COVID-19
កីឡាជាតិ
ជាតិ
លោក បែ មករា៖ ការឯកភាពកាត់ប្រាក់ខែ៥០ភាគរយ ជាការរួមចំណែករក្សានិរន្តរភាពរបស់ក្លិប
× កីឡាករគ្រូបង្វឹកនិងបុគ្គលិកក្លិបបាល់ទាត់បឹងកេតឯកភាពកាត់ខែ៥០ភាគរយក្នុងអំឡុងពេលសម្រាកដោយសារការរីករាលដាលនៃកូវីដ-១៩ (COVID-19)។ ទោះបីថវិកានេះ មិនមានចំនួនច្រើន តែវាបានរួមចំណែកយ៉ាងធំក្នុងការរក្សានិរន្តរភាពរបស់ក្លិបក្នុងអំឡុងពេលជួបវិបត្តិ។ ការកាត់ប្រាក់ខែនេះ នឹងអនុវត្តរហូតការរាតត្បាតនៃកូវីដ-១៩មានភាពធូរស្រាល។
លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេតបាននិយាយថា កីឡាករ គ្រូបង្វឹក និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្លិបបឹងកេតលើកលែងសន្តិសុខនិងថែស្មៅទីលាន បានឯកភាពជាមួយថ្នាក់ដឹកនាំក្លិប យល់ព្រមកាត់ប្រាក់បៀវត្សរ៍របស់ខ្លួន៥០ភាគរយ តែក៏មានអ្នកខ្លះកាត់ត្រឹមតែ៣០ភាគរយ។ ការឯកភាពកាត់ប្រាក់បៀវត្សរ៍នេះ ធ្វើឡើងស្របពេលប្រទេសកម្ពុជាកំពុងប្រឈមការរាតត្បាតនៃកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
ប្រភពចំណូលមួយផ្នែកធំរបស់ក្លិបបាល់ទាត់នៅកម្ពុជា ភាគច្រើនគឺជាថវិការបស់ម្ចាស់ក្លិប ខណៈម្ចាស់ក្លិបភាគច្រើនជាអ្នករកស៊ី។ ដូច្នេះការជួបវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ វាបានជះឥទ្ធិពលមិនល្អដល់មុខជំនួញរបស់ម្ចាស់ក្លិបទាំងនោះ ដែលនាំឲ្យក្លិបរបស់ពួកគេក៏ជួបវិបត្តិដូចគ្នា។ ចំណែកក្រុមហ៊ុនដៃគូឧបត្ថម្ភរបស់ក្លិប ក៏ទំនងជាជួបវិបត្តិនេះផងដែរ។ នេះបើតាមការលើកឡើងរបស់លោក បែ មករា។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទលោក បែ មករា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រុមភាគច្រើនថវិកាពឹងផ្អែកលើម្ចាស់ក្លិប ហើយម្ចាស់ក្លិបភាពច្រើនគាត់ជាអ្នកជំនួញ ដូច្នេះនៅពេលក្រុមហ៊ុនរបស់ពួកគាត់ជួបបញ្ហាគាត់ត្រូវការចំណាយច្រើនលើបុគ្គលិក។ ដូច្នេះដើម្បីជួយគ្នាក្នុងពេលមានវិបត្តិ យើងបានយល់ព្រមកាត់ប្រាក់ខែតាមគោលការណ៍ជាក់ស្តែង អ្នកមានប្រាក់ខែច្រើនយើងកាត់៥០ភាគរយ អ្នកមានប្រាក់ខែតិចកាត់៣០ភាគរយ តាមការភាពរៀងៗខ្លួន»។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ថវិកាដែលបានមកពីការកាត់ប្រាក់បៀវត្សរ៍នេះ មិនបានយកទៅចំណាយលើសកម្មភាពអ្វីក្រៅពីសកម្មភាពទ្រទ្រង់ក្លិបឡើយ។ សម្រាប់លោក មករា ទោះបីថវិកានេះមិនមានចំនួនច្រើន តែវាបានជួយរួមចំណែកក្នុងការកាត់បន្ថយការចំណាយ និងការខាតបង់របស់ក្លិបមួយផ្នែកផងដែរ។ គោលការណ៍កាត់ប្រាក់ខែនេះនឹងអនុវត្តរហូតដល់ស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩មានភាពធូរស្រាល ពោលគឺរហូតការប្រកួតលីគចាប់ផ្តើមឡើងវិញ។
គួររំលឹកថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី១៩ មីនា បានសម្រេចផ្អាកការប្រកួតពានរង្វាន់លីគកំពូល និងពានសម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០២០ បណ្តោះអាសន្នដោយសារបារម្ភការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី COVID-19។ ការផ្អាកនេះមិនកំណត់ពេលវេលាឡើយ ពោលគឺរហូតស្ថានភាពនៃការរាតត្បាតនៃកូវីដ-១៩មានភាពធូរស្រាល។
គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កម្ពុជាមានអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយកូរ៉ណាវីរុស COVID-19 ចំនួន១០៩នាក់ ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួន២៥នាក់៕
Tag:
បាល់ទាត់
បឹងកេត
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com