ជាតិ
រដ្ឋមន្ត្រី​យុត្តិធម៌ លោក កើត រិ​ទ្ធ អួលដើម«ក» នៅពេល​ថ្លែង​រម្លឹក​ស្នាដៃ​លោក អង្គ វង្ស វ​ឌ្ឍ​នា​
01, Apr 2020 , 4:22 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី លោក កើត រិ​ទ្ធ ថ្លែង​ទាំង​អួលដើម«ក» នៅពេល​រម្លឹក​ដល់​ស្នាដៃ និង​គុណូបការរ​បស់​អតីតរដ្ឋមន្ត្រី លោក អង្គ វង្ស វ​ឌ្ឍ​នា នា​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​រដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃទី​១ មេសា នា​ទីស្តីការក្រសួង​។​


 
«​ខ្ញុំ​នឹង​ចងចាំ​ជានិច្ច​ដល់​គុណូបការៈរ​បស់​ឯកឧត្តម អង្គ វង្ស វ​ឌ្ឍ​នា ចំពោះ​រូបខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​អតីតរដ្ឋមន្ត្រី​យុត្តិធម៌ ក្រោម​វត្តមាន​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​អធិបតីភាព ។​
 
​លោក កើត រិ​ទ្ធ បាន​រម្លឹក​ពី​ស្នាដៃ​ជាច្រើន​របស់លោក អង្គ វង្ស វ​ឌ្ឍ​នា ដែល​សម្រេចបាន​រយៈពេល​ជាង​១៦​ឆ្នាំ​មកនេះ រួមមាន​ការបង្កើត​ច្បាប់​ជាច្រើន ដែលមាន​មាត្រា​សរុប​ប្រមាណ​ជា​៣០០០​មាត្រា ,​ការសាងសង់​សាលាជម្រះក្តី​នៅតាម​រាជធានី​-​ខេត្ត ,​ការផ្ដល់សេវា​ផ្នែក​ច្បាប់ ,​ការផ្ដល់សេវា​យុត្តិធម៌​, ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅក្នុង​ប្រព័ន្ធយុត្តិធម៌ រួមទាំង​ការ​កំណែ​ទម្រ​ង​ផ្សេងទៀត​។​
 
​និយាយ​ពី​ស្នាដៃ​របស់​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​នេះហើយ លោក កើត រិ​ទ្ធ ក៏បាន​លើក​ពី​គុណូបការៈ​លោក អង្គ វង្ស វ​ឌ្ឍ​នា វិញ​ម្ដងថា អតីតរដ្ឋមន្ត្រី​ចាស់ តែងតែ​ផ្ដល់ឱកាស​ដល់​រូបលោក និង​មន្ត្រី​យុត្តិធម៌​គ្រប់​ជាន់ថ្នាក់​ដទៃទៀត ។ ជាពិសេស​ការដឹកនាំ និង​រៀបចំ​ប្រព័ន្ធយុត្តិធម៌ ឱ្យមាន​ភាពល្អប្រសើ​រដែ​ល​មិនអាច​កាត់ថ្លៃ​បាន​។ សម្រាប់​លោក កើត រិ​ទ្ធ ការអនុគ្រោះ និង​ផ្ដល់ឱកាស​ដល់​មន្ត្រី​នេះ គឺជា​គុណ​តម្លៃ​ធំធេង ។​
 
​ថ្លែង​ទាំង​អួលដើមក រដ្ឋមន្ត្រី​យុត្តិធម៌​ថ្មី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុងនាម​រូបខ្ញុំ​ផ្ទាល់​ជាស​ហការី ដែល​បានធ្វើ​ការងារ​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី អង្គ វង្ស វ​ឌ្ឍ​នា នៅក្នុង​រយៈពេល​ដែល​ឯកឧត្តម​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សូម​សម្ដែង​ការដឹងគុណ ប្រក​បក​ត្ត​ញុ​តា​ធម៌ និង​ក​ត​វេទិ​តា​ធម៌ ជូន​ចំពោះ​ដ៏​ជ្រាលជ្រៅ​បំផុត ជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ដែល​កន្លងមក​តែងតែ​ផ្ដល់ឱកាស ផ្ដល់​ការណែនាំ  ការបណ្ដុះបណ្ដាល ការតម្រង់ទិស ការចែករំលែក​បទពិសោធ​ន៍​ល្អ ទាំង​ការងារ ទាំង​នយោបាយ និង​តថភាព​សង្គម និង​បទពិសោធន៍​ជីវិត​ផ្ទាល់ខ្លួន​ដល់​ខ្ញុំ​…​។ 

បើតាម​លោក កើត រិ​ទ្ធ ភាព​ស្និទ​ស្នាល​រវាង​លោក និង​លោក អង្គ វង្ស វ​ឌ្ឍ​នា នៅក្នុងពេល​បំពេញការងារ ប្រៀបដូចជា​ឪពុក ដែលមាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​។​
​តាមរយៈ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រាវ​ជាមួយ​លោក អង្គ វង្ស វ​ឌ្ឍ​នា នេះ លោក កើត រិ​ទ្ធ ក៏បាន​ប្ដេជ្ញា​អនុវត្ត​បន្ត​នូវ​ស្នាដៃ​របស់​រដ្ឋមន្ត្រី​ចាស់ រួមទាំង​ការ​កំណែទម្រង់​ផ្សេងទៀត ដែល​នៅ​សេសសល់ ជាពិសេស​គោរព​យ៉ាង​ខ្ជាប់ខ្ជួន នូវ​ការអនុវត្ត​ច្បាប់ ក្នុងការ​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។​

​លោក កើត រិ​ទ្ធ បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌ តាំងពី​ឆ្នាំ​២០០៧​មក ក្នុងតួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង មុននឹង​បន្ត​ឡើងជា​រដ្ឋលេខាធិការ​ក្រសួង​នៅ​ចន្លោះ​ឆ្នាំ​២០១៣-២០១៤ ។ លោក កើត រិ​ទ្ធ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ជំនួស​លោក អង្គ វង្ស វ​ឌ្ឍ​នា តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សុំ​កែសម្រួល​សមាភាព​គណៈរ​ដ្ឋ​មន្ត្រី​ចំនួន​៤​រូប​កន្លងមក​។ លោក អង្គ វង្ស វ​ឌ្ឍ​នា បាន​បម្រើ​ការងារ​ក្នុង​ក្រសួងយុត្តិធម៌ តាំងពី​អំឡុង​ឆ្នាំ​២០០១ ក្នុងតួនាទី​ជា​រដ្ឋលេខាធិការ មុននឹង​កាន់តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌ ពី​ឆ្នាំ​២០០៤ ដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​សាវតា​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៖
-​ឆ្នាំ ១៩៩៩ ទទួលបាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​ពី​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច ។
-​ឆ្នាំ ២០០០ ទទួលបាន​បរិញ្ញាបត្រ​នីតិឯកជន​ពី​សាកលវិទ្យាល័យ​លី​យ៉ុង​២​ប្រទេស​បារាំង (​និស្សិត​អាហារ​រូបករណ៍​) ។​
– ឆ្នាំ ២០០១ ទទួលបាន​សញ្ញាបត្រ Maîtrise (​ជាមួយ​និទ្ទេស​ល្អ​ណាស់​) ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​លី​យ៉ុង​២​ប្រទេស​បារាំង (​និស្សិត​អាហារ​រូបករណ៍​) ។​
 – ឆ្នាំ ២០០២ ទទួលបាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ និង​វិទ្យាសាស្ត្រ​នៃ​បទឧក្រិដ្ឋ​នៅ នៅ​សាកលវិទ្យាល័យ​លី​យ៉ុង​៣​ប្រទេស​បារាំង (​និស្សិត​អាហារ​រូបករណ៍​)​។​
​បទពិសោធន៍​ការងារ​៖
-​ចាប់តាំងពី​ឆ្នាំ ២០០២ រហូតដល់​ឆ្នាំ ២០១៦ ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​និ​តី​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (​ទាំង​ថ្នាក់​ភាសា​បារាំង និង​ភាសា​ខ្មែរ​) នៅក្នុង​កំឡុង​ពេលនោះលោក​កើត រិ​ទ្ធ ក៏បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ទាក់ទង​នឹង​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ទៅដល់​ចៅក្រម ព្រះរាជអាជ្ញានិង​មន្ត្រី​អនុវត្ត​ច្បាប់ តាម​បណ្តា​ខេត្ត ។​
-២០០៣-២០០៥ មន្ត្រីរាជការ​ស៉ី​វិល​ក្រសួង​អប់រំ​យុវជន និង​កីឡា -២០០៥-២០១២​មន្ត្រីរាជការ​ស៉ី​វិល​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ។​
-២០០៧-២០១៣ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ -២០០៨ ដល់​បច្ចុបន្ន ជា​សមាជិក​គណកម្មាកា​រមូល​ប​ត្រ​កម្ពុជា ។​
-២០១២ ដល់​បច្ចុប្បន្ន ជា​សមាជិក ឧ​ត្ត​ម ក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ។​
-២០១៤ ដល់​បច្ចុប្បន្ន ជា​សមាជិក​គណៈកម្មាធិកា​រ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ។​
-២០១៣ ដល់ ២០១៨ ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។​
 -២០១៨ ដល់ ២០២០ ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងយុត្តិធម៌ ។​
-​ថ្ងៃ ៣០ មីនា ២០២០ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​
​ស្នាដៃ​និពន្ធ​៖
– សហ​និពន្ធ​សៀវភៅ សេចក្តី​ផ្តើម​នៃ​ច្បាប់​កម្ពុជា បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ ២០០៣ និង ២០០៥​។​
 – សហ​និពន្ធ​សៀវភៅ កំណត់​ពន្យល់​លើ​សេចក្តីព្រាង​ក្រមព្រហ្មទណ្ឌ​ទាក់ទង​លើ​វិភាគទាន​លើ​ការសិក្សា​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បោះពុម្ព​ឆ្នាំ ២០០៥​។​
 – និពន្ធ​អត្ថបទ​ស្តីពី​ធាតុ​ផ្សំ​នៃ​បទល្មើស​រំលោភ និង​និង​ការវិវត្ត​របស់​វា​នៅក្នុង​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បោះពុម្ព​ឆ្នាំ ២០០៦ ក្នុង​ព្រឹ​ត្ត​ប​ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិ​ទ្យ​សាស្ត្រ​សេដ្ឋកិច្ច​។​
 – សហ​និពន្ធ​សៀវភៅ នីតិ​កម្ពុជា បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ ២០១៦​។
(​ប្រភពពី​AKP)

Tag:
 កើត រិ​ទ្ធ​
  អង្គ វង្ស វ​ឌ្ឍ​នា​
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com