ជាតិ
ព្រះ​កេស​ទេវតា និង​អសុរា ត្រូវបាន​រកឃើញ​ក្នុង​ប្រឡាយទឹក​នៃ​ខ្លោងទ្វារ​ខ្មោច​
01, Apr 2020 , 6:29 pm        
រូបភាព
​សៀមរាប​៖ ព្រះ​កេស​ទេវតា និង​អសុរា នៃ​ចម្លាក់​ទាញព្រ័ត្រ​នៃ​ខ្លោងទ្វារ​ខ្មោច ត្រូវបាន​រកឃើញ​កប់​នៅក្នុង​ប្រឡាយទឹក នៅ​ព្រឹក​ថ្ងៃទី​១ មេសា​នេះ​។ បច្ចុប្បន្ន បដិមា​ទាំង​២​នេះ ត្រូវបាន​នាំទៅ​រក្សាទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សម្អាត និង​ចុះបញ្ជី​សារពើភ័ណ្ឌ​។​

 
​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​នូវ​រូប​ព្រះ​កេស ឬ​ព្រះ​សីសៈ ទេវតា និង​អសុរា (​យក្ស​) នៅក្នុង​ប្រឡាយទឹក​ខាងកើត នៃ​ខ្លោងទ្វារ​ខ្មោច​។ តាមពិត​កន្លងមក​ក្រុមការងារ​ផ្នែក​បេតិកភណ្ឌ តែង​រកឃើញ​រូប​បដិមា និង​ចម្លាក់​ផ្សេងៗ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ហើយ​នៅ​ចំណុច​ខ្លោងទ្វារ​ខ្មោច ដែលជា​ខ្លោងទ្វារ​ខាងកើត​នៃ​ក្រុង​អង្គរធំ​នេះ​គឺ ចម្លាក់​ទាញព្រ័ត្រ​ដែល​ស​ង់​បណ្ដោយ​ខ្លោងទ្វារ​មាន​សភាព​ចាស់​ទ្រុធ​ទ្រោម និង​ជ្រុះ​ធ្លាក់​រាយប៉ាយ​មកក្រោម ដែល​កន្លងមក​មិនទាន់មាន​ការធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ ឬ​ជួសជុល​នោះទេ​។ 
 
​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ជំនាញ​ផ្នែក​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ  ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រូប​ព្រះ​កេស​ទាំង​២ មាន​សភាព​បាក់បែក​ច្រើន ដោយ​រូប​ទេវតា​ឃើញ​ត្រឹម​បបូរមាត់ និង​បែក​ផ្នែក​ថ្ពាល់ និង​ត្រចៀក​។ ចំណែក​រូប​យក្ស ឃើញតែ​ផ្នែក​ខាង​ខ្នង តែប៉ុណ្ណោះ​។ បន្ទាប់ពី​រកឃើញ ក្រុម​អ្នកជំនាញ​បាន​ដឹក​រូប​ទាំង​២​នេះ ទៅ​រក្សាទុក​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សម្អាត និង​ចុះបញ្ជី​៕



















Tag:
 បដិមា​
  ខ្លោងទ្វារ​ខ្មោច​
© រក្សាសិទ្ធិដោយ thmeythmey.com