ជាតិ
សុខភាព
ក្រសួង​ហាម​លក់​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​គ្មាន​លេខ​បញ្ជិកា ឬ​លេខ​ប្រវេទន៍​
01, Apr 2020 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងសុខាភិបាល បាន​ហាមប្រាម​ការលក់​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​នានា គ្មាន​លេខ​បញ្ជ​កា ឬ​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​។ បំរាម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សង្កេតឃើញថា មាន​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ និង​សា​ធាតុ​សម្លាប់​មេរោគ ត្រូវបាន​ផ្សព្វផ្សាយ​លក់​យ៉ាង​អនាធិបតេយ្យ នៅតាម​បណ្តាញ​សង្គម​។ 

 
​ការហាម​ប្រាម​នេះ ក៏​ធ្វើឡើង​បន្ទាប់ពី​ក្រសួង បាន​រកឃើញ​ជា​បន្តបន្ទាប់ អាល់កុល​ក្លែងក្លាយ និង​សារធាតុ​សម្លាប់​មេរោគ​ដែល​មិនមាន​គុណភាព​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​។ 
 
​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​៣១ មីនា ក្រសួង​បាន​បញ្ជាក់ថា ក្រៅពី​តម្រូវ​ឲ្យ​មាន​លេខ​បញ្ជិកា​ហើយ ការលក់​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​ទាំងអស់ ត្រូវ​លក់​តែ​នៅតាម​ឱសថស្ថាន និង​ឱសថស្ថាន​រង​ស្របច្បាប់​ប៉ុណ្ណោះ  ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ​។​
 
​ទន្ទឹមនឹងនេះ ការលក់​គ្រឿងសំអាង​គ្រប់​ប្រភេទ ត្រូវមាន​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល ហើយ​ខ្លឹមសារ​ផ្សព្វផ្សាយ​ឱសថ ឧ​បរ​កណ៍​បរិក្ខា​ពេទ្យ ប្រតិករ និង​គ្រឿងសំអាង​គ្រប់​ប្រភេទ ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួង​ខុ​សា​ភិ​បាល ដើម្បី​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​៕

Tag:
 សុខាភិបាល​
 ​ឱសថ​
 ​អាល់កុល​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com