COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Diouf អតីតប្រធានក្លិប Marseille ស្លាប់នៅអាយុ៦៨ឆ្នាំ ដោយសារ COVID-19
× លោក Pape Diouf អតីតប្រធានក្លិប Olympique de Marseille បានទទួលមរណភាពក្នុងអាយុ៦៨ឆ្នាំ។ ក្លិបនៃលីគកំពូលបារាំងមួយនេះ នៅព្រឹកថ្ងៃទី៣១ ខែមីនាអះអាងថាការស្លាប់របស់លោក Diouf បណ្តាលមកពីការឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19)។
បន្ទាប់ពីធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19 នៅថ្ងៃទី២៩ មីនា លោក Diouf បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមួយនៅប្រទេសសេណេហ្គាល់ដែលជាប្រទេសកំណើតរបស់លោក។ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក លោកត្រូវបានបំពាក់បំពង់ខ្យល់ជំនួយផ្លូវដង្ហើមផងដែរ។
សាច់ញាតិរបស់លោក Diouf បម្រុងនឹងនាំលោកទៅកាន់ប្រទេសបារាំងដែរដើម្បីទទួលការព្យាបាលបន្ថែមទៀត ប៉ុន្តែលោកបានទទួលមរណភាពមុនពេលចាកចេញពីទីក្រុងដាកា ប្រទេសសេណេហ្គាល់។
សេចក្តីប្រកាសរបស់ក្លិប Marseille ដែលបានបង្ហោះលើបណ្តាញសង្គម Twitter រៀបរាប់ថា៖« Olympique de Marseille សោកសៅយ៉ាងខ្លាំងនៃការស្លាប់របស់លោក Pape Diouf ។ Diouf នឹងនៅតែស្ថិតក្នុងបេះដូងរបស់ Marseille ជារៀងរហូតក្នុងនាមជាអ្នកគ្រប់គ្រងដ៏អស្ចារ្យម្នាក់នៃប្រវត្តិសាស្ត្រក្លិប។ យើងសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់របស់គាត់»។
លោក Diouf បានទទួលតំណែងជាប្រធានក្លិប Marseille ក្រុមនៃលីគបាល់ទាត់កំពូលបារាំង Ligue 1 ចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ មុនពេលលោក Jean-Claude Dassier ឡើងទៅជំនួសការងារនេះវិញ។
អំឡុងពេលលោកធ្វើការក្នុងតំណែងនេះ Marseille តែងតែទទួលបានលទ្ធផលល្អជាប់គ្នាជាប្រចាំដោយស្ថិតនៅក្បែរៗកំពូលតារាង Ligue 1 ទោះបីជាមិនបានឈ្នះពានក៏ដោយ។ Marseille ធ្លាប់ទទួលបានលទ្ធផលល្អបំផុតក្រោមការគ្រប់គ្រងរបស់លោក Diouf ដោយទទួលបានជើងឯករងមួយលើក ខណៈលទ្ធផលទាបបំផុតក៏ត្រឹមលំដាប់ថ្នាក់ទី ៥ ដែរ។
ក្រៅពីធ្លាប់ជាប្រធានក្លិប លោក Diouf ក៏ជាអតីតអ្នកកាសែតកីឡាម្នាក់ និងជាភ្នាក់ងារទិញដូរកីឡាករផងដែរ។ អតីតសមាជិកជម្រើសជាតិបារាំង William Gallas, Samir Nasri និងខ្សែប្រយុទ្ធឆ្នើម Didier Drogba រួមទាំងកីឡាករមួយចំនួនទៀតសុទ្ធតែមានលោក Diouf ជាភ្នាក់ងារ។
លោក Diouf ជាអ្នកស្លាប់ដោយសារ COVID-19 ដំបួងគេនៅសេណេហ្គាល់ ខណៈប្រទេសតំបន់អាហ្វ្រិកមួយនេះមានករណីឆ្លងជិត២០០ករណី និងសះស្បើយ៤០នាក់៕
Tag:
Marseille
COVID-19
Pape Diouf
© រក្សាសិទ្ធិដោយ thmeythmey.com