COVID-19
ជាតិ
មេបញ្ជាការកងទ័ព ហាមកម្លាំងគ្រប់អង្គភាពប្រមូលផ្តុំគ្នាជប់លៀងក្នុងឱកាសចូលឆ្នាំ
× ភ្នំពេញ៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានបញ្ជាឱ្យគ្រប់អង្គភាពកម្លាំងកងទ័ពទាំងអស់ មិនឱ្យចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត នៅឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីត្រៀមកម្លាំងទប់ស្កាត់Covid-19។ លើសពីនេះ មិនត្រូវប្រមូលផ្ដុំជប់លៀង ដែលនាំឱ្យប៉ះពាល់វិធានការ ការពារជំងឺCovid-19។ នេះបើតាមបទបញ្ជារបស់អគ្គមេបញ្ជាការចុះថ្ងៃទី៣១ មីនា ឆ្នាំ២០២០។
លោក វង្ស ពិសេន បានសង្កត់ធ្ងន់ដល់កងកម្លាំងគ្រប់អង្គភាពទាំងអស់ថា «ត្រូវត្រៀមកម្លាំងជាស្រេច ដើម្បីអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលមេរោគខូវីដឥ១៩(Covid-19) តាមបទបញ្ជាអគ្គបញ្ជាការ»។
ទន្ទឹមនឹងនេះ កងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យអនុវត្តជាប្រចាំតាមការណែនាំ ពីវិធានការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ របស់អគ្គបញ្ជាការ។ ជាមួយគ្នាដែរ នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវរាយការណ៍ជាប្រចាំពីស្ថានភាពក្នុងអង្គភាព និងអនុវត្តបទបញ្ជានេះ រហូតមានបទបញ្ជាថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com