COVID-19
អន្តរជាតិ
ប្រធានាធិបតីអាមេរិក មិនទុកចិត្តតួលេខ COVID-19 នៅប្រទេសចិន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ AFP
× ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី១ ខែមេសា បានលើកឡើងពីចម្ងល់របស់ខ្លួន ជុំវិញតួលេខអ្នកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅប្រទេសចិន ដោយថាមានតួលេខតិច និង មិនគួរឲ្យជឿ។ ចំណែកសមាជិកសភាអាមេរិកឯណោះវិញ បានបង្ហាញថា ចិនបានលាក់តួលេខអ្នកឆ្លង និងអ្នកស្លាប់នៅក្នុងប្រទេស។
នាសន្និសីទកាសែតនាថ្ងៃទី១ ខែមីនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តើយើងដឹង តួលេខនៅប្រទេសចិនពិតដោយរបៀបណា»។ ក្នុងន័យនេះ លោកដូណាល់ ត្រាំ ចង់សំដៅថា តួលេខនៅចិនគឺល្អណាស់ និងភាពល្អប្រសើរ ដែលខុសឆ្ងាយពីតួលេខនៅអាមេរិក។
គិតមកត្រឹមថ្ងៃទី១ ខែមេសានេះ អាមេរិកមានករណីCOVID-19 សរុបរហូតដល់ទៅជាង ២១ម៉ឺនករណី និងអ្នកស្លាប់ជាង ៥ពាន់ករណី ស្របពេលចិនមានត្រឹមតែជាង ៨ម៉ឺនករណី និងអ្នកស្លាប់ជាង ៣ពាន់ករណី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
យ៉ាងណាក៏ដោយ លោកត្រាំ នៅតែអះអាងថា ទំនាក់ទំនងចិន និងអាមេរិក នៅតែមានភាពល្អប្រសើរ ខណៈពេលលោក និងលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅតែមានទំនាក់ទំនងជិតស្និតដដែល។
ចំណែកនៅក្នុងសភាឯណោះវិញ សមាជិកបក្សសាធារណរដ្ឋ បានលើកឡើងពីរបាយការណ៍មួយរបស់សារព័ត៌មាន Bloomberg ។ ជារបាយការណ៍ផ្អែកតាមទិន្នន័យរបស់ទីភ្នាក់ងារសម្ងាត់របស់អាមេរិក សារព័ត៌មាន Bloomberg បានបង្ហាញថា ទីក្រុងប៉េកាំង បានបញ្ចេញតួលេខមិនពិតមួយចំនួនទាក់ទងនឹងអ្នកឆ្លង និងអ្នកស្លាប់នៅក្នុងប្រទេស ដែលបានចាប់ផ្តើមឡើងនៅចុងឆ្នាំ ២០១៩។
លោក Ben Sasse សមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋ បានលើកឡើងថា តួលេខដែលបង្ហាញថាតួលេខអ្នកស្លាប់នៅអាមេរិក មានច្រើនជាងចិន គឺជារឿងមិនពិត។ ចិន បានបំភ្លៃព័ត៌មាននេះ ដើម្បីការពាររបបដឹកនាំរបស់ខ្លួន។ មកពីបក្សដូចគ្នា លោក Michael McCaul សមាជិកគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្ត្រអាមេរិក បានបញ្ជាក់ថា ចិន គឺជាដៃគូមិនគួរឲ្យទុកចិត្តក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ដោយសាររដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញព័ត៌មានមិនពិតទៅកាន់ពិភពលោកទាំងមូល។ ក្នុងន័យនេះ លោក Michael និយាយថា ចិនបានបំបិទមាត់វេជ្ជបណ្ឌិត និងអ្នកកាសែតមិនឲ្យបញ្ចេញតួលេខត្រឹមត្រូវ៕
Tag:
អាមេរិក
ចិន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com