ជាតិ
លោក ផៃ ស៊ី​ផាន ៖ ព្រះមហាក្សត្រ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ចិន មិនមែន​ដោយសារ​គេច​ពី​ច្បាប់​ប្រកាសអាសន្ន​ឡើយ​
02, Apr 2020 , 11:30 am        
រូបភាព
​ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេចម៉ែ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ប្រទេស​ចិន​នោះ មិនមែន​ដោយសារ​គេចវេស​ពី​ការ​ឡាយព្រះហស្ថលេខា​លើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​


 
​លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា ព្រះមហាក្សត្រ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​ជា​ទម្លាប់​ធម្មតា តាម​ពេលវេលា​ណាត់ជួប​ព្រះ​ភក្ត្រ​ព្រះអង្គ ពី​សំណាក់​ក្រុមគ្រូពេទ្យ​ចិន ដូច្នេះ​គ្មាន​ហេតុផល​អ្វី ដែល​ព្រះអង្គ​គេច​ចេញពី​ព្រះរាជ​កាតព្វកិច្ច​ឡើយ​។ លោក ផៃ ស៊ី​ផាន ក៏​ស្នើ​ពលរដ្ឋ​កុំឱ្យ​ទាញយក​ព្រះមហាក្សត្រ មក​រិះគន់ និង​វាយតម្លៃ​លើ​ព្រះអង្គ ក្នុង​រឿង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ដែលនាំឱ្យ​មានទោស និង​ខុសច្បាប់ ទាក់ទង​នឹង​ការប្រមាថ​ព្រះរាជ​ជេ​ស្ដារ​ព្រះមហាក្សត្រ​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ក៏​មិន​ច្បាស់​ថា ព្រះមហាក្សត្រ​នឹង​យាង​មក​កម្ពុជា​វិញ​នៅពេលណា​ដែរ ក្រោយ​ពិនិត្យ​ព្រះរាជសុខភាព​រួច​។ ប៉ុន្តែ​បើតាម​លោក ផៃ ស៊ី​ផាន ប្រធានព្រឹទ្ធសភា នឹងមាន​សិទ្ធ​ចាត់ចែង​ជំនួស​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នៅពេល​ព្រះអង្គ ព្រះ​អវត្តមាន​គង់នៅ​កម្ពុជា​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ក៏បាន​ស្នើ​ពលរដ្ឋ​កុំឱ្យ​មានការ​ព្រួយបារម្ភ​លើ​ច្បាប់​នេះដែរ ។​
 
​កន្លងមក​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ប៉ុន្តែ​មិនបាន​ចែង​ពី​ការគ្រប់គ្រង​ស្ថានភាព​ឡើយ ទើប​តម្រូវឱ្យ​រដ្ឋាភិបាល​សម្រេច​បង្កើត​ច្បាប់ ដើម្បី​ងាយស្រួល​គ្រប់គ្រង​។ «​មិនទាន់មាន​ច្បាប់​ណា ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះទេ ប៉ុន្តែ​ចង់​មិន​ចង់ ច្បាប់​មួយ​ត្រូវ​បង្កើតឡើង ដើម្បីឱ្យ​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន បាន​ដោយ​រលូន​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​បើតាម​សម្ដេច ហ៊ុន សែន ការបង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​ឡើង ដើម្បី​ទុកឱ្យ​មាននៅ​ក្នុង​ដៃ​ប៉ុណ្ណោះ ហើយក៏​មិន​ច្បាស់​ថា នឹងត្រូវ​អនុវត្ត​ភ្លាមៗ​ដែរ បើសិនជា​ស្ថានការណ៍​ជំងឺ​COVID-19 នៅក្នុង​ប្រទេស​មិនទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២ មេសា​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 ចំនួន​១១០​នាក់​ហើយ ខណៈ​អ្នកជា​សះស្បើយ​៣៤​នាក់​៕

Tag:
 ផៃ ស៊ី​ផាន​
  ច្បាប់​ប្រកាសអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com