COVID-19
អន្តរជាតិ
ទារក​អាយុ​៦​សប្តាហ៍​ម្នា​ក់នៅ​អាមេរិក ស្លាប់​ដោយសារ COVID-19
02, Apr 2020 , 11:18 am        
រូបភាព
ដោយ:
​ទារក​អាមេរិក​អាយុ​៦​សប្តាហ៍​ម្នាក់ បាត់បង់​ជីវិត​ដោយសារ COVID-19 ។ អភិបាលរដ្ឋ Connecticut បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​ពុធ ទី​១ ខែមេសា​។ ក្មេង​តូច​ទើប​កើត​រូបនេះ គឺជា​ករណី​ស្លាប់​ក្មេង​បំផុត​ក្នុង​សហរដ្ឋអាមេរិក ដោយសារ​វីរុស​ដែល​ផ្ទុះ​រាលដាល​ដំបូង​ក្នុងប្រទេស​ចិន​។

 
​អភិបាលរដ្ឋ Connecticut លោក Ned Lamont បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា ទារក​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កាលពី​ចុង​សប្តាហ៍​មុន ហើយ​ពុំ​អាចជួយ​សង្គ្រោះបាន​។ លោក បន្តទៀតថា​៖«​លទ្ធផល​តេស្ត បញ្ជាក់ថា កាលពី​យប់មិញ​ថា ក្មេង​ទើប​កើត​រូបនេះ មាន​ផ្ទុក COVID-19»​។ 
 
​ទាក់ទិន​ការស្លាប់​របស់​ទារក​អាមេរិក​អាយុ​៦​សប្តាហ៍​នេះ លោក​អភិបាល Lamont អះអាងថា នេះ​គឺជា​រឿង​គួរ​ឲ្យ​ក្រៀមក្រំ​បំផុត ហើយ​លោក​ជឿជាក់ថា នេះ​គឺជា​ករណី​ស្លាប់​វ័យក្មេង​បំផុត​មួយ ដោយសារ​ជំងឺ COVID-19 ។ 
 
​ករណី​ស្លាប់​លើ​ទារក​ដោយសារ COVID-19 បែបនេះ ពុំមែន​ជា​លើកទីមួយ​ឡើយ​នៅ​សហរដ្ឋអាមេរិក​។ កាលពី​សប្តាហ៍​មុន អាជ្ញាធរ​រដ្ឋ Illinois បញ្ជាក់ថា ពួកគេ​កំពុង​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​ក្មេង​តូច​ម្នាក់​មាន​អាយុ​តិចជាង​មួយឆ្នាំ ដែលមាន​លទ្ធផល​តេស្ត COVID-19 វិជ្ជមាន​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អាមេរិក ដែល​ដកស្រង់​ចុះផ្សាយ​ដោយ AFP ទារក​រូបនេះ មាន​អាយុ​៩​ខែ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ពុធ ទី​១ ខែមេសា ករណី​ឆ្លង COVID-19 សរុប កើន​លើស ២០​ម៉ឺន​ករណី​ហើយ ខណៈ​មនុស្ស​យ៉ាងហោចណាស់ ៤៤៧៦​នាក់ បាត់បង់​ជីវិត​។ នេះ​បើតាម​ការតាមដាន​រប​ស់​សាកលវិទ្យាល័យ Johns Hopkins​។ រដ្ឋ​ញូវយ៉ក ដែលមាន​ព្រំដែន​ជាប់​រដ្ឋ Conneticut ជា​តំបន់​ដែល​រងគ្រោះ​បំផុត​របស់ COVID-19 ដែលមាន​ករណី​ស្លាប់​ជិត​២០០០​នាក់​៕ 

Tag:
 សហ​អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com