COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នៅផ្ទះ ឈ្នះCOVID-19! មកដាំបន្លែលើទឹកនៅផ្ទះ តាមវិធីងាយៗជាមួយអ្នកជំនាញ
× ភ្នំពេញ៖ ប្រជាពលរដ្ឋ ទំនងមានពេលទំនេរច្រើន ដោយសារការធ្វើការនៅផ្ទះ ឬការអនុវត្តគម្លាតសង្គមតាមរយៈដាក់ខ្លួនដោយឡែក។ ដើម្បីកុំឲ្យធុញថប់ តានតឹង លោកអ្នកអាចយកពេលវេលាទំនេរ មកសាកល្បងដាំបន្លែលើទឹក(ហៃដ្រូផូនិក)នៅផ្ទះ ដែលមានរបៀបដាំដ៏ងាយស្រួល ជាមួយលោក ចាប វិបុល ម្ចាស់កសិដ្ឋាន«អេដែន ហៃដ្រូផូនិក» នៅខេត្តកំពង់ឆ្នាំង។
សូមអញ្ជើញស្ដាប់ការរៀបរាប់របស់លោក ចាប វិបុល ម្ចាស់កសិដ្ឋាន «អេដែន ហៃដ្រូផូនិក» ពីរបៀបដាំបន្លែលើទឹក (ហៃដ្រូផូនិក) ដូចតទៅ៖
លោក ចាប វិបុល ម្ចាស់កសិដ្ឋាន«អេដែន ហៃដ្រូផូនិក» បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យកពេលទំនេរ មកដាំបន្លែលើទឹកនៅផ្ទះ ដែលមានរបៀបដាំងាយៗ ហើយវាអាចជួយកាត់បន្ថយការចំណាយទៀតផង។ មានជំនាញកសិកម្មបែបទំនើបពីអ៊ីស្រាអែល វិបុល អះអាងថា ដាំបន្លែលើទឹក ឬ ហៃដ្រូផូនិ មិនត្រឹមតែងាយស្រួល ហើយបានទិន្នផលខ្ពស់នោះទេ វាក៏ជាបន្លែដែលមានសុវត្ថិភាពផងដែរ។
ដំបូល ឬសំយ៉ាបផ្ទះ ឬទីធ្លាផ្សេងៗ ដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ គឺជាទីតាំងអំណោយផល ដែលលោកអ្នកអាចដើម្បីដាំបន្លែលើទឹកបាន។ ក្រៅពីនេះ លោកអ្នកត្រូវមានឧបករណ៍មួយចំនួនដូចជា បំពង់ទុយោ ធុងទឹក ម៉ូទ័រ កន្ត្រង និងអេប៉ុង។ ប្រសិនបើគ្មានសម្ភារទាំងនេះ អ្នកអាចដាំនៅក្នុងដបទឹកសុទ្ធបាន។
កូនបន្លែដែលបណ្ដុះរួច រូបភាពពីលោក ចាប វិបុល
បន្ទាប់មកលោកអ្នក ត្រូវយកគ្រាប់ពូជបន្លែដែលចង់ដាំ ដាក់ក្នុងចានស្នោរដែលមានក្រាលក្រដាសជូតមាត់រួចជាស្រេច រួចហើយបាញ់ទឹកលើគ្រាប់ពូជនោះ។ បន្ទាប់មក យកក្រដាសជូតមាត់ ឬកំណាត់ស្តើងមកគ្របពីលើ ហើយរក្សាទុកឲ្យល្អ កុំឲ្យសត្វល្អិតស៊ី ឬស្រមោចស៊ីគ្រាប់ពូជ។ លោកអ្នក អាចគ្របគ្រាប់ពូជនេះ រយៈពេល២៤ម៉ោង ឬ៣៦ម៉ោង ទៅតាមប្រភេទបន្លែ។
នៅពេលដែលគ្រាប់ពូជ ចាប់ផ្ដើមដុះ លោកអ្នកត្រូវយកគ្រាប់ពូជដាក់ក្នុងអេប៉ុង រួចយកទៅដាក់ក្នុងម្លប់ និងត្រូវបាញ់ចំហាយទឹក ១ថ្ងៃ ៣ដង រហូតបន្លែធំល្មមដែលអាចយកទៅដល់លើទុកយោ ឬដបទឹកសុទ្ធបាន។ លោក ចាប វិបុល ពន្យល់បន្ថែម៖ «សម្រាប់អេប៉ុងនេះ លោកអ្នកត្រូវច្របាច់ឲ្យសព្វជាមួយនឹងទឹក ដើម្បីឲ្យវាជោកទឹកបានល្អ។ បន្ទាប់ពីកូនបន្លែដែលបានដុះ និងដាក់ក្នុងម្លប់រយៈពេល៣ថ្ងៃ។ ចាប់ផ្ដើមដុះដើម និងចេញស្លឹក លោកអ្នកត្រូវយកកូនបន្លែនោះ ចេញក្រៅរយៈពេល១ថ្ងៃ ដើម្បីទទួលបានពន្លឺ។ ដំណាក់កាលបន្ទាប់ លោកអ្នក ត្រូវយកកូនបន្លែនេះ ទៅដាក់ត្រូវពន្លឺព្រះអាទិត្យ។ ក្រោយពេលកូនបន្លែ ចាប់ផ្ដើមលូតលាស់ លោកអ្នក ត្រូវយកវាទៅដាក់លើថ្នាល ដើម្បីឲ្យស៊ាំនឹងពន្លឺព្រះអាទិត្យ។ ក្នុងពេលដែលកូនបន្លែ មានអាយុពី១០ ទៅ១៥ថ្ងៃ លោកអ្នក អាចយកកូនបន្លែនេះ ដាក់ក្នុងបំពង់ទុយោ ឬដបទឹកសុទ្ធ និងត្រូវលាយជីអាបេ។ ចំពោះគ្រាប់ពូជប្រភេទស្ពៃ រយៈពេលលូតលាស់ គឺពី២០ទៅ៣០ថ្ងៃ នឹងអាចប្រមូលផលបាន»។
ទាក់ទងនឹងការលាយជីអាបេ ក៏មានកម្រិតលាយទៅប្រភេទបន្លែផងដែរ។ សម្រាប់បន្លែស្ពៃគ្រប់ប្រភេទ ត្រូវលាយចំណុះ៦សេសេ ក្នុងទឹក១លីត្រ។ ខាត់ណាគ្រប់ប្រភេទ ត្រូវលាយចំណុះ ១២សេសេក្នុងទឹក១លីត្រ។ ចំណែកសាលាដគ្រប់ប្រភេទ ត្រូវលាយ ៣សសេ ក្នុងទឹក១លីត្រ។ បើតាមអ្នកជំនាញ លោកអ្នកក៏ត្រូវយកចិត្តទុកដាក់ចំពោះទឹក និងជី ផងដែរ អំឡុងដាំដុះ។
ហើយក៏ត្រូវមានមុង ឬសំណាញ់ ដើម្បីការពារកូនបន្លែ ពីសត្វល្អិតផងដែរ៕
គ្រាប់ពូជដាក់ក្នុងអេប៉ុង រូបភាពពីលោក ចាប វិបុល
គ្រាប់ពូជដែលបណ្ដុះរួច រូបភាពពីលោក ចាប វិបុល
រូបភាពពីលោក ចាប វិបុល៖
Tag:
កសិកម្ម
បន្លែលើទឹក
កំពង់ឆ្នាំង
ហៃដ្រូផូនិក
© រក្សាសិទ្ធិដោយ thmeythmey.com