COVID-19
អន្តរជាតិ
ប្រធានពេទ្យនៅក្រុងមូស្គូម្នាក់ដែលទើបជួបលោក ពូទីន សប្តាហ៍មុន ឆ្លង COVID-19 ប្រធានាធិបតីរុស្ស៊ី ពូទីន ចាប់ដៃជាមួយវេជ្ជបណ្ឌិត Denis Protsenko អំឡុងទស្សនកិច្ចលោកនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Novomoskovsky ក្នុងក្រុង មូស្គូ កាលពីថ្ងៃ ២៤ ខែមីនា ២០២០ (ទីភ្នាក់ងារព័ត៌មាន TASS)
× លោកវេជ្ជបណ្ឌិត Denis Protsenko ប្រធានមន្ទីរពេទ្យទទួលបន្ទុកកិច្ចការ COVID-19 ប្រចាំទីក្រុងមូស្គូម្នាក់ ដែលបានជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន មានលទ្ធផលតេស្ត COVID-19 វិជ្ជមាន ។ លោកបញ្ជាក់ដោយផ្ទាល់បែបនេះ នៅថ្ងៃ៣១ ខែមីនា ខណៈវិមានក្រេមឡាំង ប្រកាសថា មេដឹកនាំរុស្ស៊ីមានសុខភាពល្អធម្មតា។
«ខ្ញុំមានលទ្ធផលតេស្តវិជ្ជមាន (COVID-19) ក៏ប៉ុន្តែសុខភាពខ្ញុំនៅតែល្អធម្មតា»។ លោកវេជ្ជបណ្ឌិត Denis Protsenko សរសេរបែបនេះលើហ្វេសហ៊ុកផ្ទាល់ខ្លួន ដោយអមជាមួយរូបភាពមួយសន្លឹក ដែលបង្ហាញរូបលោកពាក់ម៉ាស់ក្នុងសម្លៀកបំពាក់ពេទ្យពណ៌បៃតង។ លោកបន្តថា លោកដាក់ខ្លួនឯងដោយឡែកនៅបន្ទប់ការិយាល័យលោក ហើយនឹងបន្តធ្វើការងារធម្មតា។
លោកវេជ្ជបណ្ឌិតរូបនេះ គឺជាបុគ្គលសាធារណៈជាន់ខ្ពស់ទីមួយដែលសកម្មបំផុតក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19 ក្នុងប្រទេសរុស្ស៊ី ដោយលោកតែងបង្ហោះព័ត៌មានសំខាន់ៗជាប្រចាំថ្ងៃលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីជូនដំណឹងដល់ពលរដ្ឋរុស្ស៊ី។
កាលពីថ្ងៃអង្គារ ទី២៤ ខែមីនាសប្តាហ៍មុន លោកវេជ្ជបណ្ឌិត Protsenko បានជួបជាមួយលោកប្រធានាធិបតី ពូទីន ដែលបានចុះទៅត្រួតពិនិត្យមន្ទីរពេទ្យ Kommunarka ខណៈពាក់អាវការពារ (hazmat) ពណ៌លឿង។ ក៏ប៉ុន្តែ ប្រមុខរដ្ឋរុស្ស៊ីវ័យ៦៧រូបនេះ ក៏ត្រូវបានមើលឃើញថា ជជែកពិភាក្សាជាមួយលោកវេជ្ជបណ្ឌិត Protsenko ដោយគ្មានពាក់សម្ភារការពារអ្វីឡើយ។
ភ្លាមៗក្រោយលេចព័ត៌មានថា លោក Protsenko មានផ្ទុកជំងឺ COVID-19 អ្នកនាំពាក្យវិមានក្រែមឡាំង Dmitry Peskov បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីមួយថា លោក ពូទីន បានធ្វើតេស្តរក COVID-19 ទៀងទាត់ ហើយវាក៏គ្មានអ្វីដែលគួរឲ្យបារម្ភពាក់ព័ន្ធនឹងសុខភាពលោកឡើយ។ ត្រង់ចំណុចនេះ លោក Peskov សង្កត់ធ្ងន់ដូច្នេះថា៖«អ្វីគ្រប់យ៉ាងគឺល្អប្រសើរ»។
សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោង អាជ្ញាធររុស្ស៊ី បានរាយការណ៍ករណីឆ្លង COVID-19 ថ្មីចំនួន៥០០ករណី ដែលជាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ។ តួលេខលេខថ្មីនេះប្រចាំថ្ងៃ៣១ ខែមីនា ធ្វើឲ្យករណីឆ្លងសរុបក្នុងប្រទេសរុស្ស៊ីឡើងដល់ ២៣៣៧ករណី ហើយអ្នកស្លាប់ ១៧នាក់ហើយ។ ករណីឆ្លងភាគច្រើន កើតឡើងក្នុងទីក្រុង មូស្គូ ដែលជាចំណុចផ្ទុះរាលដាលនៃវីរុសនេះក្នុងប្រទេសរុស្ស៊ី៕
Tag:
រុស្ស៊ី
វ្ល៉ាឌីមៀ ពូទីន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com