្ពស់លំដាប់ទីបួន ហើយច្រើនជាងចិនទៅទៀត។
ការស្លាប់មួយថ្ងៃដល់ទៅ៤៩៩នាក់ គឺជាចំនួនករណីស្លាប់ច្រើនបំផុតប្រចាំថ្ងៃ ចាប់តាំងពីកូរ៉ូណាវីរុសមាននៅបារាំងមក។ ករណីអ្នកជំងឺនៅមន្ទីរពេទ្យនៅបារាំង គឺ២២៧៥នាក់ ដោយ៥៥៦៥នាក់ ស្ថិតក្នុងការសង្គ្រោះបន្ទាន់។ លោក Jerome Salomon មន្ត្រីក្រសួងសុខាភិបាលបារាំងនិយាយបែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣១ ខែមីនា។
តួលេខអ្នកស្លាប់នៅបារាំង រាប់តែករណីស្លាប់ក្នុងមន្ទីរពេទ្យប៉ុណ្ណោះ មិនបញ្ចូលករណីស្លាប់នៅតាមផ្ទះ ឬផ្ទះមនុស្សជរាឡើយ។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ករណីឆ្លងសរុបនៅបារាំង មានចំនួន៥២១២៨នាក់ ដែលជាចំនួនច្រើនលំដាប់ទីបីអឺរ៉ុប ឈរលំដាប់ទី៦លើតារាងពិភពលោក។ បើរាប់តែចំនួនអ្នកស្លាប់នោះ បារាំងឈរលំដាប់លេខ៤ ហើយឈរនៅលើចិនទៅទៀត។ ចិន មានករណីស្លាប់ចំនួន៣៣០៥នាក់។
«នេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្របារាំង។» លោក Jerome និយាយបែបនេះ។
បារាំង ស្ថិតក្រោមការបិទជិតតាំងពីថ្ងៃទី១៧ ខែមីនាមក សំដៅរឹតត្បិតការរាលដាល COVID-19 ។ មន្ត្រីបារាំងអះអាងថា វិធានការនេះ ទំនងត្រូវចំណាយយូរមុននឹងផ្ដល់លទ្ធផលគាប់ចិត្ត។ យ៉ាងណាមិញ មន្ទីរពេទ្យបារាំងជាច្រើន កំពុងរងសម្ពាធខ្លាំងដោយសារការកើនឡើងចំនួនអ្នកជំងឺ។ លោក Jerome និយាយថា មន្ទីរពេទ្យនៅភាគខាងកើតប្រទេសដែលជាកន្លែងមានករណីឆ្លងច្រើន កំពុងស្ថិតក្រោមភាពតានតឹង ខណៈនៅប៉ារីស និងតំបន់ជុំវិញ ក៏ជួបប្រទះរឿងគ្នាដែរ។
នៅអឺរ៉ុប ក្រៅពីបារាំង ប្រទេសដែលរងគ្រោះធ្ងន់ជាងគេ គឺអ៊ីតាលី ដែលមានករណីឆ្លងសរុបជាង១០ម៉ឺននាក់ និងស្លាប់ជា១២៤០០នាក់។ បន្ទាប់មក គឺអេស្ប៉ាញ ដែលមានករណីឆ្លងទាំងអស់៩៥៩២៣ ស្លាប់៨៤៦៤នាក់។ អាមេរិក ជាប្រទេសមានករណីឆ្លងច្រើនជាងគេបង្អស់ គឺជា១៨៨០០០នាក់ឯណោះ ហើយមានអ្នកស្លាប់ជិត៣៩០០នាក់៕
Tag:
COVID-19
បារាំង
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com