COVID-19
ជាតិ
ចិន បានបញ្ជូនសម្ភារពេទ្យ ជាង២តោនមកកម្ពុជា នៅថ្ងៃទី១ មេសា កងទ័ពរំដោះប្រជាជនចិន បានដឹកយកឧបករណ៍ប្រឆាំងCOIVD-19 ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ មេសា ២០២០
× ភ្នំពេញ៖ ដូចការគ្រោងទុក រដ្ឋាភិបាលចិន បានបញ្ជូនសម្ភារ និងឧបករណ៍ពេទ្យជាង២តោនមកកម្ពុជា នៅថ្ងៃទី១ មេសានេះ។ ឧបករណ៍ប្រឆាំងCOIVD-19 របស់កងទ័ពរំដោះប្រជាជនចិនទាំងនោះ បានដឹកមកដល់ព្រលានយន្តហោះកម្ពុជា ដើម្បីប្រគល់ជូនក្រសួងការពារជាតិ ។
កន្លងមករដ្ឋាភិបាលចិន បានបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ៧នាក់ផងដែរ ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនៃការផ្ទុះឡើងជំងឺCOVID-19 កាលពីថ្ងៃទី២៣ មីនា។ ក្រៅពីនេះ ចិនក៏បានផ្តល់ជំនួយដល់កម្ពុជានូវសម្ភារពេទ្យមួយចំនួនរួមមាន ឧបករណ៍ធ្វើតេស្តិ៍, ឧបករណ៍ដកដង្ហើម N95(ម៉ាស់), របាំងវះកាត់, ឯកសណ្ឋានដែលធន់នឹងអង្គធាតុរាវ និងអាវធំសម្រាប់វះកាត់ជាដើម។ នេះបើតាមលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន។
លោក Geng Shuang បានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងប្រឹងប្រែងជួយកម្ពុជាគ្រប់យ៉ាង ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលវីរុសCOVID-19នេះ។ នោះក៏ព្រោះតែកម្ពុជា បានបង្ហាញការគាំទ្រដល់រដ្ឋាភិបាលចិន ក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងវីរុសCOVID-19 ដ៏លំបាកកន្លងមក។ បើតាមលោក Geng Shuang រដ្ឋាភិបាលចិន នឹងជួយកម្ពុជា យកឈ្នះជំងឺរាតត្បាតCOVID-19។
គិតត្រឹមថ្ងៃទី១ មេសានេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID ចំនួន១០៩នាក់ ក្នុងនោះជាសះស្បើយ២៥នាក់ ។ ចំណែកចិន មានករណីឆ្លងវីរុសCOVID-19 ជាង៨១,០០០នាក់ ក្នុងនោះអ្នកស្លាប់ជាង៣,៣០០នាក់ និងអ្នកជាសះស្បើយជាង៧៦,០០០នាក់។
គួរបញ្ជាក់ថា ត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺCOVID-19 ទូទាំងពិភពលោកជាង៨៥ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤ម៉ឺននាក់ និងជាសះស្បើយជាង១៧ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com