COVID-19
ជាតិ
សង្គមជាតិ
​ឃើញ​ពី​ទុក្ខលំបាក​ព្រោះ​កូ​វីដ​-១៩ ម្ចាស់​ផ្ទះជួល​មួយកន្លែង​នៅ​សៀមរាប មិន​យកលុយ​ពី​អ្នក​ជួល​៣​ខែ​
01, Apr 2020 , 11:09 am        
រូបភាព
លោក តាំង ឆៃឡាយ ថតសែលហ្វីជាមួយផ្ទះជួល
លោក តាំង ឆៃឡាយ ថតសែលហ្វីជាមួយផ្ទះជួល
ដោយ:
​លោក តាំង ឆែ​ឡាយ ម្ចាស់​ផ្ទះជួល​មួយកន្លែង​នៅ​សៀមរាប សម្រេច​មិន​យក​ថ្លៃ​ផ្ទះជួល​ចំនួន​៣​ខែ ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​វីដ​-១៩(COVID-19)​។ ការផ្តល់ជូន​នេះ នឹង​អនុវត្ត​ចាប់ពី​ខែមេសា ឆ្នាំ​២០២០ តទៅ​។

 
​ស្របពេល​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​កូ​វីដ​-១៩ កំពុង​រាតត្បាត ខណៈ​តួលេខ​អ្នក​ឆ្លង​នៅ​កម្ពុជា​ក៏​ចេះតែ​បន្ត​កើនឡើង បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល ដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នេះ​។ ទន្ទឹមនឹងនេះ វិធានការ​របស់​រាជ​រដ្ឋាភិបាល ក៏បាន​ជះឥទ្ធិពល​មិនល្អ​មួយចំនួន​ដល់​វិស័យសេដ្ឋកិច្ច ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ផងដែរ​។ 
 
​ការបិទ​អាជីវកម្ម​សាលារៀន KTV ក្លិប​កម្សាន្ត បៀរ​ហ្គា​ដិ​ន កន្លែង​កម្សាន្ត​ផ្សេងៗ រួមទាំង​កាស៊ីណូ​ទូទាំងប្រទេស​ផង​នោះ បានធ្វើ​ឲ្យ​បុគ្គលិក​ធ្វើការ​ក្នុង​វិស័យ​ទាំងនេះ ប្រឈម​បាត់បង់​ការងារ​ធ្វើ និង​ប្រាក់ចំណូល​ប្រចាំខែ​។ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​មួយចំនួន ក៏បាន​បិទទ្វារ​ផងដែរ ក្រោយ​គ្មាន​ការបញ្ជាទិញ​ពី​ក្រៅប្រទេស ដោយសារ​ប្រទេស​ទាំងនោះ​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ COVID-19​។ 
 
​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ន លោក តាំង ឆែ​ឡាយ ម្ចាស់​ផ្ទះជួល​មួយកន្លែង​នៅ​ខេត្តសៀមរាប សម្រេច​មិន​យក​ថ្លៃ​ផ្ទះ​ពី​អ្នក​ជួល​ចំនួន​៣​ខែ ដែល​អនុវត្ត​ពី​ខែមេសា​។ បើតាម​បុរស​វ័យ​៤០​ឆ្នាំ​រូបនេះ ការផ្តល់ជូន​នេះ អាចមាន​រយៈពេល​វែង​ជាង​នេះ បើសិន​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​នៅតែ​បន្ត​អូសបន្លាយ​នៅ​កម្ពុជា​។ 
 
​ផ្ទះជួល​របស់លោក ឆែ​ឡាយ មាន​១០​បន្ទប់ ដែល​អាច​ផ្តល់​ប្រាក់ចំណូល​ប្រមាណ​៥០០​ដុល្លារ​ក្នុង​១​ខែ ខណៈ​បច្ចុប្បន្ន​មាន​អ្នកស្នាក់នៅ​គ្រប់​បន្ទប់​។ លោក​បាន​បន្ថែមថា​អ្នក​ជួល​ប្រមាណ​៥០​ភាគរយ​គឺជា​បុគ្គលិក​ធ្វើការ​នៅ​ភោជណីយដ្ឋាន​របស់លោក ដែល​បាន​បិទទ្វារ​រកស៊ី​តាំងពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​។ 
 
«​ភាគច្រើន​អ្នក​ជួល​ផ្ទះ​ខ្ញុំ​ពួកគាត់​ធ្វើការ​នៅ​ភោជណីយដ្ឋាន​របស់ខ្ញុំ​(​មនោ​រម្យ​ក្លា​ស៊ិ​ក​)​ហើយ​ពេល​ហាង​របស់ខ្ញុំ​បិទ​ដំណើរ​ទៅ​ពួកគាត់​ក៏​អត់​មាន​លុយ​បង់ថ្លៃ​បន្ទប់​ដែរ​។ ពីដំបូង​ខ្ញុំ​គិតថា បញ្ចុះតម្លៃ​ឲ្យ​ពួកគាត់​៥០​ភាគរយ​តែ​ពីរ​បី​ថ្ងៃ​ក្រោយមក​ខ្ញុំ​គិតថា បើ​ខ្ញុំ​បញ្ចុះតម្លៃ​ឲ្យ​គាត់​៥០​ភាគរយ​ក៏​គាត់​គ្មាន​លុយ​បង់​ឲ្យ​យើង​ដែរ ដូច្នេះ​ខ្ញុំ​ក៏​សម្រេចចិត្ត​មិន​យក​ថ្លៃ​តែម្តងទៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក តាំង ឆែ​ឡាយ​។   
 
​លោក​បាន​បន្ថែមថា​៖«​ការមិន​យក​ថ្លៃ​ផ្ទះជួល​វា​ប៉ះពាល់​ចេះតែ​ប៉ះពាល់​ហើយ ប៉ុន្តែ​ពួកគាត់​វាទ​ល់​ជាង​យើង​ទៀត​។ បើ​និយាយ​រឿង​ទាល់​វាទ​ល់​ដូច​តែ​គ្នា គ្រាន់តែ​ថា ខ្ញុំ​អាច​ដោះស្រាយបាន តែ​ពួកគាត់​មិនអាច​ដោះស្រាយបាន​តែម្តង​»​។ ផ្ទះជួល​នេះ​ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ស្រុក​សៀមរាប ខេត្តសៀមរាប​។  
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១ មេសា ឆ្នាំ​២០២០ នេះ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩​ចំនួន​១០៩​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​២៥​នាក់​៕  

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com