COVID-19
អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលគៀហ្ស៊ីស៊ីស្ថាន អស់តំណែង ព្រោះដោះស្រាយ COVID-19 មិនបានល្អ ប្រធានាធិបតីគៀហ្ស៊ីស៊ីស្ថាន Sooronbay Jeenbekov ។ រូបភាព AFP
× ឧបនាយករដ្ឋមន្ត្រីគៀហ្ស៊ីស៊ីស្ថាន Altynai Omurbekova និងរដ្ឋមន្ត្រីសុខាភិបាល Kosmosbek Cholponbayev ត្រូវបានបញ្ចប់តំណែងរៀងៗខ្លួន ព្រោះមិនអាចដោះស្រាយវិបត្តិ COVID-19 បានល្អ។ ការបញ្ចប់តំណែងនេះ កើតឡើងក្រោយប្រធានាធិបតីប្រទេសអាស៊ីកណ្ដាលនេះ រិះគន់ចំៗចំពោះការងារប្រយុទ្ធ COVID-19 ដែលអ្នកទាំងពីរដឹកនាំ។
ព័ត៌មាននៃការដកលោក Altynai Omurbekova ពីតំណែងឧបនាយករដ្ឋមន្ត្រី និងលោក Kosmosbek Cholponbayev ពីរដ្ឋមន្ត្រីសុខាភិបាល ត្រូវបានប្រកាសលើវេបសាយប្រធានាធិបតីគៀហ្ស៊ីស៊ីស្ថាន Sooronbay Jeenbekov នៅថ្ងៃទី១ ខែមេសា។ លោក Jeenbekov បានបង្ហាញការមិនពេញចិត្តចំពោះគណៈកម្មាធិការប្រយុទ្ធប្រឆាំង COVID-19 ដែលមន្ត្រីទាំងពីដឹកនាំ។
មួយថ្ងៃមុនការដកតំណែង លោកប្រធានាធិបតី Jeenbekov និយាយថា ការងារដែលលោក Omurbekova និងលោក Cholponbayev បានធ្វើ ពិតជាមិនគាប់ចិត្តទាល់តែសោះ ហើយជំងឺ COVID-19 នៅតែបន្តរាលដាលដដែល។ លោកបន្តថា ក្រុមការងារនេះ ក៏យឺតយូរក្នុងការកំណត់អត្តសញ្ញាណអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលផ្ទុកវីរុសទៅទៀត។
មកទល់ពេលនេះ គៀហ្ស៊ីស៊ីស្ថាន មានករណីឆ្លងចំនួន១១១ តែមិនទាន់មានករណីស្លាប់ឡើយ។ ករណីឆ្លងដំបូងរបស់ប្រទេសនេះ គឺអ្នកដំណើរមកពីអារ៉ាប៊ីសាអូឌីត។
រដ្ឋអតីតសហភាពសូវៀតដែលប្រព័ន្ធសុខាភិបាលទន់ខ្សោយមួយនេះ ជាប្រទេសទីមួយដែលទទួលបានជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្រោយការផ្ទុះ COVID-19 ។ បើតាម IMF កញ្ចប់ទឹកប្រាក់ជំនួយចំនួន១២១លានដុល្លារ ត្រូវបានបញ្ចេញដើម្បីជួយគៀហ្ស៊ីស៊ីស្ថានក្នុងការទប់ស្កាត់ COVID-19 ៕
Tag:
COVID-19
គៀហ្ស៊ីស៊ីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com