COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌូណេស៊ី ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន តែ​មិនទាន់​បិទ​ប្រទេស​
01, Apr 2020 , 3:07 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព AFP
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​៣១ ខែមីនា បានប្រកាស​ភាពអាសន្ន​ក្នុងប្រទេស ខណៈដែល​ករណី​ឆ្លង និង​ការស្លាប់​ដោយសារ COVID-19 នៅ​ប្រទេស​នេះ បាន​បន្ត​កើនឡើង​។ យ៉ាងណាមិញ លោក វី​ដូ​ដូ នៅតែ​រុញ​រា​រឿង​បិទ​ប្រទេស ទោះ​រង​ការរិះគន់​ខ្លាំង​ក្ដី​។

 
​ឥណ្ឌូណេស៊ី ជា​ប្រទេស​មាន​អត្រា​អ្នកស្លាប់​ដោយសារ COVID-19 ខ្ពស់​ជាងគេ​មួយ​។ ក្នុងចំណោម​អ្នក​ឆ្លង​ទូទាំងប្រទេស​១៥២៨​នាក់ ឥណ្ឌូណេស៊ី​បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដល់​ទៅ​១៣៦​នាក់​ទៅហើយ​។ លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​៣១ ខែមីនា ក៏​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន សំដៅ​ទប់ស្កាត់​ការ​រាលដាល​កាន់តែខ្លាំង ប៉ុន្តែ​វិធាន​ការបិទ​ប្រទេស មិនទាន់​អនុវត្ត​នៅឡើយ​ទេ​។​
 
​លោក វី​ដូ​ដូ រង​ការរិះគន់​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​ឆ្លើយតប​មិនទាន់​សមស្រប​នឹង​ស្ថានការណ៍​ក្នុងប្រទេស​។ ការមិន​ព្រម​បិទ​ទីក្រុង​សំខាន់ៗ ពិសេស​រដ្ឋធានី​ហ្សា​ការ​តា​ដែលមាន​ប្រជាជន​ជាង​៣០​លាន​នាក់ ធ្វើ​ឲ្យ​លោក​ក្លាយជា​មុខសញ្ញា​រិះគន់​កាន់តែខ្លាំង​ថែមទៀត​។ 
 
​ទាក់ទង​រឿង​ប្រកាសអាសន្ន​នេះ​វិញ លោក វី​ដូ​ដូ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា ចូ​កូ​វី មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ច្រើន​ឡើយ​។ លោក​បាន​ត្រឹម​បង្ហើម​ពី​វិធានការ​គម្លាត​សង្គម និង​ការបញ្ចេញ​លុយ​ចំនួន​១,៥​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​សង្គម និង​ឧបត្ថម្ភ​កម្មករ​ដែលមាន​ប្រាក់ខែ​ទាប​។ នៅ​ឥណ្ឌូណេស៊ី កម្មករ​ប្រាក់ខែ​ទាប មាន​ចំនួន​រាប់លាន​នាក់ ហើយ​ដែល​ជីវភាព​គ្រួសារ​ពឹងពាក់​ស្ទើរ​ទាំងស្រុង​លើ​ចំណូល​ដ៏​ស្ដួចស្ដើង​នេះ​។​
 
«​ដើម្បី​ជម្នះ​ផលប៉ះពាល់​ដោយសារ COVID-19 យើង​បានជ្រើសរើស​ការអនុវត្ត​គម្លាត​សង្គម​ទ្រង់ទ្រាយ​ធំ​។ យើង​ត្រូវតែ​រៀន​ពីបទ​ពិសោធ​ប្រទេស​ផ្សេង ប៉ុន្តែ​មិនអាច​ធ្វើតាម​ប្រទេស​ផ្សេង​ទាំងស្រុង​ឡើយ ព្រោះ​ប្រទេស​នីមួយៗ​មាន​លក្ខខណ្ឌ​ខុសគ្នា​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ចូ​កូ​វី ។​
 
​តួលេខ​ឆ្លង​ទូទាំងប្រទេស​មាន​ត្រឹម​ជាង​១៥០០​នាក់​បែបនេះ ក៏​ជា​ក្ដីបារម្ភ​ដែរ ព្រោះនេះ​ជា​ចំនួន​ទាប​បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​ឥណ្ឌូណេស៊ី​សរុប​នោះ​។ សមាគម​គ្រូពេទ្យ​ឥណ្ឌូណេស៊ី ព្រមាន​ថា វិបត្តិ COVID-19 គឺ​អាក្រក់​ខ្លាំង​ជាង​របាយការណ៍​រដ្ឋាភិបាល​ទៅទៀត ហើយ​ករណី​សង្ស័យ​ជាច្រើន មិនទាន់​ត្រូវបាន​បញ្ជាក់​ឡើយ​៕

Tag:
 COVID-19
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com