COVID-19
ពីនេះ ពីនោះ
រូបត្លុក
តើ​គួរ​ទប់​ការ​រាលដាល COVID-19 នៅពេល​ចូលឆ្នាំ​ខ្មែរ​យ៉ាងដូចម្តេច​?
02, Apr 2020 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបីជា សុធីរ និង​សំណាង មិន​ជួបគ្នា​នៅក្នុង​ហាង​កាហ្វេ​ដូច​សព្វដង​ទៀត​ក៏ដោយ​។ តែ​ក្លើ​ទាំងពីរ​នៅ​បន្ត​ទាក់ទង​គ្នា​តាម​បណ្តាញ​សង្គម​។ មេរោគ កូ​វីដ​១៩ នេះ បាន​បង្ខាំង​មិត្តភក្តិ​ទាំងពីរ​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​បន្តិច និង​កាត់ផ្តាច់​កាហ្វេ​ពេលព្រឹក​ជាមួយគ្នា​រយៈ​ធំ​។ និយាយ​ពី​រឿង​កូ​វីដ​១៩ សុធីរ និង​សំណាង បារម្ភ​រឿង​ការ​សាយភាយ​នៅ​អំ​ឡុ​ពេល​ចូលឆ្នាំ​ខ្មែរ ព្រោះ​វា​ជា​ពេលវេលា​ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ច្រើន និង​ជួបជុំ​គ្នាច្រើន​។


 
​សុធីរ​៖ អា សំណាង​! តួលេខ​អ្នក​ឆ្លង​នាពេលនេះ​មើលទៅ​នៅ​អាច​ទប់ស្កាត់ និង​គ្រប់គ្រង​បាន​។ តែ​អញ​បារម្ភ​នៅពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ ចុះ​អ្ហែង​គិត​ម៉េច​ដែរ​?  
 
​សំណាង​៖ អញ​ក៏​បារម្ភ​ដែរ ព្រោះ ចូលឆ្នាំ​ខ្មែរ វា​ជា​ពេលវេលា​ដែល​ក្រុមគ្រួសារ​ត្រូវធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា​។ អ្នក​ភ្នំពេញ​ត្រូវ​ទៅ​ខេត្ត​រៀងៗ​ខ្លួន ជា​លក្ខណៈ​គ្រួសារ​។ កម្មករ​ពី​ក្រៅប្រទេស​ត្រូវ​ត្រឡប់​ចូល​ស្រុក​វិញ​។ អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​ទប់ចិត្ត​មិនបាន អាច​នៅ​បន្ត​ដើរលេង​ដោយ​មិន​ខ្វល់​ពី​មេរោគ​កូ​វីដ​១៩​។ រឿង​មួយទៀត ដែល​គួរ​គិត​ដែរនោះ គឺថា​«​ចូរ​កុំ​គិតថា សាច់ញាតិ​ខ្លួនឯង​មិន​ចម្លង​មេរោគ​។ គ្រួសារ​តែមួយ ក៏​អាច​ចម្លង​គ្នា​ដែរ​។ ទប់​ចរន្ត​ទាំងអស់នេះ ពិតជា​ពិបាក​ណាស់ណា៎ បើ​អញ​គិត​មើលទៅ​!​។ 
​សុធីរ​៖ អ៊ីចឹង​ធ្វើ​ម៉េច​ទៅ​? 
 
​សំណាង​៖ មិនមែន​ស្រួល​ទេ​។ បើ​គ្រាន់តែ​អំពាវនាវ​កុំ​ឲ្យ​ធ្វើដំណើរ ប្រហែលជា​គ្មាន​ប្រសិទ្ធិភាព​ទេ​។ 

​សុធីរ​៖ អ៊ីចឹង​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ម៉េច​ចុះ​? 
 
​សំណាង​៖ អញ​មិនអាច​ឆ្លើយ​ជំនួស​រដ្ឋាភិបាល​បានទេ​។ តែ​បើជា​គំនិត​អញ ប្រសិនបើ​រដ្ឋាភិបាល​អាច​ធ្វើបាន គឺថា ហាម​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងខេត្ត​នីមួយៗ​។ ហាម​ធ្វើដំណើរ​ឆ្លងខេត្ត​រាជធានី​លើកលែងតែ​ករណី​ពិសេស ឬ​ចាំបាច់​។ និយាយ​ជារួម នរណា​ស្ថិត​នៅទីណា គឺ​ត្រូវ​ស្ថិតនៅ​ទីនោះ​សិន​ក្នុងអំឡុង​ចូលឆ្នាំ​នេះឯង​។ ហាម​រាល់​ការធ្វើដំណើរ​ចល័ត បើ​មិនមាន​ការចាំបាច់​។ ការធ្វើដំណើរ​ចល័ត​ដោយ​រថយន្ត​រួមគ្នា​, ការជួប​ជុំគ្នា​ក្នុង​ទម្រង់​ច្រើន​នាក់​, ផឹកស៊ី​ច្រើន​នាក់​… សុទ្ធសឹង​ជាការ​ជំរុញ​ឲ្យ​មាន​ការឆ្លង​បន្ថែម​ដោយ​ចៃដន្យ​ទាំងអស់​។ បើ​ផ្អាកបាន សូម​ផ្អាក​សិន​ទៅ​!​។ 
 
​សុធីរ​៖ អ៊ីចឹង ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​ហ្នឹង​មិន​ឆាចោល​ទៅហើយ អា សម្លាញ់ សំណាង​? 
 
​សំណាង​៖ អានេះ នៅ​គិត​រឿង​ចូលឆ្នាំ​អី​ទៀត​អ្ហា​! គេ​វឹកវរ​ពេញ​ពិភពលោក​ហើយ​ហ្នឹង រឿង​មេរោគ​កូ​វីដ​១៩​ហ្នឹង​។ បើ​យើង​ទប់​បាន​ពេល​ចូលឆ្នាំ​ខ្មែរ​ហ្នឹង​។ កម្ពុជា​យើង​ពិតជា​អាច​ឆ្លង​រួចផុត​គ្រា​ដ៏​ប្រឈម​មួយ​នេះ​។ អា សុធីរ ទ្រាំ​ទៅ ឆ្នាំនេះ ឆាចោល​ទៅ​។ ចាំ​ឆ្នាំក្រោយ​ចាំ​សប្បាយ​ឲ្យ​អស់ដៃ​តែម្តង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com