COVID-19
អន្តរជាតិ
ត្រឹម​២៤​ម៉ោង អាមេរិក អ៊ីតាលី និង​អេ​ស្ប៉ា​ញ​មាន​ករណី​ស្លាប់​COVID-19​លើស​៧០០​នាក់​រៀងខ្លួន​
02, Apr 2020 , 11:57 am        
រូបភាព
ប្រធានាធិបតីអាមេរិក (ឆ្វេង), នាយករដ្ឋមន្ត្រីអេស្ប៉ាញ (កណ្ដាល) និងនាយករដ្ឋមន្ត្រីអ៊ីតាលី (AFP)
ប្រធានាធិបតីអាមេរិក (ឆ្វេង), នាយករដ្ឋមន្ត្រីអេស្ប៉ាញ (កណ្ដាល) និងនាយករដ្ឋមន្ត្រីអ៊ីតាលី (AFP)
ដោយ:
​ត្រឹម​២៤​ម៉ោង​ប៉ុណ្ណោះ សហរដ្ឋអាមេរិក​, អ៊ីតាលី និង​អេ​ស្ប៉ា​ញ បាន​រកឃើញ​ករណី​ស្លាប់​ដោយសារ COVID-19 លើស​៧០០​នាក់​រៀងៗ​ខ្លួន​។ ចំណែក​២៤​ម៉ោង​ដូចគ្នា នៅ​ថ្ងៃ​ពុធ ០១ ខែមេសា ចក្រភព​អង់គ្លេស និង​បារាំង បាន​រាយការណ៍​ករណី​ស្លាប់​ថ្មី​លើស​៥០០​នាក់​។

 
​ជំងឺ​ផ្លូវដង្ហើម COVID-19 បានសម្លាប់​មនុស្ស ៨៨៤​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​នៅ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​បញ្ជាក់​របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ថ្ងៃ​ពុធ ទី​១ ខែមេសា​។ តួលេខ​ថ្មី​នេះ បានធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ក្នុង​សហរដ្ឋអាមេរិក​ឡើងដល់ ៤៤៧៥​នាក់​ហើយ​។ បើតាម​ប្រភពពី​សាកលវិទ្យាល័យ​អាមេរិក​ដដែល​នេះ ករណី​ឆ្លង​សរុប​ក្នុងប្រទេស​នេះ ឡើងដល់ ២១៣ ៣៧២​ករណី ក្នុងនោះ​មាន​ករណី​ឆ្លង​ថ្មី ២៥២០០​នាក់ ក្នុងពេល​២៤​ម៉ោង​។  
 
​ចំណែក អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី​១ ខែមេសា បាន​រាយការណ៍​ករណី​ស្លាប់ COVID-19 ថ្មី ៨៦៤​ករណី​បន្ថែម ដែលជា​ករណី​ស្លាប់​ខ្ពស់បំផុត​ក្នុងពេល​ត្រឹមតែ​មួយថ្ងៃ​។ តួលេខ​ថ្មី​នេះ ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​ក្នុងប្រទេស​នៅ​ប៉ែក​អឺរ៉ុប​នេះ​ឡើងដល់ ៩០៥៣​នាក់​ហើយ​។ ដោយឡែក ករណី​ឆ្លង COVID-19 សរុប​ក្នុង​ប្រ​ទស​នេះ កើន​លើស​១០​ម៉ឺន​ករណី ដែលជា​ប្រទេស​ទី​៣​មាន​ករណី​ឆ្លង​ច្រើន​បំផុត បន្ទាប់ពី​អាមេរិក និង​អ៊ីតាលី ។ នេះ​បើតាម​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​។ 
 
​ងាក​ទៅ​ប្រទេស​អឺរ៉ុប​មួយទៀត​! អ៊ីតាលី នៅ​ថ្ងៃ​ពុធ បានប្រកាស​ពី​ករណី​ស្លាប់​ដោយសារ COVID-19 ថ្មី​បន្ថែមចំនួន ៧២៧​នាក់​ថ្មី ក្នុងពេល​២៤​ម៉ោង ដែល​បង្កើន​ករណី​ស្លាប់​សរុប​ឡើងដល់ ១៣១៥៥​នាក់​ហើយ​។ តួលេខ​ស្លាប់​នេះ​ធ្លាក់ចុះ​បន្ដិច បើ​ធៀប​នឹង​ថ្ងៃទី​៣១ ខែមីនា ដែលមាន ៨៣៧​ករណី​ឯណោះ​។ ដោយឡែក ករណី​ឆ្លង COVID-19 សរុប​នៅ​អ៊ីតាលី មាន​ចំនួន​ជាង​១១​ម៉ឺន​ករណី បើ​បូក​ទាំង​អ្នកស្លាប់ ជាសះស្បើយ និង​ករណី​បច្ចុប្បន្ន​។ នេះ​បើតាម​របាយការណ៍​ផ្លូវការ​របស់​អាជ្ញាធរ​អ៊ីតាលី​។​
 
​នៅ​អឺរ៉ុប​ដដែល ករណី​ស្លាប់ COVID-19 នៅ​បារាំង​ក្នុង​មួយថ្ងៃ ត្រូវបាន​រាយការណ៍​៥០៩​នាក់​ថ្មី ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​ឡើងដល់ ៤០៣២​នាក់​ហើយ​។ នេះ​បើតាម​របាយ​ការ​ណ៏​ផ្លូវការ​របស់​អាជ្ញាធរ​សុខាភិបាល​បារាំង នៅ​ថ្ងៃ​ពុធ ០១ មេសា​។  ចំណែក​ករណី​ឆ្លង​សរុប​ក្នុងប្រទេស​នេះ មាន​៥៦ ៩៨៦​ករណី ខណៈ​ជាសះស្បើយ​មាន​ជាង​១​ម៉ឺន​នាក់​។ 
 
​មិន​ខុសពី​បណ្ដា​ប្រទេស​នៅ​លោកខាងលិច ចក្រភព​អង់គ្លេស ក៏​រងគ្រោះ​ខ្លាំង​ផងដែរ​ពី​ជំងឺ COVID-19 នេះ​។ យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ចក្រភព​អង់គ្លេស នៅ​ថ្ងៃ​០១ មេសា អ្នកស្លាប់​ដោយសារ COVID-19 ក្នុងពេល​២៤​ម៉ោង​នៅ​ប្រទេស​នេះ មាន​ចំនួន​៥៦៤​នាក់ ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​ឡើងដល់ ២៤៥២​នាក់​ហើយ​។ នេះ​គឺជា​លើកដំបូង​ដែល​ករណី​ស្លាប់​សរុប​ប្រចាំថ្ងៃ​នៅ​ទូទាំងប្រទេស​នេះ​កើន​លើស​៥០០​នាក់​។ ចំណែក មនុស្ស​ជិត​៣​ម៉ឺន​នាក់​ហើយ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19 ក្នុងនោះ​ករណី​ឆ្លង​ថ្មី ២៣៥២​នាក់ ខណៈ​ជាសះស្បើយ​មាន​ត្រឹម ១៣៥​នាក់​ប៉ុណ្ណោះ​។ 
 
​ដោយឡែក អាល្លឺម៉ង់ ដែលមាន​ករណី​ឆ្លង​សរុប​ដល់ ៦៧៣៦៦​ករណី មាន​អ្នកស្លាប់​ត្រឹម ៧៣៦​នាក់​ប៉ុណ្ណោះ ។ នេះ​បើតាម​ស្ថិតិ​ផ្លូវការ​របស់​វិទ្យាស្ថាន Robert Koch នៅ​ថ្ងៃទី​១ ខែមេសា ដោយ​បញ្ជាក់ថា​ករណី​ស្លាប់​ក្នុងពេល​២៤​ម៉ោង មាន​១៤៩​នាក់​និង​ឆ្លង​មាន​ជាង​៥​ពាន់​ករណី​។ បើតាម​វេ​ប​សាយ worldometers.infor ដែល​តាម​តួលេខ​ឆ្លង COVID-19 អ្នកជា​សះស្បើយ​ពី​ជំងឺ COVID-19 នៅ​អាល្លឺម៉ង់ មាន​ជាង​១៨៧០០​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២ ខែមេសា​។ 
 
​សូមបញ្ជាក់ថា ជំងឺ​រាតត្បាត​សាកល COVID-19 បានសម្លាប់​មនុស្ស​ជាង​៣​ម៉ឺន​នាក់​ហើយ ក្នុង​តំបន់​អឺរ៉ុប ដោយ​ជាង​៧៥​ភាគរយ បាន​រកឃើញ​នៅ​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​។ នេះ​បើតាម​ការតាមដាន​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ត្រឹម​ព្រឹក​ថ្ងៃទី​១ ខែមេសា ដោយ​យោងតាម​តួលេខ​ផ្លូវការ​។ តួលេខ​ស្លាប់​សរុប​ទាំង​៣០០៦៣​នាក់​នេះ គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ឆ្លង COVID-19 សរុប​៤៥៨ ៦០១​នាក់ ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​នេះ​ក្លាយជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​វីរុស​នេះ​៕

Tag:
 ​សហរដ្ឋអាមេរិក​
  អ៊ីតាលី​
  អេ​ស្ប៉ា​ញ​
  បារាំង​
  ចក្រភព​អង់គ្លេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com