អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ទទួល​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ ពី​ធនាគារជាតិ​នៃ​កម្ពុជា​
01, Apr 2020 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​១ ខែមេសា​ឆ្នាំ​២០២០៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី កាលពីពេល​ថ្មីៗ​នេះ បានទទួល​អាជ្ញាប័ណ្ណ​​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថិជន​​ព្រមទាំង​សាធារណជន​ទូទៅ ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ​ភីអិលស៊ី ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប​ដែលមាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន​៨ ដូចជា​៖ ក្រុមហ៊ុន លី ហួរ អ៊ិ​ច​ឆេង ខូ​អិ​ល​ធី​ឌី (១៩៨៦)ក្រុមហ៊ុន លី ហួរ ផន​សប ខូ​អិ​ល​ធី​ឌី (២០១០) បុរី វិមាន​ភ្នំពេញ (២០១១) ក្រុមហ៊ុន ទេពី​អា​ក្រូ វិនិយោគ ខូ​អិ​ល​ធី​ឌី (២០១១), គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លី ហួរ ភីអិលស៊ី (២០១២) ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី (២០១៥) ក្រុមហ៊ុន លី ហួរ​​ផេ​ប្រ៉ូ ភីអិលស៊ី (២០១៦) និង ក្រុមហ៊ុន លី ហួរ អ៊ិន​សួ​រេ​ន ម​.​ក (២០១៧)​។​
 
​ការរីកចម្រើន​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ គឺជា​គ្រឹះ​ដ៏​សំខាន់​ក្នុងការ​បង្កើន​ទំនុកចិត្ត​របស់​សាធារណជន និង​វិនិយោគិន​បរទេស ក៏ដូចជា​ការពង្រឹង​ភាពរឹងមាំ និង​សុខុមាលភាព លើ​ប្រព័ន្ធ​ធនាគារ​។ តាមរយៈ​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ មាន​ធនាគារពាណិជ្ជ​ចំនួន​៤៦ ធនាគារ​ឯកទេស​ចំនួន​១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ចំនួន ៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៧៥ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ ដែល​កំពុងផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​សាធារណជន​នៅ​កម្ពុជា​។ 
 
​ដោយមាន​ការចូលរួម ពី​ក្រុមហ៊ុន អេស ប៊ី អាយ ហូល​ឌី​ង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី គឺជា​គ្រឹះស្ថាន​ទីមួយ ដែល​បាន​បំ​លែងខ្លួន ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅជា​ធនាគារពាណិជ្ជ ដោយ​មិនមាន​ការ​គួប​បញ្ចូល ជាមួយ​គ្រឹះ​សា្ថ​ន​ហិរញ្ញវត្ថុ​ណាមួយ​ឡើយ​។ ក្រោយពី​បំ​លែងខ្លួន ទៅជា​ធនាគារពាណិជ្ជ គ្រឹះស្ថាន​នៅតែ​បន្ត​រក្សា​វត្តមាន​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជា​ជនជាតិខ្មែរ ជាពិសេស​ដែលមាន​លោក លី ហួរ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ​។ 


 
​លោក លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​មានប្រសាសន៍ថា ការទទួលបាន​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ​នេះ​គឺ​បង្ហាញ​ពី​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ​ភីអិលស៊ី ក្នុង​ការជួយ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​កម្ពុជា តាមរយៈ​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថិជន និង​សាធារណជន​។ ការទទួលបាន​អាជ្ញា​ប​ណ្ណ័​នេះ នឹង​ផ្តល់ឱកាស​មួយ​ជំហាន​បន្ថែមទៀត​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងការ​ក្លាយខ្លួន ទៅជា​ធនាគារពាណិជ្ជ​ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ និង​សម្បូរបែប ជូន​អតិថិជន​
​និង​សាធារណជន​គ្រប់​ខេត្ត រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក  លី ហួរ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖«គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅជា “​ធនាគារ អេស ប៊ី អាយ លី ហួរ ម​.​ក​” ហើយ​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវ​កម្មធ​នាគារ ពី​ខែមេសា​នេះ​ហើយក៏​នឹងមាន​ការដាក់​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ខែ​មី​ថុ​នា​ខាងមុខនេះ​»​។​
 
​ជាមួយគ្នានេះដែរ លោក លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ឆ្លៀត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​បានផ្តល់​សេចក្តីទុកចិត្ត ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​សេវាកម្ម​ជូន​អតិថិជន និង​សាធារណជន​។ លោក ក៏​អរគុណ​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ប្រើប្រាស់​សេវាកម្ម​កន្លងមក​។  ទន្ទឹមនឹងនេះ លោក លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល ក៏បាន​ប្តេជ្ញាចិត្ត ក្នុងការ​បន្តធ្វើ​ទំនើបកម្ម​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន ក្នុងការ​បម្រើសេវា​ជូន​អតិថិ​ន និង​សាធារណជន ឲ្យ​កាន់តែ​វិសេសវិសាល​ជាងនេះទៅទៀត​។ ជាពិសេស គឺ​ការផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ព្រោះថា ធនាគារ អេស ប៊ី អាយ លី ហួរ ម​.​ក នឹង​កៀងគរ​ប្រភព​ទុន​ផ្សេងៗ ដើម្បី​ផ្តល់​ឥណទាន​ជូន​អតិថិជន​​និង​សាធារណជន ជាមួយនឹង​អត្រា​ការប្រាក់​សមរម្យ​។ ជាងនេះទៅទៀត ធនាគារ​ថ្មី​នេះ នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុងក្រោយ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ​។   
 
​ក្រុមហ៊ុន អេស ប៊ី អាយ ហូល​ឌី​ង (​ក្រុមហ៊ុន​ដែលមាន​ការច្នៃប្រឌិត​យុទ្ធ​សាស្ត្រ​អាជីវកម្ម​) បាន​បង្កើតឡើង​នៅ​ខែកក្កដា ឆ្នាំ​១៩៩៩ ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី នៅក្នុង​ទីផ្សារ​ភាគហ៊ុន​នៃ​ទីក្រុង​តូ​ក្យូ ដែលជា​ភាគ​ទុ​និក​មួយ​ដ៏​ធំ​របស់ ធនាគារ​អេស ប៊ី អាយ លី ហួរ ម​.​ក ។​
 
​ក្រុមហ៊ុន​នេះ មាន​ទីស្នាក់ការ​កណ្តាល នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំណុះ​សរុប​ជាង​២៦០ ក្រុមហ៊ុន នៅក្នុង​ប្រទេស​ចំនួន ២០ ទាំង​ក្នុង​តំបន់ និង​ទូទាំង​សកលលោក​។ ក្រុមហ៊ុន​នេះ​​បាននិងកំពុង​ប្រតិបត្តិការ​អាជីវកម្ម​ជាស​កល នៅក្នុង​ផ្នែក​សំខាន់ៗ​មួយចំនួន ដូចជា​សេវាកម្ម​ហិរញ្ញវត្ថុ​ការគ្រប់គ្រង​ទ្រព្យសកម្ម អាជីវកម្ម​ដែល​ទាក់ទង​នឹង​ជីវ​បច្ចេកវិទ្យា​និង​អាជីវកម្ម​ផ្សេងទៀត​។ គិត​មក​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩ ក្រុមហ៊ុន មានទ្រព្យ​សកម្ម​សរុប​ជាង​៥១,៤ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​
 
​ពិសេស​ជាងនេះទៅទៀត ការវិនិយោគ​នៅ​កម្ពុជា គឺជា​ការវិនិយោគ​ដែលមាន​ទស្សនវិស័យ​វែងឆ្ងាយ ក្នុង​ការជួយ​ជំរុញ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ តាមរយៈ​បណ្តាញ​ឌីជីថល​ដែល​ទំនើប​បំផុត និង​ប្រតិបត្តិការ​ធនាគារ និង​តាម​បណ្តាញ​ភ្នាក់ងារ​នៅ​ទូទាំង​កម្ពុជា​។​លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម​.​ក នឹង​ខិតខំ​ស្វែងរក​ប្រភព​ទុន​សម្រាប់​កម្ពុជា ក៏ដូចជា​បង្កើន​ភាពជឿ​ជាក់ ពី​សហគម​អន្តរជាតិ ក្នុង​ទាក់ទាញ​ការវិនិយោគ​ដ៏​យូរអង្វែង ពី​ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ជប៉ុន បង្កើន​ភាពជឿជាក់ ក្នុងការ​លើកកម្ពស់​វិស័យសេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ ព្រមទាំង​ការគ្រប់គ្រង​នាពេល​អនាគត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com