លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសថា គ្រួសារដែលរងគ្រោះខ្លាំងដោយសារ COVID-19 នឹងមិនត្រូវបានយកថ្លៃ និងទទួលបានការបញ្ចុះតម្លៃអគ្គីសនីដើម្បីជួយពួកគេក្នុងការទប់ទល់នឹងបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៍មាន Jakarta Post។
កាលពីថ្ងៃទី៣១ ខែមីនា លោកប្រធានាធិបតី ចូកូ វីដូដូ បញ្ជាក់ថា ក្រុមហ៊ុនអគ្គីសនីរដ្ឋ (PLN) នឹងផ្គត់ផ្គង់អគ្គីសនីឥតគិតថ្លៃរយៈពេល៣ខែ ចាប់ពីខែមេសានេះ ឲ្យគ្រួសារចំនួន២៤លាន ដែលប្រើប្រាស់អគ្គីសនីត្រឹម ៤៥០ វ៉ុល-អំពែរ ដែលជាកម្រិតប្រើប្រាស់ទាបបំផុត។
ក្រុមហ៊ុនអគ្គីសនីរដ្ឋដដែល ក៏នឹងបញ្ចុះតម្លៃពាក់កណ្តាលទៅកាន់គ្រួសារដែលប្រើប្រាស់អគ្គិសនីត្រឹម ៩០០វ៉ុល-អំពែរផងដែរ ក្នុងរយៈពេល៣ខែ។
ថ្លែងក្នុងសន្និសីទសារព័ត៍មាន លោកប្រធានាធិបតីបានលើកឡើងថា៖ « សុខភាពសាធារណៈជាអទិភាពដំបូងបង្អស់ ចំណែកឯអទិភាពទី២គឺវិធានការសុវត្ថិភាពសង្គមក្នុងការជួយប្រជាពលរដ្ឋដែលមានចំណូលតិច និងអទិភាពទី៣ គឺការការពារវិស័យធុរកិច្ច ក្នុងនោះមានសហគ្រាសខ្នាតល្អិត តូច និងមធ្យម។»
គួរបញ្ជាក់ផងដែរថា នៅឥណ្ឌូណេស៊ី ការបញ្ចុះតម្លៃអគ្គីសនី ស្ថិតនៅក្នុងសំណាញ់ការពារសង្គមចំនួន៥ ដែលក្នុងនោះរួមមាន ការបង្កើនចំណាយសម្រាប់អ្នកគ្មានការងារធ្វើ និងកម្មវិធីផ្តល់ស្បៀងអាហារ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តថវិកា ២៤,៦ពាន់លានដុល្លារដើម្បីទប់ទល់នឹងជំងឺ COVID-19។
ការបញ្ចុះតម្លៃអគ្គីសនីនេះ ធ្វើឡើងបន្ទាប់ពីឥណ្ឌូណេស៊ីបានប្រកាសអាសន្នសុខភាពសាធារណៈ ដែលនាំឲ្យដាក់វិធានការរឹតត្បិតសង្គមទ្រង់ទ្រាយធំ ក្រោមច្បាប់ចត្តាឡីស័កសុខាភិបាល។
ដោយឡែក អ្នកនាំពាក្យក្រុមហ៊ុនអគ្គីសនីរដ្ឋបានលើកឡើងថា ក្រុមហ៊ុននៅរងចាំបទបញ្ញត្តិពីក្រសួងថាមពល និងធនធានរ៉ែ ដើម្បីអាចអនុវត្តកម្មវិធីបញ្ចុះតម្លៃនេះ។
ការបញ្ចុះតម្លៃអគ្គីសនីនេះផងដែរ គឺស្របទៅតាមការទាមទាររបស់ ក្រុមអង្គការសង្គមស៊ីវិល រូមមានសហជីពកម្មករ ក្រុមការពារអ្នកប្រើប្រាស់ និងអ្នកស្រាវជ្រាវ ដើម្បីការពារគ្រួសារដែលស្ថិតក្នុងសភាពក្រីក្រខ្លាំង។
មកដល់ពេលនេះ ចំនួនអ្នកឆ្លងនៅឥណ្ឌូណេស៊ីមានចំនួន ១,៥២៨ នាក់ ខណៈអ្នកស្លាប់មានចំនួន១៣៦នាក់ ដែលជាចំនួនច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយអត្រាមរណៈភាពមានដល់ទៅ៨% ដែលស្ថិតក្នុងចំណោមតួលេខខ្ពស់បំផុតមួយក្នុងក្របខណ្ឌពិភពលោក។ អ្នកសះស្បើយមានជាង៨០នាក់៕