ជាតិ
COVID-19៖ រដ្ឋាភិបាល ជំរុញឲ្យពង្រឹងវិស័យកសិកម្ម ដែលជាចំណុចខ្លាំងរបស់កម្ពុជា
× ភ្នំពេញ៖ ស្របពេលដែលកម្ពុជា កំពុងជួបប្រទះនូវករណីឆ្លងវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម ជាវិស័យមួយដ៏សំខាន់ ដោយត្រូវពង្រឹងវិស័យនេះ ដែលជាចំណុចខ្លាំងរបស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៣១ មីនា។
ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដែលពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋាភិបាលកម្ពុជា ក៏បានពិនិត្យ និងពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួន ដោយក្នុងនោះមានបញ្ហាមួយពាក់ព័ន្ធនឹងវិស័យកសិកម្ម។
សេចក្ដីប្រកាសព័ត៌មានខាងលើបញ្ជាក់ថា៖ «សម្ដេច ហ៊ុន សែន បានផ្ដល់អនុសាសន៍ឲ្យត្រៀមទុកនូវវិធានការសេដ្ឋកិច្ចដែលផលប៉ះពាល់ជាសាកលដោយជំងឺបង្កដោយវីរុសកូវីដ១៩ អាចអូសបន្លាយរយៈពេលយូរ គឺត្រូវពង្រឹងវស័យកសិកម្មដែលជាចំណុចខ្លាំងរបស់កម្ពុជា ជាពិសេស ការត្រៀមទំនិញស្បៀងចាំបាច់សម្រាប់ប្រជាជនកម្ពុជា ដូចជា អង្ករ និងអំបិល»។
ជាមួយគ្នានេះ រដ្ឋាភិបាល ក៏សម្រេចផ្អាកបណ្ដោះអាសន្ននូវការនាំចេញស្រូវ និងអង្ករស ទៅក្រៅប្រទេស ដោយលើកលែងអង្ករក្រអូប។ ការសម្រេចផ្អាកការនាំចេញទៅក្រៅប្រទេសនេះ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ដោយសំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពថ្លៃអង្ករនៅកម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ មេសានេះ កម្ពុជា មានអ្នកផ្ទុកកូវីដ-១៩ ចំនួន១០៩ករណី និងព្យាបាលជាសះស្បើយចំនួន២៥នាក់៕
Tag:
កសិកម្ម
ស្រូវ
អង្ករ
អំបិល
© រក្សាសិទ្ធិដោយ thmeythmey.com