COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ផ្ដើម​យុទ្ធនា​ការបោះឆ្នោត​សភា ទោះ​ករណី​ឆ្លង COVID-19 មិនទាន់​ស្រាកស្រាន្ត​
02, Apr 2020 , 10:06 am        
រូបភាព
រូបភាពបង្ហាញពីបេក្ខជនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាកូរ៉េខាងត្បូង។ រូបភាព Yonhap
រូបភាពបង្ហាញពីបេក្ខជនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាកូរ៉េខាងត្បូង។ រូបភាព Yonhap
​គណបក្សនយោបាយ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២ ខែមេសា បានចាប់ផ្ដើម​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​ស្វែងរក​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​។ យុទ្ធនាការ​នេះ ធ្វើឡើង​ខណៈដែល​ការឆ្លង​ជំងឺ COVID-19 នៅ​មិនទាន់​ថមថយ ដោយ​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៅតែមាន​ជា​បន្តបន្ទាប់​។ ការឆ្លើយតប​របស់រ​ដ្ឋា​ភិ​បាល និង​បញ្ហា​សេដ្ឋកិច្ច ទំនងជា​ប្រធានបទ​ធំ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​សំណាក់​អ្នកបោះឆ្នោត​ដែល​កំពុង​បារម្ភ​ពី​បញ្ហា COVID-19 ។​

 
​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​កូរ៉េខាងត្បូង នឹង​ធ្វើឡើង​រយៈពេល​១៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ខែមេសា​រហូតដល់​ល្ងាច​ថ្ងៃទី​១៤ ខែមេសា​។ ថ្ងៃទី​១៥ ខែមេសា ជា​ថ្ងៃ​បោះឆ្នោត​។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​កូរ៉េខាងត្បូង​។​
 
​កៅអី​សភា​កូរ៉េខាងត្បូង​ចំនួន​៣០០ នឹងត្រូវ​បានដាក់​ឲ្យ​ប្រជែង​ក្រោម​រូបមន្ត​ចម្រុះ ដោយ​សមាជិក​ចំនួន​២៥៣​នាក់ ត្រូវ​ជ្រើសរើស​ដោយផ្ទាល់ និង​៤៧​នាក់ ត្រូវ​ជ្រើសរើស​ដោយ​សំឡេង​ដែល​បក្ស​នីមួយៗ​ទទួលបាន​។ ក្នុងនោះ អ្នកបោះឆ្នោត​ទាំងអស់ ត្រូវ​គូស​សន្លឹកឆ្នោត​ចំនួន​ពីរ គឺ​មួយ​សន្លឹកឆ្នោត​គាំទ្រ​បេក្ខជន​ដោយផ្ទាល់ និង​មួយ​សន្លឹក​ទៀត បោះឆ្នោត​ឲ្យ​បក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​។​
 
​ការបោះឆ្នោត​នេះ ក៏​ជា​ការវាស់ស្ទង់​ទំនោរ​របស់​ប្រជាជន​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២២​ផងដែរ​។ បក្ស​ធំៗ​ចំនួន​ពីរ រំពឹង​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​ដូចគ្នា​។ បក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់អំណាច និង​ជា​បក្ស​របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ផង​នោះ រំពឹង​ឈ្នះ​កៅអី​សភា​ចំនួន​១៣២ ខណៈ​បក្ស​អនាគត​រួបរួម​ដែលជា​បក្សប្រឆាំង​សង្ឃឹម​ទទួលបាន​កៅអី​សភា​យ៉ាងហោចណាស់​១២៤ ផងដែរ​។ 
 
​មណ្ឌលបោះឆ្នោត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​មណ្ឌល Jongno ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​។ នៅ​មណ្ឌល​នេះ អតីត​នាយករដ្ឋមន្ត្រី លី ណាក់​យុន មកពី​បក្ស​ប្រជាធិបតេយ្យ នឹង​តទល់​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី វ៉ាង ក្យូ​អាន របស់​បក្សប្រឆាំង​។ ដោយឡែក ទី​ក្រុ​សេ​អ៊ូ​ល និង​ទីក្រុង​ក្បែរ​ធំៗ​នោះ ក៏​ជា​មណ្ឌល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ព្រោះ​មាន​កៅអី​សភា​ជាង​ពាក់កណ្ដាល​ទៅហើយ​ដោយសារ​ជា​បណ្ដុំ​ប្រជាជន​។ 
 
​ទោះជា​យ៉ាងណា បក្សនយោបាយ​ទាំងអស់ សុទ្ធតែ​បាន​ប្ដេជ្ញាចិត្ត​ឃោសនា​ដោយ​ស្ងាត់ស្ងៀម ខណៈ​ប្រទេសជាតិ​កំពុង​ជួប​បញ្ហា​ដោយសារ COVID-19 ។ កូរ៉េខាងត្បូង ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​មួយ ប៉ុន្តែ​ក៏មាន​អត្រា​ព្យាបាល​សះស្បើយ​ច្រើន​ដែរ​។ គិត​ត្រឹម​ថ្ងៃទី​២ ខែមេសា កូរ៉េខាងត្បូង​មានរ​កណី​ឆ្លង​ទាំងអស់ ៩៩៧៦​នាក់ និង​សះស្បើយ​ជាង​៥៨០០​នាក់​៕ 
 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com